• 2023-02-24 04:59:49
  • ព័ត៌មាន

ឯកឧត្តម ថោង ខុន អំពាវនាវ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​រួម​ស្មារតី​លើក​ស្ទួយ​ព្រឹត្តិការណ៍​ស៊ីហ្គេម ២០២៣

  • 2023-02-24 04:59:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​រាជរដ្ឋាភិបាល​បាន និង​កំពុង​ដុត​ដៃដុតជើង​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ដែល​នឹង​មក​ដល់​នៅ​ក្នុង​ខែ​ឧសភា​ខាង​មុខ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការ​ជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បាន​ស្នើ​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​​ខ្មែរ​ចូល​រួម​ស្មារតី​ជាមួយ​រាជរដ្ឋាភិបាល​លើក​ស្ទួយព្រឹត្តិការណ៍​កីឡា​ជា​ប្រវត្តិសាស្ត្រ​នេះ។

គិត​ត្រឹម​ថ្ងៃ​នេះ នៅ​សល់​រយៈ​ពេល​តែ ៧០ថ្ងៃ​ទៀត​ប៉ុណ្ណោះ​សម្រាប់​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី ៣២ ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​ទី ៥ ឧសភា ២០២៣​ខាង​មុខ។ ក្នុង​អំឡុង​ពេល​នេះ តាម ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអគ្នេយ៍ លើកទី៣២ កម្ពុជា​ត្រៀម​រួចរាល់​ដើម្បី​ធានា​ថា ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​នេះ ទាំង​សណ្ដាប់ធ្នាប់ ចរាចរណ៍ បដិសណ្ឋារកិច្ច រួម​ទាំង​ម្ហូបអាហារ​សម្រាប់កីឡាករ និង​ប្រតិភូ​កីឡា​មក​ពី​ប្រទេស​នានា​ជាដើម។

ចំណុច​នេះ ក៏​ឆ្លើយ​តប​ទៅ​នឹង​កង្វល់​របស់​ប្រទេស​អ៊ីស្លាម​មួយ​ដែល​ព្រួយ​បារម្ភ​ពី​ម្ហូប​អាហារ​ដែល​ពួក​គេ​អាច​ទទួល​ទាន​បាន។ ឯកឧត្តម​អគ្គលេខាធិកា ថ្លែង​ថា កម្ពុជា​បាន​គិត​គូរ និង​រៀប​ចំ​រួចស្រេច​ហើយ​សម្រាប់ ហាឡាល់(ប្រភេទ​អាហារ​សម្រាប់​អ៊ីស្លាម) និង​ធានា​ពី​ស្ដង់ដារ​គុណភាព​ជូន​ថែម​ទៀត។ ឯកឧត្តម ថ្លែង​ថា កម្ពុជា​នឹង​រៀប​ចំ​ព្រឹត្តិការណ៍​នេះ​ធ្វើ​ឲ្យ​បាន​ល្អ ហើយ​ចំណាយ​ថវិកា​តិច​ជាង​បណ្ដា​ប្រទេស​ក្នុង​តំបន់អាស៊ាន​ដែល​បាន​រៀប​ចំ​រួច​ហើយ​ថែម​ទៀត។

កម្ពុជា ត្រៀម​នឹង​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ក្នុង​វិស័យ​កីឡា ដោយ​ការ​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី​១​ក្រោយ​រយៈ​ពេល ៦០ឆ្នាំ​នៃ​ការ​បង្កើត​ព្រឹត្តិការណ៍​កីឡា​នេះ ក្នុង​នោះ​កញ្ចប់​ថវិកា​ប្រមាណ​ជា ១២០លានដុល្លារ ត្រៀម​សម្រាប់​រៀប​ចំ។ ព្រឹត្តិការណ៍​នេះ ក៏​ត្រៀម​កម្លាំង​ពលកម្ម​ប្រមាណ ១ម៉ឺន​នាក់​ផង​ដែរ ដែល​ក្នុង​នោះ​មាន​មន្ត្រី​ចាត់​តាំង និង​អ្នក​ស្ម័គ្រ​ចិត្ត។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការ​ជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅ​ក្នុង​ថ្ងៃ​សន្នីសីទសារព័ត៌មាន​ស្ដី​ពី​វឌ្ឍនភាព​នៃការ​ត្រៀម SEA GAMES-ASEAN Para Games 2023ម្សិលមិញ​នៅ NOCCរៀប​ចំ​ដោយ​ក្លឹប​អ្នក​កាសែត​កម្ពុជា បាន​កោត​សរសើរ​ចំពោះ​ការ​ចូល​រួម​របស់​អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​អស់ ដែល​ចង់​រួម​ចំណែក​ធ្វើ​កិច្ចការ​នេះ​លើក​មុខ​មាត់​របស់​កម្ពុជា។ ជា​មួយ​គ្នា ឯកឧត្តម ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​ចូល​រួម​បំផុស​ស្មារតី​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នេះ​ដែរ។

ឯកឧត្តម ថ្លែង​ថា "ស្នើ​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ចូល​រួម​ជួយ​ទាំង​អស់​គ្នា តើ​ជួយ​យ៉ាង​ម៉េច គឺ​ជួយ​និយាយ​ពាក្យ​សំដី​ទន់ភ្លន់ គួរ​សម​ជាមួយ​ភ្ញៀវ​ទេសចរ ជួយ​ធ្វើ​អនាម័យ​ឲ្យ​ប្រទេស​យើង​ស្អាត​ទាំង​អស់​គ្នា!”។

ឯកឧត្តម រដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​ទៀត​ថា ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ជា​ព្រឹត្តិការណ៍​ធំ និង​មាន​សារសំខាន់​សម្រាប់​កម្ពុជា ដែល​មាន​ឥទ្ធិពល​សម្រាប់​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​ដល់​សង្គម ក៏​ដូច​ជា​ទេសចរណ៍។ ឯកឧត្តម បាន​លើក​ឧទាហរណ៍​ពីប្រទេសឡាវ​ថា ទីក្រុង​វៀងច័ន្ទ​ប្រជាពលរដ្ឋ​មិន​និយម​ប្រើ​អំពូល​ភ្លើង​លើស​ពី​១​ក្នុង​១ផ្ទះ បើ​ទោះ​តម្លៃ​អគ្គីសនី​ឡាវ​មាន​តម្លៃ​ទាប​ក៏​ដោយ ប៉ុន្តែ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គម​មក​ដល់ ក្រោម​ការ​ជំរុញ​ពី​រដ្ឋាភិបាល​ឡាវ ប្រជាពលរដ្ឋ​ឡាវ​បាន​ប្រើប្រាស់​អំពូល​ច្រើន ធ្វើ​ឲ្យ​ទីក្រុង​វៀងច័ន្ទ​ដែល​ធ្លាប់​តែ​ងងឹត​ខ្វះ​ពន្លឺ មក​ជា​ទី​ក្រុង​មួយ​ភ្លឺ​ស្រាប់​ស្អាត​ដល់​បច្ចុប្បន្ន។

ករណី​ពី​ប្រទេស​ភូមា​វិញ​ម្ដង ភូមា ដើម​ឡើយ​ជា​ប្រទេស​ដែល​ពោរពាស​ដោយ​ទឹកមាត់​ស្លា​ម្លូ​នៅ​ទី​សាធារណៈ ប៉ុន្តែ​ដើម្បី​ត្រៀម​សម្រាប់​​ស៊ីហ្គេម រដ្ឋាភិបាល​ភូមា បាន​ពន្យល់ និង​លើក​ទឹក​ចិត្ត​ឲ្យ​បញ្ឈប់​ទម្លាប់​នោះ ចុង​ក្រោយ ភូមា​ក៏​ក្លាយ​ជា​ប្រទេស​ដែល​លែង​មាន​ទឹកមាត់​ស្លា​ម្លូ ល្អ​ស្អាត​មក​ដល់​ពេល​នេះ​ដូច​គ្នា។

សម្រាប់​កម្ពុជា ក៏​ដូច​គ្នា ឯកឧត្តម​រដ្ឋមន្ត្រី ស្នើ​ប្រជាពលដ្ឋ​ចូល​រួម​បង្កើត​គំរូ​ល្អ​ជួយ​ជ្រោង​កម្ពុជា​ក្នុង​ព្រឹតិ្តការណ៍​នេះ ព្រោះ​ថា គិត​ត្រឹម​ពេល​នេះ មាន​កែវភ្នែក​រាប់​លាន​គូ​​ជុំវិញ​ពិភព​លោក កំពុង​ចាំ​មើល​សព្វ​យ៉ាង​ពី​កម្ពុជា៕

អត្ថបទ៖ ទារិកា

មតិយោបល់