• 2023-07-10 06:49:16
  • ព័ត៌មាន

ក្រសួង​មហាផ្ទៃ​បង្គាប់​ឲ្យ​ផ្អាក ដក​ហូត​អាជ្ញាប័ណ្ណ ចំពោះ​ប្រតិបត្តិករ​កម្ចី ដែល​ល្មើសហ៊ាន​​យក​អត្តសញ្ញាណប័ណ្ណ​ប្រជាពលរដ្ឋ​ជា​ទ្រព្យ​បញ្ចាំ!

  • 2023-07-10 06:49:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ជូន​ដំណឹង​របស់​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ស្ថាប័ន​កម្ចី​ទាំង​អស់ ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ​ នឹង​ត្រូវ​ដក​ហូត​អាជ្ញាប័ណ្ណ​លែង​ឲ្យ​ធ្វើ​អាជីវកម្ម និងផ្អាក​អាជីវកម្ម ​ប្រសិន​បើ​រក​ឃើញ​ល្មើស​នឹង​បំរាម​យក​អត្តសញ្ញាណប័ណ្ណ​របស់​ប្រជាពលរដ្ឋ​ធ្វើ​ជា​ទ្រព្យ​បញ្ចាំ​ស្នើ​សុំ​កម្ចី។

កន្លង​មក ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា កន្លងមកក៏ដូចជាពេលបច្ចុប្បន្នមានប្រជាពលរដ្ឋមួយចំនួនបាន យកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅដាក់បញ្ចាំ សម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចី ជាមួយគ្រឹះស្ថាន ហិរញ្ញវត្ថុ ជាពិសេសប្រតិបត្តិករកម្ចីជនបទទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ កន្លែងទទួលបញ្ចាំ ឬជាមួយហាង លក់ទំនិញប្រើប្រាស់នានា ដែលបានអនុវត្តមិនត្រឹមត្រូវតាមក្រមរដ្ឋប្បវេណី បទប្បញ្ញតិនានា និងការណែនាំ របស់ធនាគារជាតិនៃកម្ពុជា។

តាម​ខ្លឹមសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជាឯកសារផ្លូវការមួយសម្រាប់បញ្ជាក់អំពីអត្តសញ្ញាណបុគ្គលម្នាក់ៗ ដែលមានសញ្ញាតិខ្មែរ ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋខ្មែរសម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការស្នើសុំសេវានានា ក៏ដូចជាការអនុវត្តសិទ្ធ និងកាតព្វកិច្ចជាពលរដ្ឋខ្មែរ។ ការយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុកជាវត្ថុបញ្ចាំ សម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចី គឺជាឧបសគ្គដែលធ្វើឱ្យប្រជាពលរដ្ឋរូបនោះមិនអាចប្រើប្រាស់នូវ សិទ្ធិស្នើសុំការផ្តល់សេវាផ្សេងៗស្របតាមច្បាប់ ដើម្បីទទួលអត្ថប្រយោជន៍ពីសេវាទាំងនោះ។

ដូច្នេះ ក្នុងគោលដៅធានាដល់ការអនុវត្តសិទ្ធិ និងផលប្រយោជន៍នានាជូនប្រជាពលរដ្ឋខ្មែរ ជាពិសេសការ ប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់យកទៅប្រើប្រាស់ក្នុងការ​បោះ​ឆ្នោត ក្រសួងមហាផ្ទៃ សូម​ក្រើន​រំលឹក​ទៅ​ដល់​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់​ក្នុង​នោះ ចំណុច​ទី ៤ និង​ទី ៥ ក្នុង​ចំណោម ៦ចំណុចនៃ​ការ​ជូន​ដំណឹង គឺ​បង្គាប់​ឲ្យ​ដកហូត​អាជ្ញាប័ណ្ណ​លែង​ឲ្យ​ធ្វើ​អាជីវកម្ម​បន្ត​ទៀត​សម្រាប់​ស្ថាប័ន​កម្ចី​ក្នុង​ប្រព័ន្ធ និង​ប្រតិបត្តិករ​កម្ចី​ក្រៅ​ប្រព័ន្ធ គឺ​ត្រូវ​ផ្អាក​អាជីវកម្ម ប្រសិន​បើ​រក​ឃើញ​ស្ថាប័ន​កម្ចី​ទាំង​ឡាយ​ណា នៅ​តែល្មើស​នឹងលិខិតលេខ ធ៧ ០២៣ ១២២ ស.ជ.ណ ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ធនាគារ ជាតិនៃកម្ពុជា ស្តីពីការហាមឃាត់ទទួលយកអត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅ ស្នាក់នៅសម្រាប់ការធានាលើការផ្តល់ឥណទាន។

សូម​អានលម្អិត​សេចក្ដី​ជូន​ដំណឹង​ខាង​ក្រោម៖

អត្ថបទ៖ ទារិកា

មតិយោបល់