- 2023-08-18 03:25:06
- ព័ត៌មាន
មិនធម្មតាផលិតផលខ្មែរមួយនេះ ឆ្នៃផ្លែឈើខ្មែរនាំចេញទៅជប៉ុន!
- 2023-08-18 03:25:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតាផលិតផលខ្មែរមួយនេះ ឆ្នៃផ្លែឈើខ្មែរនាំចេញទៅជប៉ុន!
ចន្លោះមិនឃើញ
ជារឿងគួរឲ្យត្រេកអរ ខណៈផលិតផលខ្មែរសុទ្ធសាធមួយប្រភេទ ផលិតក្រោមពាណិជ្ជនាម "មិសុតា" កំពុងមានតម្រូវការកើនឡើង ក្នុងនោះសង្វាក់ផលិតកម្ម មានសមត្ថភាពកែច្នៃផ្លែឈើស្រស់ ១០ តោន ក្នុង ១ថ្ងៃ សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុកនិងនាំចេញទៅបរទេសថែមទៀត។
តាមលោក អុល តុលា COO របស់ មិសុតា បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នភាព រោងចក្រ មិសុតា មានផ្គត់ផ្គង់ផលិតផលប្រភេទផ្លែឈើសម្ងួត ផលិតផលជាច្រើនប្រភេទ ក្នុងនោះមានដូចជា៖ ១.ផ្លែឈើសម្ងួតធម្មជាតិ Oja (ស្វាយ ម្នាស់ ចេក) ២.តំណាប់ផ្លែឈើ Misota (ស្វាយ ម្នាស់ ក្រូចពោធិ៍សាត់) ៣.ផ្លែឈើស្រោបដោយជាតិសូកូឡា Misota ៤.ផ្លែឈើសម្ងួតចម្រុះ Green charm និង ៥.សុរា Jatoro។
ផលិតផលទាំងនេះ សុទ្ធជាផលិតផលកែច្នៃពីផ្លែឈើ ក៏ដូចជាកសិផលក្នុងស្រុក ១០០% ។ លោកថា "មិសុតា នៅមានអាយុកាល ក្មេងខ្ចី នៅឡើយ ពោលគឺទើបតែដំណើរការបានសម្រាប់ពាណិជ្ជកម្ម ក្រោយពេលកូវីដបានធូរស្បើយ ប៉ុណ្ណោះ ប៉ុន្តែមានសន្ទុះរីកចម្រើនគួរឲ្យកត់សំគាល់"។
ទោះបីជាមានការលំបាកយ៉ាងណាក្តី លោកអះអាងថា អតិថិជនខ្មែរ ជប៉ុន និងបរទេសជាច្រើនកំពុងគាំទ្រ និងផ្តល់ការទុកចិត្តលើផលិតផលរបស់ មិសុតា។ ស្របជាមួយកំណើនពេញនិយមនេះ មិសុតា ព្យាយាមពង្រីកខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនដើម្បីទី១ ឆ្លើយតបតម្រូវការទីផ្សារ និងទី២ ជួយសម្រាលទុក្ខលំបាករបស់កសិករខ្មែរឲ្យបានកាន់តែប្រសើរ បង្កើតការងារជូនពលរដ្ឋ ផ្តល់ជូនអតិថិជននូវផលិតផលអាហារមានជីវជាតិ និងគុណភាពល្អសម្រាប់សុខភាព លើកស្ទួយកិត្តិនាមផលិតផលខ្មែរលើឆាកអន្តរជាតិ និងចូលរួមចំណែកកសាងសេដ្ឋកិច្ចសង្គមកម្ពុជា។
មិសុតា ជារោងចក្រ កែច្នៃផ្លែឈើស្រស់ និងកសិផលដែលប្រមូលពីចំការនានារបស់កសិករខ្មែរដូចជា ស្វាយ ម្នាស់ ចេក ស្រការនាគ ផ្កាម្ជូរល្មម និងទឹកឃ្មុំ ដើម្បីបង្កើតជាផលិតផលដែលមានគុណតំលៃល្អសម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញទៅលក់នៅបរទេស។
លោក អុល តុលា លើកឡើងថា នៅរដូវប្រមូលផល មិសុតា មើលឃើញថា ផ្លែឈើស្រស់ដែលកសិករខ្មែរធ្វើបានមានបរិមាណសំបូរហូរហៀរ ហើយផ្លែឈើទាំងនោះពិបាករក្សាទុកបានយូរ ត្រូវការប្រញាប់លក់ចេញបន្ទាន់។ ប្រសិនបើលក់មិនទាន់ វាជាការខាតបង់មួយដ៏ធំ។ ហេតុដូច្នេះហើយបានជា មិសុតា ព្យាយាមតាមលទ្ធភាពដែលខ្លួនមានប្រមូលទិញ និងប្រើប្រាស់ផ្លែឈើក្នុងស្រុកជាវត្ថុធាតុដើមដើម្បីផលិតជាផ្លែឈើសម្ងួតធម្មជាតិ តំណាប់ផ្លែឈើ តែសុខភាព និងភេសជ្ជៈ ដោយអនុលោមតាមស្តង់ដារអន្តរជាតិផ្នែកសុវត្ថិភាពអាហារនិងគុណភាព (HACCP, Halal, ISO 9001: 2015, ISO 22000: 2018)។
បច្ចុប្បន្ន រោងចក្រ មិសុតា មានទីតាំងនៅទីរួមខេត្តបាត់ដំបង បំពាក់ដោយឧបករណ៍សំភារៈដែលមានស្តង់ដារអនាម័យ និងមានក្រុមការងារទាំងអស់ជាជនជាតិខ្មែរដែលបានឆ្លងកាត់ការអប់រំនិងវគ្គបណ្តុះបណ្តាលគ្រប់ជំនាញ ទាំងបច្ចេកវិទ្យាកែច្នៃអាហារ ប្រព័ន្ធគ្រប់គ្រងគុណភាព និងជំនាញធុរកិច្ចផ្សេងៗពីសាកលវិទ្យាល័យនិងស្ថាប័នក្នុងប្រទេសកម្ពុជា បារាំង បែលហ្សិក ជប៉ុន និង ថៃ។
ទន្ទឹមគ្នានេះ ស្របតាមតម្រូវការ មិសុតា រៀបចំជាវគ្គបណ្តុះបណ្តាលដល់កសិករ អ្នកផ្គត់ផ្គង់ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ នៅក្នុងរោងចក្រនិងនៅតាមកម្មវិធីដែលឧបត្ថម្ភដោយក្រសួងនិងស្ថាប័នដៃគូអភិវឌ្ឍន៍ជាច្រើនដូចជា USAID, GIZ, CapRed និង CJBI៕