• 2024-04-04 14:02:59
  • ព័ត៌មាន

ធនាគារ ABA បង្ហាញភាពល្អប្រសើរក្នុងការបង្កើនប្រាក់ចំណូល និងប្រាក់ចំណេញ ក្នុងឆ្នាំ២០២៣

  • 2024-04-04 14:02:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ABA បានឱ្យដឹងតាមរយៈរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនថ្មីៗនេះថា ក្នុងឆ្នាំ២០២៣ ប្រាក់ចំណេញរបស់ធនាគារ មានចំនួន ២៧៦,៤៨លានដុល្លារ កើនឡើង ៥ភាគរយពីឆ្នាំ២០២២ ដែលមានចំនួន ២៦២,២៧លានដុល្លារ។

របាយការណ៍របស់ធនាគារ ក៏បានឱ្យដឹងដែរថា ចំណូលពីការប្រាក់សុទ្ធកាលពីឆ្នាំមុន មានចំនួន ៥០៦,៥៣លានដុល្លារ ដែលកើនឡើងពីចំនួន ៤៧៩,២៥លានដុល្លារក្នុងឆ្នាំ២០២២។ ជាមួយគ្នានោះ ប្រាក់បញ្ញើនៅធនាគារបានកើនឡើងដល់ ៩ ពាន់លានដុល្លារពី ៧,២ ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលបង្ហាញពីការកើនឡើងនៃទំនុកចិត្តរបស់អតិថិជន។

ធនាគារ ABA បញ្ជាក់ថា ការកើនឡើងនៃចំណូលពីការប្រាក់សុទ្ធនេះ គឺដោយសារធនាគារបានបង្កើនផលបត្រប្រាក់កម្ចីរបស់ខ្លួនចំនួន ១,៣២ពាន់លានដុល្លារ ដល់ ៧,៧៧ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។ ជាមួយគ្នានេះ ធនាគារក៏បានប្រើប្រាស់ឧបករណ៍វិនិយោគផ្សេងទៀត ដែលរួមចំណែកដល់ចំណូលពីការប្រាក់នេះផងដែរ។

ធនាគារក៏បានមើលឃើញថា មូលបត្រវិនិយោគមានទឹកប្រាក់រហូតដល់៣៣៨ លានដុល្លារក្នុងឆ្នាំ២០២៣ ធៀបនឹង៣៤ លានដុល្លារក្នុងឆ្នាំ២០២២។ យ៉ាងណាមិញ ថ្លៃសេវា និងកម្រៃជើងសារបានធ្លាក់ចុះ៤ ភាគរយមកនៅត្រឹម៤២ លានដុល្លារ។ ប្រាក់ចំណូលពីប្រតិបត្តិការផ្សេងទៀតកើនឡើងទ្វេដងដល់ ១១,៤ លានដុល្លារពី ៥,៩ លានដុល្លារ។

ការចំណាយប្រតិបត្តិការរបស់ធនាគារបានកើនឡើង២៣ ភាគរយដល់៥១ លានដុល្លារ។ ធនាគារ ABA ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បាននិងកំពុងព្យាយាមពង្រីកវិសាលភាពរបស់ខ្លួននៅតាមតំបន់ជនបទ និងកំពុងរៀបចំយុទ្ធសាស្រ្តដើម្បីពង្រីកបណ្តាញសាខារបស់ខ្លួនបន្ថែមទៀតនៅទូទាំងប្រទេស។

ពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំនេះបានធ្លាក់ចុះដល់៧០ លានដុល្លារពី៧៦ លានដុល្លារកាលពីឆ្នាំមុន។ ធនាគារបានរាយការណ៍ពីប្រាក់ចំណេញមុនបង់ពន្ធចំនួន៣៤៧ លានដុល្លារក្នុងឆ្នាំ២០២៣ កើនឡើង ២,៥ ភាគរយពី៣៣៨ លានដុល្លារក្នុងឆ្នាំ២០២២។ ទន្ទឹមនេះ ធនាគារបានឃើញសមតុល្យរបស់ខ្លួនកើនឡើង២៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់៦៦០ លានដុល្លារពី៥២០លានដុល្លារ។

សូមជម្រាបថា ABA ដែលជាធនាគារពាណិជ្ជដ៏ធំបំផុតប្រចាំប្រទេស និងជាអ្នកផ្គត់ផ្គង់សេវាហិរញ្ញវត្ថុឌីជីថលឈានមុខគេ ត្រូវបានប្រសិទ្ធនាមជា "ធនាគារដ៏ឆ្នើមបំផុតនៅកម្ពុជា ប្រចាំឆ្នាំ 2024" ដោយទស្សនាវដ្តី Global Finance។ ធនាគារ ABA ត្រូវបានទស្សនាវដ្តីនេះទទួលស្គាល់ ចំពោះលទ្ធផលប្រកបដោយជោគជ័យនៅក្នុងទីផ្សារកម្ពុជា ដោយបន្ដបំពេញរាល់តម្រូវការអតិថិជនរបស់ខ្លួន។

នៅឆ្នាំ ២០២៣ ABA បានពង្រីកអេកូស៊ីស្ទែមឌីជីថលរបស់ខ្លួនគួរឲ្យកត់សម្គាល់។ បច្ចុប្បន្ននេះ អាជីវករជាង ៧០ម៉ឺននាក់ប្រមូលការទូទាត់បែបឌីជីថល ដោយប្រើ KHQR ជើងបញ្ឈរ, ខ្សែកាត, ម៉ាស៊ីនទូទាត់ POS និងកម្មវិធី ABA Merchant។

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី