- 2023-09-26 07:18:38
- ព័ត៌មាន
ទូតជប៉ុន៖ រឿង"No More Bets” មិនប៉ះពាល់ខ្លាំងដល់ទេសចរ តែកម្ពុជាត្រូវកែលម្អរចំណុចខ្លះ ដើម្បីវិស័យទេសចរ
- 2023-09-26 07:18:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូតជប៉ុន៖ រឿង"No More Bets” មិនប៉ះពាល់ខ្លាំងដល់ទេសចរ តែកម្ពុជាត្រូវកែលម្អរចំណុចខ្លះ ដើម្បីវិស័យទេសចរ
ចន្លោះមិនឃើញ
និយាយតែចំពោះភ្ញៀវទេសចរជប៉ុន ឯអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា លោក UENO ATSUSHI ថា ការចាក់បញ្ចាំខ្សែភាពយន្ដរឿង “សូមបញ្ឈប់ការភ្នាល់បន្ដទៀត” ឬ No More Bets របស់ចិនដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរចិន និងបណ្ដាប្រទេសមួយចំនួនដែលមានបំណងមកលេងកម្ពុជា មានការភ័យខ្លាចនោះដោយសារឧក្រិដ្ឋកម្មជួញដូរមនុស្សនោះ គឺភ្ញៀវទេសចរជប៉ុនពុំមានអារម្មណ៍បែបនេះឡើយ ហើយម្យ៉ាងរឿងបែបនេះ មិនត្រូវបានអនុញ្ញាតឲ្យចាក់បញ្ចាំង ឬចែករំលែកទូលំទូលាយឡើយនៅជប៉ុន។
នៅគ្រាដែលប្រទេសជិតខាងកម្ពុជា កំពុងស្រូបយកភ្ញៀវទេសចរអន្ដរជាតិ សម្រាប់កម្ពុជាត្រូវបានគេមើលឃើញថាទាញបានចំនួនភ្ញៀវទេសចរតិចជាងគេ ជាពិសេសបើប្រៀធៀបនឹងប្រទេសវៀតណាម និងថៃ។ តាមរយៈវេទិការតុមូលរវាងអ្នកសារព័ត៌មានកម្ពុជា ជាមួយឯកអគ្គរដ្ឋទូតជប៉ុន ដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នេះ លោក UENO ATSUSHI បានផ្ដល់អនុសាសន៍ថា ដើម្បីកំណើនភ្ញៀវទេសចរ កម្ពុជាត្រូវកែលម្អរចំណុចខ្វះខាតខ្លះទៀត និងអនុវត្ដឲ្យមានលទ្ធផលជាក់ស្ដែង។
លោក UENO ATSUSHI ៖ “យើងចូលរួមអបអរសាទរជាមួយប្រជាជនកម្ពុជា ដែលប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្ដិបេតិកភណ្ឌពិភពលោក ធ្វើឲ្យពិភពលោកសម្លឹងមើលគោលដៅទេសចរមកកាន់កាន់កម្ពុជាកាន់តែច្រើន ទន្ទឹមនឹងកម្ពុជាក៏មានធនធានទេសចរជាច្រើនដែរ។ ប៉ុន្ដែអ្វីដែលយើងត្រូវកែលម្អរនោះ ប្រព័ន្ធធ្វើដំណើរ សេវាស្នាក់នៅ និងហូបចុកនៅកន្លែងកម្សាន្ដផ្ទាល់នោះតែម្ដង គឺថាយើងមិនទាន់បំពេញបានទេ”។
ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជារូបនេះ រំលឹកថា រូបលោកផ្ទាល់ ធ្លាប់ទៅទស្សនាប្រាសាទព្រះវិហារ ដោយប្រើពេលវេលា និងលុយច្រើន សម្រាប់ការទៅទស្សនាមួយជើង ព្រោះនៅក្បែរនោះពុំមានសណ្ឋាគារ ភោជនីយដ្ឋាន ព្រមទាំងសេវាកម្មផ្សេងៗសមរម្យសម្រាប់ភ្ញៀវទេសចរទូទៅ។ លោកថា ពេលលោកទៅទស្សនាប្រាសាទនោះ គឺដំណើរផ្លូវវែងឆ្ងាយ ហើយត្រូវត្រឡប់មកទីប្រជុំជននៅក្រុងសៀមរាប ឬភ្នំពេញវិញ ទាំងកណ្ដាលយប់។ ក្រៅពីនេះលោកថា អាជ្ញាធរអាមើលលើកត្ដាសន្ដិសុខ និងសេវាកម្មបន្ទាប់បន្សំខ្លះទៀត។
បញ្ហាកំណើនភ្ញៀវទេសចរអន្ដរជាតិមកកាន់កម្ពុជានាពេលនេះ ក៏ត្រូវបានគេមើលឃើញថាមានមួយផ្នែកបណ្ដាលមកពីបរទេសមួយចំនួន ក្រឡេកមកកម្ពុជាក្នុងន័យអវិជ្ជមាន។ ជាក់ស្ដែងតាមរយៈខ្សែភាពយន្ដរឿង “NO MORE BETS” បានបង្ហាញថាកម្ពុជាមានជាប់ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មលាងលុយកខ្វក់ និងចាប់ជំរិត។
ឧស្សាហកម្មភាពយន្ដចិន បានកើបលុយខ្ទង់លានដុល្លារ ពីការចាក់បញ្ចាំងរឿង “សូមបញ្ឈប់ការភ្នាល់” ឬ NO MORE BETS កាលពីដើមខែសីហា ឆ្នាំ២០២៣។ ភាពយន្ដនេះបានធ្វើឲ្យភ្ញៀវទេសចរដែលបម្រុងនឹងមកលេងកម្ពុជា បែរជាភ័យខ្លាច ដោយនៅក្នុងខ្សែភាពយន្ដនោះបានបញ្ជាក់ថា សាច់រឿងត្រូវបានផលិតឡើងដោយផ្អែកលើករណីពិតជាង ១០០០០០ ករណី នៃអំពើជួញដូរមនុស្សនៅលើទឹកដីកម្ពុជា។
ទោះជាយ៉ាងណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ពុយ គា បើទោះបីជាមិនអាចជម្រះមន្ទិលរបស់មហាជនបាន ១០០% លើបញ្ហាវិស័យទេសចរនេះ ក៏ជាការបញ្ជាក់ដ៏សំខាន់មួយរបស់ប្រទេសជប៉ុនតាមរយៈឯកឧត្ដម UENO ATSUSHI ក្នុងការចូលរួមចំណែកចែករំលែកបទពិសោធន៍ និងការអភិវឌ្ឍន៍វិស័យទេសចរនៅកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងពិធីរំលឹកខួប ៧០ឆ្នាំ នៃចំណងមិត្ដភាពជប៉ុន និងកម្ពុជា ឆ្នាំ២០២៣ នេះ ក្លឹបអ្នកកាសែតកម្ពុជា បានរៀបចំកិច្ចពិភាក្សាតុមូលមួយរវាងអ្នកសារព័ត៌មានជាង ១០០នាក់ ជាមួយឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នៅសណ្ឋាគារ SUN &MOON រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងឱកាសនោះ វាគ្មិន និងអ្នកសារព័ត៌មានកម្ពុជា មិនត្រឹមតែបានជជែកគ្នាលើបញ្ហាទេសចរទេ បានលើកយកបញ្ហាជាច្រើនទៀតនៅកម្ពុជា ដើម្បីជជែកពិភាក្សា៕