• 2024-07-12 10:55:01
  • ព័ត៌មាន

មាន​ដឹង​ទេ​ថា អង់គ្លេស​មាន​សមាជិក​សភា​កើត​ឆ្នាំ២០០២

  • 2024-07-12 10:55:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង់គ្លេស​បាន​រៀបចំ​ការ​បោះឆ្នោត​សកល​មួយ​នៅ​ដើម​ខែ​កក្កដា​នេះ ដោយ​ក្នុង​នោះ​គណបក្ស​ពលករ​បាន​ឈ្នះគណបក្ស​អភិរក្ស​និយម ដែល​បាន​កាន់​អំណាច​ជាង ១៤ឆ្នាំ​មក​ហើយ។ ជាមួយ​គ្នា​នេះ​ដែរ នៅ​ក្នុង​ស្រុក​នេះ គេ​ឃើញ​មាន​មុខ​តំណាងរាស្ត្រ​ក្មេងៗ​ជា​ច្រើន។ តំណាងរាស្ត្រ និង​សមាជិក​សភា​ជាន់​ទាប​វ័យ​ក្មេង​បំផុត​គឺ លោក សេម ខារលីង (Sam Carling) កើត​ឆ្នាំ២០០២ និង​មាន​វ័យ​២២ឆ្នាំ។

យុវជន​រូប​នេះ​បាន​ឈរ​ឈ្មោះ​នៅ​ក្នុង​មណ្ឌល​ខេមប្រ៊ីជ​ពាយព្យ ដែល​ជា​មណ្ឌល​មួយ​នៅ​ក្នុង​ទីក្រុង​ភីធើរប៊ឺក (Peterborough) ដែល​ជា​ទីក្រុង​មួយ​នៅ​ខាង​កើត​នៃ​ប្រទេស​អង់គ្លេស។ លោក​ខារលីង ដែល​ជា​តំណាងរាស្ត្រ​គណបក្ស​ពលករ​ បាន​ផ្ដួល​លោក ស្ហេលី វ៉ារ៉ា (Shailesh Vara) ដែល​ជា​តំណាងរាស្ត្រគណបក្ស​អភរិក្ស​និយម​នៅ​មណ្ឌល​នេះ​តាំង​ពី​ឆ្នាំ២០០៥មក ដោយ​ឈ្នះ​ត្រឹម​តែ ៣៩សម្លេង​ប៉ុណ្ណោះ។

លោកខារលីង បាន​ប្រាប់​សារព័ត៌មាន BBC ថា លោក​មាន​ចំណាប់អារម្មណ៍​លើ​រឿង​នយោបាយ​ ដោយសារ​តែ​លោក​ឃើញ​មាន​ការ​ថយចុះ​យ៉ាង​ខ្លាំង​ផ្នែក​សង្គម​-សេដ្ឋកិច្ច​អង់គ្លេស ដោយ​សារ​តែ​កម្សោយ​នៃ​ថ្នាក់ដឹកនាំ​អង់គ្លេស​នា​ពេល​កន្លង​មក។

លោក​ចង់​ឃើញរដ្ឋាភិបាល​គណបក្ស​ពលករ​របស់​លោក​គិតគូរ​ចាត់​ចែង​ឡើង​វិញ​លើ​រឿង​សេវាកម្ម​សុខាភិបាល ដែល​មិន​សូវ​បំពេញ​ការ​ងារ​មាន​ប្រសិទ្ធភាព​ទេ​នៅ​តាម​តំបន់​ជនបទ។ បន្ថែម​ពី​នេះ​ទៀត លោក​ក៏​ចង់​ឱ្យ​រដ្ឋាភិបាល​ចាប់​អារម្មណ៍​ក្នុង​ការ​ជួសជុល​ផ្លូវថ្នល់​នៅ​តាម​តំបន់​ជនបទ​ផង​ដែរ។

លោក​ខារលីង មាន​បទពិសោធន៍​នយោបាយ​តែ​ជាង ២ឆ្នាំ​ប៉ុណ្ណោះ ដោយ​លោក​ចាប់​ផ្ដើម​ដោយ​ធ្វើ​ជា​ក្រុមប្រឹក្សាសង្កាត់​មួយ​នៅ​ក្នុង​ស្រុក​ខេមប្រ៊ីជ​កាល​ពី​ឆ្នាំ២០២២៕

ប្រភព៖ BBC អត្ថបទ៖ សេរី មង្គល

មតិយោបល់