• 2015-04-08 15:59:29
  • ព័ត៌មាន

ឬ​ក៏​​ស្នេហ៍​​​កម្ម​ ​ ​ទើប​អូន​​ត្រូវ​មានះ​​រង​​ទារុណ​​​គ្រាន់​តែ​ដើម្បី​​បេះដូង​យើង​អាច​នៅ​ក្បែរ​គ្នា? ​

  • 2015-04-08 15:59:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​​មិន​អាច​អត់​ទ្រាំ ឈរ​​ឱប​​ដៃ​​មើល​សង្សារ​របស់​ខ្លួន ​ត្រូវ​ទទួល​រង​ការ ​វាយ​ធ្វើ​បាប​ម្ដង​ហើយ​ម្ដង​ទៀត ​​ពី​សំណាក់​ឪពុក​ម្ដាយ​បង្កើត​របស់​នាង យុវជន​ម្នាក់​បាន​​​សម្រេច​ចិត្ត​ទម្លាយ​អាថ៌​កំបាំង​របស់​ខ្លួន​​មក​កាន់​ ​Sabay ដោយ​សង្ឃឹម​ថា ក្រោយ​រៀប​រាប់​រឿង​រ៉ាវ​ដ៏​វែង​អន្លាយ​នេះ​​ហើយ ​នឹង​ជួយ​ឲ្យ​​​អារម្មណ៍​របស់​គេ​បាន​ធូរ​ស្បើយ​ខ្លះ ​ព្រម​ទាំង​ទទួល​បាន​​មតិ​យោបល់​ល្អ ពី​ប្រិយមិត្ត​អ្នក​អាន​គ្រាន់​ជា​ដំណោះ​ស្រាយ។

 

ខ្ញុំ​បាទ​ ​និង​សង្សារ​របស់​ខ្ញុំ​​មាន​ទី​លំ​នៅ​​ក្នុង​ ខេត្ត​ តាកែវ​ ​និង​បាន​បញ្ចប់​​ការ​សិក្សា​​ថ្នាក់​បរិញ្ញាបត្រ​​ នៅ​សាកល​វិទ្យាល័យ​បៀល​ប្រាយ​ ​​​​ជំនាញ​គ្រប់​គ្រង​ទូទៅ។ ​បច្ចុប្បន្ន​​នេះ​ ខ្ញុំ​មាន​​ការងារ​នៅ​សាលា​ស្រុក​ ​និង​បើក​ហាង​អ៊ីន​ធឺណែត ​ដែល​មាន​លក់​ និង​ជួស​ជុល​កុំព្យូទ័រ។ ចំណែក​ឯ​សង្សារ​របស់​ខ្ញុំ​បច្ចុប្បន្ន​​កំពុង​បន្ត​ការ​សិក្សា​ ជា​និស្សិត​​ឆ្នាំ​ទី​៣​ ​នៅ​សាកលវិទ្យាល័យ​​​បៀល​ប្រាយ​ និង​ជា​បុគ្គលិក​ធ្វើ​ការ​រដ្ឋ​​នៅ​ក្នុង​​​ខេត្តតាកែវ។ ​នាង​មាន​ប្អូន​ស្រី​បង្កើត​​ម្នាក់ និង​បង​ស្រី​ចិញ្ចឹម​​ម្នាក់ ។

 

បញ្ហា​ដែល​ខ្ញុំ​​​កំពុង​ជួប​​ប្រទះ​នោះ​គឺ ​“ហេតុ​អ្វី​ក៏​ឪពុក​ម្ដាយ​​របស់​សង្សារ​ខ្ញុំ ​វាយ​ធ្វើ​បាប​នាង​ នៅ​ពេល​​​ដែល​នាង​មក​ជួប​ខ្ញុំ​”។ ពេល​រំលឹក​​ដល់​ចំណុច​នេះ​ ធ្វើ​ឲ្យ​ខ្ញុំ​នឹក​អាណិត​សង្សារ​​ស្ទើរ​ខ្លោច​ចិត្ត​ ​ព្រោះ​​ពួក​យើង​ទាំង​ពីរ​នាក់​បាន​ស្គាល់​គ្នា ​និង​ស្រលាញ់​គ្នា​អស់​រយៈ​ពេល​ជិត២​ឆ្នាំ​ហើយ ​រហូត​ដឹង​ឮ​ដល់​គ្រួសារ ​ចាស់​ទុំ​ខាង​ខ្ញុំ ​ហើយ​ពួក​គាត់​ក៏​ស្រលាញ់​ចូល​ចិត្ត​នាង​ដែរ ​ប៉ុន្តែ​នៅ​ពេល​នោះ​ គ្រួសារ​ខាង​ស្រី​ (សង្សារ​របស់​ខ្ញុំ​) ​មិន​ទាន់​ដឹង​ទេ។ ​រឿង​រ៉ាវ​ស្នេហា​របស់​ពួក​ខ្ញុំ​ ​មិន​ដែល​មាន​បញ្ហា​អ្វី​​នោះ​ទេ។ ​រហូត​ដល់​ថ្ងៃ​មួយ​ ពួក​ខ្ញុំ​បាន​ឌុប​គ្នា​ដើរ​លេង ​រក​អី​ញ៉ាំ ​ពេល​ចេញ​ពី​រៀន។

ខ្ញុំ​មិន​បាន​ដឹង​​​សោះ​​​ថា​ នឹង​ជួប​​​​ឪពុក​របស់​សង្សារ​​ខ្ញុំ​ (គាត់​ជា​អ្នក​ដឹក​ទឹក​កកលក់)​។ ហើយ​ពេល​នោះ​ សង្សារ​ខ្ញុំ​បាន​ឃើញ​ ​តែ​នាង​មិន​​​បាន​និយាយ​ប្រាប់​ខ្ញុំ​ទេ។​ នៅ​ពេល​នាង​ទៅ​ដល់​ផ្ទះ​វិញ​ ឪពុក​របស់​នាង​​ក៏​បាន​វាយ​​នាង​​​ ​ហើយ​​​ប្រាប់​នាង​ថា​កុំ​ឲ្យ​ធ្វើ​បែប​ហ្នឹង​ទៀត។ ​ខ្ញុំ​មាន​អារម្មណ៍​តក់​ស្លុត​ ​ឈរ​ស្ទើរ​តែ​មិន​នឹង​។ ​វា​ហាក់​ដូច​ជា​រឿង​ដែល​មិន​គួរ​​ឲ្យ​ជឿ​ទាល់​តែ​សោះ។

  ចាប់​តាំង​ពី​ពេល​នោះ​មក​ ​ពួក​យើង​​ក៏​សម្រេច​ចិត្ត​ឈប់​ឌុប​គ្នា​​ទៅ​ញ៉ាំ​អី​ ​ប៉ុន្តែ​ពួក​យើង​នៅ​​ តែ​ស្រលាញ់​គ្នា​ ហើយក៏​កាន់​តែ​ស្រលាញ់​ និង​អាណិត​នាង​ទ្វេដង​។ ​ស្នេហា​របស់​ពួក​ខ្ញុំ ​ចាប់​ផ្ដើម​ ចង្អៀត​ឡើង​ៗ ដោយ​សារ​តែ​ចាស់​ទុំ​ខាង​សង្សារ​ខ្ញុំ​ហាម​មិន​ឲ្យ​ជួប​គ្នា​ ។ ដូច្នេះ​ពួក​ខ្ញុំ​បាន​​ត្រឹម​តែ​​និយាយ​ទូរសព្ទ​រក​គ្នា​ ​និង​អាច​ជួប​គ្នា​​​ក្នុង​រយៈ​ពេល​​ខ្លី​ប៉ុណ្ណោះ​ នៅ​ថ្ងៃ​ដែល​នាង​រៀន​​​ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​អាទិត្យ។ ​ប៉ុន្តែ​រឿង​ដែល​ឪពុក​​របស់​នាង​បាន​វាយ​​​នាង ខ្ញុំ​មិន​​បាន​ប្រាប់​ចាស់​ទុំ​ខាង​ខ្ញុំ​ឲ្យ​ដឹង​ទេ។

  ​ ពី​មួយ​ខែ​ទៅ ​មួយ​ខែ​​ ពួក​យើង​ក៏​សម្រប​ខ្លួន​បាន​ ​គឺ​មិន​ចេញ​​ទៅ​ដើរ​លេង​​​ដូច​ពី​មុន​ទេ​ ​គឺ​ពួក​ខ្ញុំ​បាន​ជួប​គ្នា​តែ​​ថ្ងៃ​សៅរ៍​ ​និង​ថ្ងៃ​អាទិត្យ​​តែ​ប៉ុណ្ណោះ ​ពោល​គឺ​មុន​ម៉ោង​​ទៅ​​រៀន​​​ប្រហែល​​២០​​នាទី​ ទៅ​៣០​នាទី។

 

ថ្ងៃ​ មួយ​មិន​ដឹង​ជា​ចៃដន្យ​អី​​ ម្ដាយ​សង្សារ​ខ្ញុំ​​ក៏​បាន​ដឹង​ថា ​យើង​ទាំង​ពីរ​បាន​ស្កាត់​ជួប​គ្នា​  ហើយ​គាត់​បាន​វាយ​នាង​​ និង​​និយាយ​ខ្លាំងៗ​​ដាក់​នាង​ថា៖ ​“កុំ​ស្មាន​ថា​អញ​មិន​ដឹង​ ​ធ្វើ​អី​ក៏​អញ​ដឹង​ដែរ​ ​ហ៊ាន​លួច​ទៅ​ជួប​គេ​ដល់​ផ្ទះ​ទៀត​។ បើ​នៅ​តែ​ហ៊ាន​​ធ្វើ​អញ្ចឹង​ទៀត​អញនឹង​វ៉ៃ​ឲ្យ​ងាប់​​ហ្មង៎​”​។ ​នេះ​ជា​លើកទី២​ហើយ​ដែល​នាង​និយាយ​តាម​​ទូរសព្ទ​​ទាំង​​សូរសម្លេង​ខ្សឹប​ ខ្សួល​​ប្រាប់​​ខ្ញុំ ​ធ្វើ​ឲ្យ​ខ្ញុំ​ស្ទើរ​កក​ឈាម​ ព្រោះ​តែ​មនុស្ស​​ដែល​​ខ្លួន​ស្រលាញ់​ត្រូវ​ទទួល​រង​ការ​ឈឺ​ចាប់។ ទោះ​បី​ជា​ពួក​គាត់​វាយ​ធ្វើ​បាប​បែប​ហ្នឹង​មែន​ ក៏បេះដូង​​ពួក​យើង​នៅ​តែមានះ ​លួច​ជួប​គ្នា​​រៀង​រាល់​ថ្ងៃ​សៅរ៍​ អាទិត្យ ​ដដែល។ ​ ដោយ​ឃើញ​​ថា​មាន​រឿង​បែប​ហ្នឹង​កើត​ឡើង​ញឹក​ញាប់​ពេក ​ខ្ញុំ​ក៏​សម្រេច​​ចិត្ត​​ឲ្យ​​ចាស់​ទុំ​ខាង​ខ្ញុំ​​ចូល ​ទៅ​សាក​សួរ​​​ចាស់​ទុំ​ខាង​សង្សារ​ខ្ញុំ​។ ​គ្រា​នោះ​​ គ្រួសារ​ខ្ញុំ​មិន​សូវ​​​ស្គាល់​​គ្រួសារ​ខាង​សង្សារ​ខ្ញុំ​នោះ​ទេ ពួក​គាត់​​ក៏​សម្រេច​ចិត្ត​ពឹង​​អ្នក​ដែល​ស្គាល់​គ្នា​ឲ្យ​ជួយ​ជូន​ទៅ។​ អ្នក​ដែល​ជួយ​ជូន​ទៅ​នោះ​គឺ​ជា​​បង​ស្រី​​​ត្រូវ​ជា​​កូន​ចិញ្ចឹម​​របស់​ ឪពុក​ម្ដាយ​សង្សារ​ខ្ញុំ​ ហើយ​ក៏​​ត្រូវ​ជា​បង​ប្អូន​សាច់​​ឆ្ងាយ​​របស់​គ្រួសារ​ខ្ញុំ​ផង​ដែរ។

  ចូល ​សួរ​លើក​ទី​១ ​ម្ដាយ​របស់​នាង​​និយាយ​ថា​ គាត់​មិន​ទាន់​ហ៊ាន​សម្រេច​ទេ ​ព្រោះ​ពេល​នោះ ​គាត់​​នៅ​​តែ​ម្នាក់​ឯង​ ប្តី​​ចេញ​ទៅ​ក្រៅ​​មិន​ទាន់​មក​វិញ។​ បន្ទាប់​ពី​ទទួល​បាន​ចម្លើយ​លើក​ទី​១​​​នេះ​ហើយ​ ចាស់​ទុំ​ខាង​ខ្ញុំ​ក៏​​ត្រឡប់​មក​ផ្ទះ​វិញ​ ​ចំណែក​ឯ​​អ្នក​ដែល​ជួយ​ជូន​ចាស់​ទុំ​​ខ្ញុំ​ចូល​ទៅ​សួរ​ ​មិន​ទាន់​ត្រឡប់​​មក​ផ្ទះ​វិញ​ទេ ​គឺ​គេ​លួច​ទៅ​និយាយ​ប្រាប់​សង្សារ​ខ្ញុំ​ថា​ “គ្រួសារ​របស់​ខ្ញុំ​​មិន​ល្អ​ទេ​ ​កុំ​ទៅ​ពាក់​ព័ន្ធ​ជាមួយ​អី​ យក​ល្អ​ឈប់​ទាក់​ទង​គ្នា​ទៅ​”។ ​ពេល​លឺ​គេ​និយាយ​បែប​នេះ​ សង្សារ​របស់​ខ្ញុំ​ក៏​មាន​អារម្មណ៍​អន់​ចិត្ត​​យ៉ាង​ខ្លាំង​ ​មិន​គួរ​ណា​បង​ស្រី​ម្នាក់​ហ្នឹង​ ខណៈ​ដែល​គាត់​​ក៏​ត្រូវ​ជា​បង​ប្អូន​ខ្ញុំ​ដែរ​ ​តើ​ហេតុ​អី​ក៏​​និយាយ​បង្ខូច​ឈ្មោះ​គ្រួសារ​ខ្ញុំ​ទៅ​វិញ​?

  មួយ​ខែ​ ក្រោយ​មក​ទៀត​ ​ចាស់​ទុំ​ខាង​ខ្ញុំ​ក៏​ចូល​ទៅ​សួរ​ម្ដង​ទៀត​ ដែល​លើក​នេះ​គឺ​ចាស់​ទុំ​ខាង​ខ្ញុំ​មិន​មាន​​អ្នក​ជូន​ទៅ​ទេ ​ហើយ​ចម្លើយ​ ដែល​ទទួល​បាន​ពី​ឪពុក​ម្ដាយ​​របស់​សង្សារ​ខ្ញុំ​ឆ្លើយ​ថា៖ ​​“ចាំ​គាត់​គិត​​មើល៍​សិន​” ។

 

បន្ទាប់​ពី​ចាស់​ទុំ​ចូល​ទៅ​សួរ​២​លើក ​ហើយ​ ​ខ្ញុំ​ និង​សង្សារ​ខ្ញុំ​​គិត​ថា​ប្រហែល​ជា​​ឪពុក​ម្ដាយ​របស់​​សង្សារ​ខ្ញុំ​គាត់​ ឈប់​វាយ​ធ្វើ​បាប​​នាង​ដូច​មុន​ទៀត​ហើយ​មើល​ទៅ។​ ប៉ុន្តែ​ផ្ទុយ​ពី​ការ​គិត​របស់​​​ពួក​យើង ​គឺ​ឪពុក​ម្ដាយ​របស់​នាង​​​នៅ​តែ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​នាង​ដដែល​ រាល់​​ពេល​ដែល​នាង​លួច​មក​ជួប​ខ្ញុំ​។ ​ពេល​​នេះ​ខ្ញុំ​កាន់​តែ​​មាន​​ការ​ឈឺ​ចាប់​ទ្វេដង​ ព្រោះ​មិន​យល់​ថា​​ហេតុ​អ្វី​បាន​ជា​​ពួក​គាត់​ធ្វើ​អំពើ​ដូច្នេះ​ដាក់​កូន?

 

រូប​តំណាង (រូបភាព៖ Dramabeans)

រហូត​ដល់​​​ថ្ងៃ​មួយ ​មាន​គេ​ទៅ​និយាយ​ប្រាប់​​ម្ដាយ​របស់​សង្សារ​ខ្ញុំ​ថា​ គ្រួសារ ​របស់​ខ្ញុំ​​មិន​ពេញ​ចិត្ត​នឹង​សង្សារ​ខ្ញុំ​ទេ​​ គឺ​ពួក​ខ្ញុំ​ស្រលាញ់​តែ​ចិត្ត​ឯង​តែ​ប៉ុណ្ណោះ​​ ។ គ្រាន់​តែ​លឺ​សំដី​​គេ​និយាយ​ប៉ុណ្ណឹង ​ ពេល​សង្សារ​ខ្ញុំ​ចេញ​​ពី​ធ្វើ​ការ​ទៅ​ដល់​ផ្ទះ​​​ភ្លាម​ម្ដាយ​របស់​នាង​ក៏​ បាន​ទាញ​ដំបង​ឫស្សី​មក​វ៉ៃ​​សង្សារ​ខ្ញុំ​ ហើយ​និយាយ​ខ្លាំងៗ​​ថា៖ ​“អញ​លឺ​​​គេ​មក​និយាយ​​ប្រាប់​អញ ​អញ​ខឹង​ណាស់ ​ឈប់​ទៅ​ទាក់​ទង​ជាមួយ​អា​ម្នាក់​ហ្នឹង​ទៅ។​  បើ​ឲ្យ​អញ​ដឹង​ទៀត ​អញ​នឹង​ដេញ​ចេញ​ពី​ផ្ទះ​ ​ហើយ​ឈប់​ឲ្យ​​​​ធ្វើ​ការ​ទៀត​​” ​។សង្សារ​ដ៏​អភព្វ​​របស់​ខ្ញុំ​និយាយ​ប្រាប់​ខ្ញុំ​តាម​ទូរ​សព្ទ ​ទាំង​សូរសម្លេង​ក្តុក​ក្តួល​។

 

ទោះ​យ៉ាង​ណា​​នៅ​ពេល​ដែល​នាង​និយាយ​ ប្រាប់​ ខ្ញុំ​គិត​ថា​ប្រហែល​ជា​ម្ដាយ​​របស់​នាង​គាត់​វ៉ៃ​ធ្វើ​បាប​នាង​តិច​តួច​តែ​ ប៉ុណ្ណោះ​ ព្រោះ​អី​វា​គ្មាន​រឿង​អី​ធំ​ដុំ​ទេ​​! ​ប៉ុន្តែ​ផ្ទុយ​ពី​ការ​គិត​របស់​ខ្ញុំ​ម្ដង​ជា​ពីរ​ដង​​ ពេល​ព្រឹក​ឡើង​នាង​មក​ដល់​ផ្ទះ​ខ្ញុំ​ ​នាង​បាន​ឲ្យ​ខ្ញុំ​មើល​​​ស្នាម​ជាំ​​ហើម​​​នៅ​លើ​ដៃ ​​ខ្នង​​​ ​ថែម​ទាំង​​មាន​នៅ​លើ​ក្បាល​របស់​នាង​ទៀត​។​ នាង​និយាយ​មិន​ចេញ ​បាន​ត្រឹម​តែ​​សម្រក់​ទឹក​ភ្នែក​​នៅ​ចំពោះ​មុខ​ខ្ញុំ​​ បញ្ជាក់​ពី​ការ​បាក់​ទឹក​ចិត្ត​​​ចំពោះ​ទង្វើ​របស់​ឪពុក​ម្ដាយ​នាង​ ដែល​ធ្វើ​ឲ្យ​នាង​ចង​ចាំ​មិន​អាច​បំភ្លេច​បាន​ ។ ​ពេល​បាន​ឃើញ​ជាក់​ស្ដែង​​បែប​នេះ ​ខ្ញុំ​ខ្លួន​ឯង​មាន​ការ​ឈឺ​ចាប់​ ​និង​ខឹង​យ៉ាង​ខ្លាំង​ ​ហេតុអី​ក៏​គ្រាន់​តែ​មនុស្ស​​ដែល​ខ្ញុំ​ស្រលាញ់​ ម្ដេច​មិន​អាច​ការពារ​ ឬ​ជួយ​នាង​បាន?​ ​តើ​នេះ​មក​ពី​កម្ម​​ពារ​​ពី​ជាតិ​​មុន​របស់​ខ្ញុំ​មែន​ទេ​ ​បាន​ជា​ធ្លាក់​លើ​មនុស្ស​​ដែល​​ខ្ញុំ​ស្រលាញ់​បែប​នេះ​​ទៅ​វិញ​?

 

តើ​ ខ្ញុំ​គួរ​ធ្វើ​បែប​ណា​ទៀត​​? ​តើ​ឪពុក​ម្ដាយ​ខាង​ស្រី​​​គាត់​ត្រូវ​ការ​អ្វី​​ពី​ខ្ញុំ​?​ តើ​ពួក​គាត់​អាច​​ឲ្យ​ពួក​ខ្ញុំ​រស់​នៅ​ជាមួយ​គ្នា​អស់​មួយ​ជីវិត​បាន​ទេ?

 

ទាំង ​អស់​នេះ​គឺ​ជា​រឿង​​ដែល​ខ្ញុំ​​​​រៀប​រាប់​ត្រួសៗ​ប៉ុណ្ណោះ។​ ​សូម​ Sabay ​ និង​ប្រិយ​មិត្ត​របស់​ Sabay​ ទាំង​អស់​ ​មេត្តា​ជួយ​ផ្ដល់​ជា​ដំណោះ​ស្រាយ​ឲ្យ​ខ្ញុំ​ផង។

 

ខ្ញុំ​សូម​អរគុណ​ទុក ​ជា​មុន​ ​និង​សូម​ជូន​ពរ​ឲ្យ​ Sabay​ និង​ប្រិយ​មិត្ត​ Sabay ​ទាំង​អស់​​ជួប​តែ​អ្វី​ដែល​ល្អ ​កុំ​​ជួប​ប្រទះរឿង​ដូច​​រូប​ខ្ញុំ ។ ពី​ខ្ញុំ ស.វ

អត្ថបទ៖ស.វ

 

 

គណនេយ្យ FB ​ក្លែងក្លាយ​​ចាក់​ដោត​​​ឲ្យ​បេះដូង​ខ្ញុំ​​ចុក​ឈាម​​

ទេវតា​​​មិន​អាណិត​មនុស្ស​​​ស្មោះ​សោះ!​ ​១០​ឆ្នាំ ចុង​​ក្រោយ​ខ្ញុំ​​ក្លាយ​​​ជា​ស្រី​​​​​​​​​ស្លាប់​បេះ​ដូង​​ព្រោះ​​​ប្រុស​មុខ​លុយ

សុំ​រួម​រ័ក​ច្រើន​ដង​ពេក​ ខ្ញុំ​​សម្រេច​ដើរ​ចេញ​ ត្រូវ​អត់? ប្រសិនបើ ​ប្រិយមិត្ត​ មាន​បញ្ហា​​ស្នេហា​ដែល​​​ចង់​ចែក​រំលែក​ដល់​មិត្ត​អ្នក​អាន​បាន​ជា​បទ​ ពិសោធន៍ ឬ​ជួយ​​ជា​យោបល់​ក្នុង​ការ​ដោះ​ស្រាយ​សូម​ផ្ញើ​អត្ថបទ​រឿង​រ៉ាវពិតរបស់​​​​​ ​​​​អ្នក​មក​កាន់​ pen.sophana@cidc.com.kh។ ឬ​អ្នក​​អាច​ទូរស័ព្ទ​មក​យើង ០១៦ ៥៩៦​ ៩០៥។ Sabay នឹង​ចុះ​​ផ្សាយ​​ជូន។

មតិយោបល់
អត្ថបទថ្មី