• 2024-08-29 11:56:35
  • ព័ត៌មាន

បេក្ខភាព​ប្រធានាធិបតី​ឯករាជ្យ​មួយ​រូប​គាំទ្រ​​លោក​ត្រាំ ជា​ថ្នូរ​នឹង​តំណែង​ក្នុង​រដ្ឋាភិបាល​ថ្មី

  • 2024-08-29 11:56:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក រ៉ូបឺត កេណ្ណឌី ជូញៀរ (Robert F. Kennedy Jr.) ប្រកាស​គាំទ្រ​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ សម្រាប់​​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ២០២៤នេះ។ លោក​កេណ្ណឌី ដែល​ជា​ក្មួយ​ប្រុស​របស់​អតីត​ប្រធានាធិបតី​អាមេរិក ចន អេហ្វ កេណ្ណឌី បាន​ដក​ខ្លួន​ចេញ​ពី​ការ​បោះឆ្នោត ខណៈ​លោក​បាន​ឈរ​ឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​ក្នុង​នាម​ជា​បេក្ខជន​ឯករាជ្យ។

លោក កេណ្ណឌី ធ្លាប់​ជា​សមាជិកគណបក្ស​ប្រជាធិបតេយ្យ ដែល​ជា​គណបក្ស​​របស់​លោក ចូ បៃដិន និង​អ្នកស្រី កមាលា ហារីស។ ប៉ុន្តែ​លោក​ប្រកាស​ផ្ដាច់​ចេញ​ពី​គណបក្ស​នេះ ហើយ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ឯករាជ្យ។ យ៉ាងណាមិញ ក្រោយ​ធ្វើ​យុទ្ធនាការ​ឃោសនា​បាន​មួយ​រយៈ លោក​ក៏​បាន​ប្រកាស​ដក​ខ្លួន​ពី​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ហើយ​ប្រកាស​គាំទ្រ​បេក្ខភាព​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ លោក ដូណាល់ ត្រាំ។

សារព័ត៌មាន​អាមេរិក​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា លោក កេណ្ណឌី នឹង​ទទួល​បាន​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​ ដែល​ដឹកនាំ​ដោយ​លោក ត្រាំ ប្រសិន​បើ​លោក​ ត្រាំ ឈ្នះ​ឆ្នោត​នៅ​ខែ​វិច្ឆិកា ខាង​មុខ​នេះ។

លោក កេណ្ណឌី អាច​នឹង​ទទួល​តំណែង​ជា​នាយក​អង្គភាព​ចារកម្ម​មជ្ឈិម​អាមេរិក ដែល​ហៅ​កាត់​ថា ស៊ីអាយអេ (CIA)។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Newsweek

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Washington Post ក្រោយ​ពី​បង្ហាញ​ខ្លួន​ជាមួយ​លោក ត្រាំ កាល​ពី​សប្ដាហ៍​មុន ក្រុមការងារ​យុទ្ធនាការ​ឃោនាការ​បោះឆ្នោត​របស់​លោក​ ត្រាំ បាន​ដាក់​បញ្ចូល​លោក កេណ្ណឌី ទៅ​ក្នុង​បញ្ជី​ឈ្មោះ​នៃ​ក្រុមការងារ​រដ្ឋាភិបាល​អន្តរកាល ដែល​ជា​បេក្ខភាព​ត្រៀម​ធ្វើ​រដ្ឋមន្ត្រី និង​កាន់​មុខ​តំណែង​សំខាន់ៗ សម្រាប់​រដ្ឋាភិបាល​ជាប់​ឆ្នោត​៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់