• 2024-06-27 06:41:41
  • ព័ត៌មាន

សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពត-កែប ប្រកាសបើកដំណើរការដើមខែកក្កដា ឆ្នាំ២០២៤

  • 2024-06-27 06:41:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពត-កែប បានប្រកាសបើកដំណើរការសម្ពោធជាផ្លូវការនៅថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីបង្ហាញនូវវត្តមានរបស់ខ្លួននៅលើទឹកដីខេត្តកំពត-កែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប​ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ទន្ទឹមនឹងនេះ ក្នុងឱកាសនៃពិធីសម្ភោធជាផ្លូវការនៃសមាគមសហគ្រិនវ័យក្មេងក​ម្ពុជា សាខាខេត្តកំពត-កែប ក៏រួមមានពិធីជាច្រើនទៀតដូចជាពិធីសម្ភោធជាផ្លូវការនៃការ​បើកអោយប្រើប្រាស់សៀវភៅមគ្គុទេសន៍វិនិយោគខេត្តកំពត ពិធីចុះអនុស្សរណៈភាពជាដៃគូសហការ សិក្ខាសាលា និងកិច្ចពិភាក្សាស្តីអំពីឱកាស និងសក្តានុពលវិនិយោគក្នុងខេត្តកំពត-កែប ការផ្គូផ្គងអាជីវកម្មរវាងសមាគមសហគ្រិនវ័យក្មេង សាខាខេត្តកំពត-កែប និងសាខាព្រះសីហនុ ព្រមទាំងបណ្តាសាខាផ្សេងៗទៀតផងដែរ។

កម្មវិធីនេះនឹងប្រារព្ធធ្វើឡើងនៅសាលសន្និសីទបូកគោ សាលាខេត្តកំពត ចាប់ពីម៉ោង ០​១:០០​នាទីរសៀលដល់ម៉ោង ០៥:០០នាទីរសៀល។ ជាមួយគ្នានេះដែរ ដើម្បីអបអរសាទរការសម្ភោធ និងដើម្បីរឹតចំណងមិត្តភាពរវាងភ្ញៀវកិត្តិយសទាំងអស់ ខាងសមាគមនឹងរៀបចំអាហារសាមគ្គីពេលល្ងាច អមជាមួយការសម្តែងសិល្បៈនៅភោជនីយដ្ឋាន មាន ហួត ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង៩យប់។

សម្រាប់ភ្ញៀវកិត្តិយសដែលមានវត្តមានចូលរួមក្នុងពិធីនេះនឹងមានឱកាសបានស្វែងយល់ពីការធ្វើបទបង្ហាញអំពីព័ត៌មាន និងសក្តានុពលវិនិយោគក្នុងខេត្តកំពត-កែប និងបានបង្កើតទំនាក់ទំនងដើម្បីរឹងចំណងមិត្តភាព ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍រវាងម្ចាស់អាជីវកម្មក្នុងខេត្តកំពត-កែបជាមួយនឹងបណ្តាខេត្តដទៃទៀត។

ជិន សុភ័ក្ដ្រ

មតិយោបល់