• 2024-10-27 17:01:34
  • សេដ្ឋកិច្ច

ពិព័រណ៍​ការងារ​ ឆ្នាំ​២០២៤​ អង្គការ​ PAfID ដើរតួ​​យ៉ាង​សំខាន់​​ជួយ​​សម្របសម្រួល​ជន​មាន​​ពិការភាព​ឲ្យ​​ទទួល​បាន​ឱកាស​ការងារ​​

  • 2024-10-27 17:01:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិព័រណ៍​ការងារ​ និង​ផលិតភាព​ ឆ្នាំ​២០២៤​ ដែល​ដែល​រៀបចំ​ឡើង​ដោយ​ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ រយៈពេល​២ថ្ងៃ​នេះ​គឺអង្គការ​ PafID បាន​ដាក់​ស្តង់​ និង​បាន​ជួយ​សម្របសម្រួល​​ជន​មាន​ពិការភាព​ឲ្យ​ទទួល​បាន​ឱកាស​ការងារ​ផង​ដែរ។​

លោក​ ខេង​ វីរៈ​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ PAfID​ បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ពិព័រណ៍​ការងារ​ និង​ផលិតភាព​ ឆ្នាំ​២០២៤​ នេះ​មិន​មែន​ជា​សកម្មភាព​ដំបូងៗ​របស់​អង្គការ​នោះ​ទេ​ ពោល​មាន​កម្មវិធី​ច្រើន​ក្នុង​ការ​គាំទ្រ​ជន​មាន​ពិការភាព​ដើម្បី​ឲ្យ​មាន​ឱកាស​ចូលរួម​ចំណែក​ពេញលេញ​នៅ​ក្នុង​សង្គម​កម្ពុជា។​

លោក​ ខេង​ វីរៈ​

យ៉ាងណា​ក្នុង​ពិព័រណ៍​នេះ​គឺ​​អង្គការ​បាន​ដាក់​ស្តង់​ផង​ដែរ​ និង​មាន​ក្រុម​ការងារ​នៅ​ចាំ​ទទួល​ដល់​ជន​មាន​ពិការភាព​ចូល​មក​។​ គោលបំណង​នៃ​ការ​ដាក់​ស្តង់​នេះ​គឺ​ផ្ដល់​ព័ត៌មាន​ និង​គាំទ្រ​ពី​ក្រុម​បច្ចេកទេស​របស់​អង្គការ​ដូច​ជា​ជួយ​រៀបចំ​ CV​ និង​ជួយ​បង្ហាត់​បង្រៀន​បំពេញ​បន្ថែម​នូវ​ចំណុច​ខ្វះខាត​មួយ​ចំនួន​ផង​ដែរ​ដើម្បី​ឲ្យ​ការ​ដាក់ពាក្យ​ផ្សេងៗ​ទទួល​បាន​ការ​សម្ភាស​ពី​បណ្ដា​ក្រុមហ៊ុន ស្ថាប័ន​ ដែល​ចាប់​អារម្មណ៍។​

នាយក​ប្រតិបត្តិ​ខាង​លើ​នេះ​បន្ថែម​​ទៀត​ថា​ ក្រៅ​តែ​​ពី​ជួយ​ស្វែងរក​ការងារ​ជូន​ជន​មាន​ពិការភាព​ហើយ​នោះ​គឺ​អង្គការ​ក៏​បាន​ជួយ​សម្របសម្រួល​ដល់​អ្នក​ដែល​មិន​មាន​ជំនាញ​បាន​ទៅ​សិក្សា​បន្ថែម​ និង​អ្នក​ដែល​មាន​ជំនាញ​ហើយ​ត្រូវ​បំពេញ​បន្ថែម​ទៅ​តាម​ស្ថាប័ន​ផ្សេងៗ​ដើម្បី​ឈាន​ដល់​ការ​ទទួល​បាន​ការងារ​នៅ​ពេល​បន្ទាប់​ពី​នេះ​ផង​ដែរ។​

រំលឹក​ដែរ​ថា​ ពិព័រណ៍ការងារ និងផលិតភាពឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) មូលនិធិអភិវឌ្ឍន៍ជំនាញ និងមានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) រួមនិងដៃគូពាក់ព័ន្ធជាច្រើនទៀត។ នៅ​ឆ្នាំ​នេះ​ផង​ដែរ​គឺ​មាន​ក្រុមហ៊ុន​ សហគ្រាស សរុប​ ១៥០​ និង​ផ្ដល់​ឱកាស​ការងារ​ជាង​ ៣ម៉ឺន​កន្លែង​ផង​ដែរ។​ ពិព័រណ៍​បាន​បិទ​បញ្ចប់​ហើយ​នៅ​ថ្ងៃ​ទី២៧​ ខែ​តុលា​ ឆ្នាំ​២០២៤​ នេះ​ក្រោយ​រៀបចំ​អស់​រយៈពេល២ថ្ងៃ​មក​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់