• 2023-06-30 08:29:21
  • សេដ្ឋកិច្ច

សម្រាប់អ្នកចូលចិត្តថតរូបត្រូវម៉ាច់! ទៅតែមួយកន្លែង ប្រមូលផ្តុំដោយហាងកាហ្វេច្រើន បរិយាកាសអ៊ែមខ្លាំង

  • 2023-06-30 08:29:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសវៀតណាម ត្រូវបានគេស្គាល់ថាជាប្រទេសមួយ ដែលមានប្រជាជននិយមទទួលទានកាហ្វេ ទាំងវ័យចាស់ និង វ័យក្មេង ដែលធ្វើឱ្យប្រ៊េនកាហ្វេល្បីៗលំដាប់ពិភពលោកពិបាកឈរជើងនៅក្នុងប្រទេសមួយនេះណាស់។

ចំណែកនៅក្នុងទីក្រុង ហូជីមិញ វិញគេសង្កេតឃើញមានអគារអាផាតមិនមួយ ដែលអគារទាំងមូលត្រូវបានគេកែប្រែទៅជាហាងកាហ្វេគ្រប់ជាន់ទាំងអស់តែម្តង។ អាផាតមិនកាហ្វេ មានជាន់សរុបទាំងអស់ចំនួន ៩ជាន់ ដែលវាបានក្លាយជាទីតាំងមួយទាក់ទាញភ្ញៀវទេសចរជាច្រើន។ តាមប្រវត្តិរបស់អគារមួយនេះបានសាងសង់កាលពីជាង ៦០ឆ្នាំមុនមកម្ល៉េះ ដោយតាមប្រភពខ្លះបានឱ្យដឹងថាអគារនេះថែមទាំងជាទីតាំងស្នាក់នៅរបស់មន្រ្តីអាមេរិក ក្នុងអំឡុងឆ្នាំ១៩៥០។

ម្ចាស់របស់អគារមួយនេះ បានធ្វើការជួលទៅឱ្យអ្នកម្ចាស់អាជីវកម្មខ្នាតតូច។ ម្ចាស់អាជីកម្មខ្នាតតូច ដែលបានជួលអគារអាផាតមិននេះ ភាគច្រើនបានបើកជាហាងកាហ្វេ ហាងតែ ហាងលក់គ្រឿងហ្វាសសិន ហាងលក់គ្រឿងលម្អសម្រស់ និង ទីធ្លាសម្រាប់ការិយាល័យធ្វើការ។ គេសង្កេតឃើញថាអគារទាំងមូលមើលទៅមានភាពស្រស់ស្អាត និង ទាក់ទាញដោយនៅវេរ៉ង់ដាខាងមុខមានការតុបតែងលម្អទាក់ភ្នែក និង ពេលយប់មានភ្លើងចែងចាំងចម្រុះគ្រប់ពណ៌ កាន់តែធ្វើឱ្យអគារមួយនេះកាន់តែទាក់ទាញថែមមួយកម្រិតទៀត។

អ្នកដែលបានទៅទស្សនានិងភ្លក់រសជាតិកាហ្វេនៅ Cafe Apartment Saigon បាននិយាយថានេះជាគំនិតច្នៃប្រឌិតមួយទាក់ទងនិងអាជីវកម្ម ដែលអាចទាក់ទាញភ្ញៀវទេសចរឱ្យមកទីនេះបាន។ ប្រភពខាងលើបន្តថា គ្រប់ជាន់ទាំងអស់មានការរចនានិងតុបតែងខុសៗគ្នា សុទ្ធសឹតតែមានភាពទាក់ទាញនិងគួរឱ្យចាប់អារម្មណ៍ ដែលអគារអាផាតមិនមួយនេះ បានក្លាយជាកន្លែងមួយសម្រាប់ការបើកជាអាជីកម្មហាងកាហ្វេ និង ជាកន្លែងសម្រាប់អ្នកដែលនិយមចូលចិត្តផឹកកាហ្វេ គឺទៅតែមួយកន្លែងប្រមូលផ្តុំដោយហាងកាហ្វេជាច្រើនហាងតែម្តង៕

អត្ថបទ ៖ សង្ហា

មតិយោបល់