• 2023-03-02 04:22:19
  • ព័ត៌មាន

ហេតុផលជាច្រើនរបស់អ្នកបំផ្លាញធនធានធម្មជាតិ អត់ចូលត្រចៀក តាន់ គឹមសួរ ទើបលោកទប់មាត់លែងបាន

  • 2023-03-02 04:22:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅមុនប៉ុន្មានម៉ោង នៃការចេញលិខិតសុំកិច្ចសហការជាមួយមន្ដ្រីជំនាញ ដើម្បីចុះបង្ក្រាបបទល្មើសព្រៃឈើឲ្យមានប្រសិទ្ធភាព ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ លោក តាន់ គឹមសួរ បានបញ្ចេញសារដ៏ភ្ញាក់ផ្អើលមួយ ដោយលោកបង្ហាញពីការអស់សង្ឃឹម ហើយចង់ទម្លាក់ដៃចោលពីកិច្ចការពារធនធានធម្មជាតិក្នុងប្រទេសកម្ពុជា។

លោក តាន់ គឹមសួរ ដែលគេស្គាល់ច្បាស់តាមរយៈសកម្មភាពមនុស្សធម៌ និងចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារធនធានធម្មជាតិ បានប្រើគណនីហ្វេសប៊ុករបស់ខ្លួន និយាយចំៗរឿងកាប់បំផ្លាញព្រៃឈើថា អាធំបំផ្លាញតាមបែបអាធំ អាតូចបំផ្លាញតាមបែបអាតូច ហើយលើកហេតុផលមិនចេះចប់តែរៀងៗខ្លួន។

លោក តាន់ គឹមសួរ៖ “អាធំបំផ្លាញបែបអាធំទៅ…លើកហេតុផលអភិវឌ្ឍនេះអភិវឌ្ឍនោះ។ អាតូចបំផ្លាញបែបអាតូចទៅ…លើកហេតុផលទីទាល់ក្រ មិនដឹងធ្វើស្អី គ្មានជម្រើស ជំពាក់លុយធនាគារ ជំពាក់ម្ដងរាប់ម៉ឺនដុល្លារ។ បើជ្រុលតែបែបនេះហើយ បណ្ដោយឲ្យវិនាសខ្ទេចខ្ទីតែម្ដងទៅ មិនបាច់ហត់ពិបាកខ្វល់ខ្វាយ”។

ដោយនិយាយមិនស្ដាប់គ្នា បទល្មើសនៅតែកើតមាន ខឹងពេកគ្នា មាត់ចេះតែថា តែសកម្មភាព និងបេះដូងរបស់យុវជន តាន់ គឹមសួរ នៅតែស្រឡាញ់ធនធានធម្មជាតិ។ ផ្ទុះកំហឹងតាមបណ្ដាញសង្គមបានតែប៉ុន្មានម៉ោង គឺនៅថ្ងៃទី១ ខែមីនា លោកក៏ធ្វើលិខិតសុំអន្ដរាគមន៍មួយដាក់ជូនប្រធានមន្ទីរបរិស្ថានខេត្ដកំពង់ស្ពឺ ដើម្បីចុះបង្ក្រាបបទល្មើស។

តាមរយៈលិខិតជូនប្រធានមន្ទីរបរិស្ថានខេត្ដកំពង់ស្ពឺ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ដែលមានចុះហត្ថលេខាដោយលោក តាន់ គឹមសួរ ក្នុងនាមជាប្រធានក្រុមយុវជនស្ម័គ្រចិត្ដជួយសង្គម ឲ្យដឹងថា ក្រុមយុវជនសង្កេតឃើញមានពលរដ្ឋមួយចំនួន លួចចូលធ្វើឡដុតធ្យូង អារឈើ បោះបង្គោល ហ៊ុំព័ទ្ធយកដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត។

ដោយសង្កេតឃើញបទល្មើសទាំងនេះកើតមានច្រើនក្នុងដែនជម្រក សត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅភូមិសាស្ដ្រភូមិស្រែកិន ឃុំត្រពាំងជោរ ទើបលោក តាន់ គឹមសួរ សុំកម្លាំងមន្ដ្រីជំនាញបរិស្ថាន ដើម្បីចុះបង្ក្រាបបទល្មើសរួមគ្នាជាមួយក្រុមរបស់លោកដែលមានគ្នាតិច មិនអាចគ្រប់គ្រងការចុះល្បាតគ្រប់ជ្រុងជ្រោយ ក្នុងដែនជម្រកដែលមានផ្ទៃដីធំធេង៕

ជិន សុភ័ក្ដ្រ

មតិយោបល់