• 2025-08-05 07:22:18
  • ព័ត៌មាន

លោក ត្រាំ ថា អាមេរិកនឹងប្រើកណ្តាប់ដៃដែក យកពន្ធយ៉ាងច្រើនលើ ឥណ្ឌា ដោយសារទិញប្រេងពី រុស្ស៊ី

  • 2025-08-05 07:22:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២៥ ថា លោកនឹងដំឡើងពន្ធយ៉ាងច្រើនលើប្រទេសឥណ្ឌា ដោយសារការទិញប្រេងរុស្ស៊ី ដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់សង្គ្រាមរបស់ទីក្រុងម៉ូស្គូ នៅអ៊ុយក្រែន។

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social ថា៖ «ឥណ្ឌាមិនត្រឹមតែទិញប្រេងរុស្ស៊ី ក្នុងបរិមាណច្រើនប៉ុណ្ណោះទេ ពួកគេថែមទាំងលក់ប្រេងទាំងនោះនៅលើទីផ្សារអន្តរជាតិដើម្បីទទួលបានប្រាក់ចំណេញច្រើន។ ពួកគេមិនខ្វល់ពីចំនួនមនុស្សដែលត្រូវស្លាប់នៅអ៊ុយក្រែន ដោយសារម៉ាស៊ីនសង្គ្រាមរបស់រុស្ស៊ីនោះទេ។» លោកបន្តថា៖ «ដោយសារហេតុនេះ ខ្ញុំនឹងដំឡើងពន្ធយ៉ាងច្រើនលើឥណ្ឌាសម្រាប់ទំនិញដែលនាំចូលទៅសហរដ្ឋអាមេរិក។»

លោក ត្រាំ មិនបានបញ្ជាក់លម្អិតអំពីអត្រាពន្ធនោះទេ។ កាលពីសប្តាហ៍មុន លោកបានប្រកាសថា នឹងដាក់ពន្ធ ២៥ ភាគរយលើទំនិញនាំចូលពីឥណ្ឌា និងបាននិយាយថា ប្រទេសនេះនឹងប្រឈមនឹងការពិន័យមួយចំនួនដែលមិនទាន់បញ្ជាក់លម្អិត។ លោកក៏បាននិយាយផងដែរថា កិច្ចចរចាពាណិជ្ជកម្មជាមួយឥណ្ឌាកំពុងបន្ត ប៉ុន្តែបានជាប់គាំងដោយសារភាពខ្វែងគំនិតផ្នែកភូមិសាស្ត្រនយោបាយ។

កាលពីចុងសប្តាហ៍ មន្ត្រីរដ្ឋាភិបាលឥណ្ឌាពីរនាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ឥណ្ឌានឹងបន្តទិញប្រេងពីរុស្ស៊ីទោះបីជាមានការគំរាមកំហែងពីលោក ត្រាំ ក៏ដោយ។ មន្ត្រីទាំងនេះមិនបានបញ្ចេញអត្តសញ្ញាណទេ ដោយសារភាពរសើបនៃបញ្ហានេះ។

ឥណ្ឌា បានច្រានចោលការរិះគន់ពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដោយហៅការរិះគន់នេះថា «មិនយុត្តិធម៌ និងមិនសមហេតុផល» ចំពោះការទិញប្រេងរុស្ស៊ី។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា Randhir Jaiswal បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ដូចប្រទេសសេដ្ឋកិច្ចធំៗផ្សេងទៀត ឥណ្ឌានឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារផលប្រយោជន៍ជាតិ និងសន្តិសុខសេដ្ឋកិច្ចរបស់ខ្លួន។» លោកបន្តថា ការនាំចូលប្រេងរបស់ឥណ្ឌាគឺជា «តម្រូវការដែលបង្ខំដោយស្ថានភាពទីផ្សារពិភពលោក»។

ឥណ្ឌាបានចាប់ផ្តើមទិញប្រេងរុស្ស៊ីក្នុងបរិមាណច្រើនបន្ទាប់ពីផ្លូវផ្គត់ផ្គង់ចាស់ ត្រូវបានប្តូរទៅអឺរ៉ុប បន្ទាប់ពីជម្លោះនៅអ៊ុយក្រែន៕

អត្ថបទ ៖ ហម ឆរ៉ា

មតិយោបល់
អត្ថបទថ្មី