
- 2023-09-01 03:35:00
- ព័ត៌មាន
មកស្គាល់! ព្រះគណេសជាទេពនៅក្នុងរឿងទេវកថា ក្នុងទម្រង់ខ្លួនមនុស្ស និងព្រះសិរជាសត្វ
- 2023-09-01 03:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់! ព្រះគណេសជាទេពនៅក្នុងរឿងទេវកថា ក្នុងទម្រង់ខ្លួនមនុស្ស និងព្រះសិរជាសត្វ
ចន្លោះមិនឃើញ
ព្រះគណេសជាទេពនៅក្នុងរឿងទេវកថារបស់ព្រាហ្មណ៍សាសនា ដែលបង្ហាញព្រះអង្គក្នុងទម្រង់ខ្លួនមនុស្ស និងព្រះសិរជាសត្វដំរី មានសត្វកណ្ដុរជាយានជំនិះ។ ព្រះអង្គជាបុត្រារបស់ព្រះឥសូរ និងព្រះនាងបរវតី។ ព្រះអង្គជាទេពតំណាងឲ្យចំណេះដឹង និងបញ្ជៀសឧបសគ្គផ្សេងៗ ក្នុងនាមជាអាទិទេពកំចាត់ឧបសគ្គ តែក៏អាចបង្កើតឧបសគ្គបានដូចគ្នា។ តាមរយៈសិលាចារឹកព្រះអង្គមានឈ្មោះជាច្រើនដូចជា៖ គនីស្វរ គណបតី ស្រីគណបតិ មហាគណបតិ វិឃនេស ឃ្នាបតិ វិឃេ្នស្វរ វិនាយក។ល។ ព្រាហ្មណ៍សាសនិកគោរពនិងផ្តល់កិត្តិយសដល់ព្រះគណេសគ្រប់កម្មវិធីទាំងអស់ដូចជា ពេលផ្តើមការងារផ្សេងៗ ធ្វើដំណើរ សាងសង់ផ្ទះ សរសេរសៀវភៅជាដើម។
រឿងទេវកថាជាច្រើនដំណាលនិយាយពីកំណើតព្រះគណេស។ ក្នុងគម្ពីរសិវបុរាណ គ្រាមួយមហេសីរបស់ព្រះឥសូរ ព្រះនាងបរវតីបានបង្កើតបុត្រាមួយអង្គពីក្អែលព្រះកាយរបស់ព្រះនាងដោយដាក់ព្រះនាមថា “វិឃ្នេស្វរ” ហើយឲ្យយាមច្រកចូលព្រះដំណាក់។ នៅពេលព្រះឥសូរយាងមក វិឃ្នេស្វរបានរារាំងដំណើរផ្លូវធ្វើឲ្យព្រះអង្គក្រេវក្រោធយ៉ាងខ្លាំង ក៏កើតជាជម្លោះ ហើយបានកាត់ដាច់ព្រះសិររបស់វិឃ្នេស្វរ ដោយពុំដឹងថាជាបុត្រារបស់ខ្លួន។ ក្រោយបានជ្រាបដំណឹងនេះ ព្រះនាងបរវតីកើតទុក្ខយ៉ាងខ្លាំង។ ដោយមើលឃើញបែបនេះ ព្រះឥសូរបានបញ្ជាឲ្យកងទ័ពដើរស្វែងរកក្បាលមនុស្សឬសត្វ ដែលពួកគេជួបប្រទះមុនគេបង្អស់ បន្ទាប់មកពួកគេបានជួបសត្វដំរីមុនគេ ក៏កាត់យកក្បាលដំរីនោះទៅប្រគល់ឲ្យព្រះឥសូរ ដើម្បីភ្ជាប់ទៅលើដងខ្លួនរបស់វិឃ្នេស្វរវិញ។ ហេតុនេះទើបវិឃ្នេស្វរក្លាយទៅជា គជនន (ដំរី) ហៅថាព្រះគណេសតាំងពីពេលនោះមក។
ជនជាតិខ្មែរបង្ហាញព្រះគណេសមានព្រះហស្តពីរ (សម័យមុនអង្គរ) និងព្រះហស្តបួន (សម័យអង្គរ) ទ្រង់កាន់ ចានមូល (សម្រាប់ដាក់ថ្នាំ) ផ្កាឈូក (តំណាងចំណេះដឹង)។ល។ សិល្បៈសម័យមុនអង្គរ (ស.វ.ទី៦-៨) មានលក្ខណៈសាមញ្ញ ស្លៀកសំពត់ខ្លី ពុំមានគ្រឿងអលង្ការ ចំណែកព្រះសិរលឹបចូលទៅក្នុងស្មាទាំងពីរ ដែលភាគច្រើនជាចម្លាក់ទោលធ្វើពីថ្មភក់។ រីឯសិល្បៈសម័យអង្គរ (ស.វ.ទី៩-១៤) ព្រះគណេសបង្ហាញលក្ខណៈជាមនុស្សច្បាស់ជាងមុន ឃើញកញ្ចឹងកធ្វើឲ្យព្រះសិរនិងស្មាឃ្លាតពីគ្នា ភាគច្រើនធ្វើអំពីសំរឹទ្ធ។ ព្រះសិរមានទ្រង់គ្រឿង ម្កុដ ក្បាំង ព្រមទាំងមានពាក់ខ្សែពិសិដ្ឋរូបពស់មានសំណកបី និងមួយចំនួនទៀតធ្វើពីថ្មភក់ ជាក់ស្តែងព្រះគណេសមកពីប្រាសាទបាក់ តំបន់ប្រាសាទកោះកេរ ដែលមានទំហំធំជាងគេប្រមាណជា ៣តោន។ ចំណែកសិល្បៈសម័យក្រោយអង្គរ ភាគច្រើនចម្លាក់ក្រឡោតទាបនៅលើចេតិយ ក្លោងទ្វារ បង្អួចបញ្ឆោតនៃព្រះវិហារ ៕
ប្រភព៖ សារមន្ទីរជាតិកម្ពុជា