- 2024-11-19 03:30:12
- ព័ត៌មាន
មកដឹងពី មូលហេតុដែលនាំឲ្យមានការជួសជុលរង្វង់មូលដំរី៥ ទៅជាដំរី៥០៥ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់
- 2024-11-19 03:30:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពី មូលហេតុដែលនាំឲ្យមានការជួសជុលរង្វង់មូលដំរី៥ ទៅជាដំរី៥០៥ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់
ចន្លោះមិនឃើញ
រង្វង់មូលដំរី៥ ប្រសព្វផ្លូវជាតិលេខ៥៥ និងផ្លូវលេខ១០ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង នឹងក្លាយជារង្វង់មូល «ដំរីប្រាំរយប្រាំ» ដោយមានដាក់បន្ថែមរូបដំរីចំនួន៥០០ ថែមទៀត យោងតាមរដ្ឋបាលខេត្តពោធិ៍សាត់ បានឳ្យដឹងថា រង្វង់មូលដំរី៥ ប្រសព្វផ្លូវជាតិលេខ៥៥ និងផ្លូវលេខ១០ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង បានក្លាយជារង្វង់មូល សម្រាប់ជានិម្មិតរូបស្រុកវាលវែងទុកជាទីសក្ការៈបូជា និងតំណាងឲ្យ៖
១) ភាពត្រជាក់ត្រជំ (តំណាងទឹកភ្លៀង ជួយដល់ផលដំណាំ)
២) ភាពសាមគ្គីរឹងមាំ (តំណាងសាមគ្គី១០ ជ័យជម្នះ១០)
៣) ភាពស្មោះត្រង់ការពារ (តំណាងភាពស្មោះស្ម័គ្រការពារបូរណភាពទឹកដីមិនឲ្យមានការបាត់បង់ទឹកដីបន្ថែមទៀត…។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានការផ្តួចផ្តើមគំនិតជួសជុលរង្វង់មូលដំរី៥ ដើម្បីបន្ថែមដំរី ចំនួន៥០០ ឲ្យគ្រប់ចំនួន៥០៥ កាន់តែមានសោភ័ណ្ឌភាពបន្ថែមទៀតនោះគឺ៖
ទី១-ដោយយល់ឃើញថា សត្វដំរីគឺជាសត្វ ដែលកម្រមានមាឌធំ ស្លូតបូត សាមគ្គីភាពគ្នា ចេះជួយគ្នា មិនចោលគ្នា អង់អាចក្លាហាន ជាពិសេសមានភាពត្រជាក់ត្រជុំសុខុដុមរមនា។
ទី២-ដោយសារភូមិសាស្ត្រស្រុកវាលវែង ដែលមានផ្លូវជាតិ៥៥ កាត់ប្រសពគ្នាជាមួយផ្លូវជាតិលេខ១០ ត្រង់រង្វង់មូល ៥០៥ ឆ្ពោះទៅកាន់ឃុំទាំង៥ នៃស្រុកវាលវែង។
ទី៣-ស្រុកវាលវែង មានឈ្មោះភ្នំ១៥០០ ព្រមទាំងមានផ្លូវអន្ទង់អាំង ដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ប្រសិទ្ធនាមថា «ផ្លូវបុប្ផាលាក់ខ្លួន មានកេរ្តិ៍ឈ្មោះបោះសម្លេង ល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស ដែលមានទេសភាពធម្មជាតិ ស្រស់ស្អាតគ្មានពីរ ប្រៀបដូចជានៅលើឋានសួគ៌។
ទី៤-ស្រុកវាលវែង មានចំនួន៥ឃុំ ហើយឃុំនីមួយៗមានក្រុមប្រឹក្សាឃុំ ចំនួន៥នាក់
ទី៥-ស្រុកវាលវែង មានអភិបាលនៃគណៈអភិបាលស្រុក ដឹកនាំចំនួន៥ជំនាន់ ហើយបច្ចុប្បន្ននេះ ជាអភិបាលនៃគណៈអភិបាលស្រុក ជំនាន់ទី៥ផងដែរ។
សូមជម្រាបថា រង្វង់មូលដំរី ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានចាប់ផ្ដើមសាងសង់កែលម្អ ពីខែមេសា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ក្នុងនោះដែរ សរុបថវិកាចំណាយក្នុងការជួសជុលកែលម្អររង្វង់មូលដំរី៥០៥ និងកម្មវិធីសម្ភោធ អស់ថវិកា ចំនួន៣៩៩,០០០,០០០រៀល។ បន្ថែមពីនោះ ថវិកាដែលបានមកពីការចូលរួមរបស់សប្បុរសជន មានចំនួន២៨៤,១១៨,០០០រៀល នៅខ្វះថវិកាចំនួន១១៤,៨៨២,០០០រៀល៕
ប្រភព៖ ពោធិ៍សាត់ អរគុណសន្តិភាព!