• 2015-04-20 16:40:34
  • ព័ត៌មាន

នេះ​ហើយ​​​ស្នេហា? ដើម្បី​គាត់​​​ខ្ញុំ​​​​​​ក្លាយ​ជា​តួ​ចិត្ត​អាក្រក់​​​ធ្វើ​បាប​បេះ​ដូង​​មនុស្ស​​ស្រី​ដូច​គ្នា ​​

  • 2015-04-20 16:40:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្ញុំ​គ្មាន​សេចក្តី​ក្លាហ៊ាន​នឹង​ប្រាប់​ការពិត​ដល់​គាត់​ ចឹង​ខ្ញុំ​មាន​តែ​ប្រាប់​ការ​ពិត​ដល់​អ្នក​ទាំង​អស់​គ្នា​ ទោះ​ដឹង​ថា​នឹង​ទទួល​ការ​ស្តី​បន្ទោស​ពី​អ្នក​ទាំង​អស់​គ្នា​ក៏​ដោយ ​តែ​ខ្ញុំ​នឹង​ទទួល ព្រោះ​ខ្ញុំ​ជា​មនុស្ស​អាក្រក់​ ជា​តួ​ឈ្នានីស​…

 

តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា​គួរ​បន្ត​ រឺ​មួយ​ក៏​បញ្ឈប់?

 

ពេល​នេះ​ខ្ញុំមិន​ដឹង​ថា​គួរ​បន្ត​ រឺមួយ​ក៏បញ្ឈប់​ការព្យាយាម​មួយ​នេះ​នោះ​ទេ?​៤​ឆ្នាំ​មុន​គាត់​ជា​មនុស្ស​ដែល​ លួច​ស្រលាញ់​ខ្ញុំ។ ថ្ងៃមួយគាត់ ក៏បាន សារភាព​ តែខ្ញុំបានបដិសេធ ពីព្រោះថាអ្នកដែល​ខ្ញុំលួច​ស្រលាញ់​ពេញចិត្ត គឺសិស្សច្បង​រៀន​លើ​ខ្ញុំមួយ​ថ្នាក់ ដែលជាប្អូនប្រុសទី២របស់គាត់។ ចំនែកវគាត់​រៀន​លើខ្ញុំពីរ​ថ្នាក់ ប៉ុន្តែគាត់​ហាក់​មិនបោះបង់នោះទេ។

 

សម្ព័ន្ធភាពរបស់ខ្ញុំនឹងបីនាក់បងប្អូនប្រុសគាត់នៅតែដដែល ប៉ាម៉ាក់របស់ពួកយើង​ជាអ្នកធ្វើការ​ជាមួយគ្នា​(មិត្តភក្តិ) ពួកយើងស្គាល់​គ្នាតាំង​ពី​តូច​ៗ ​ដូច្នេះចំពោះសម្ព័ន្ធភាពគឺស្និទ្ធស្នាលមិន​​តិចទេ។ កន្លងទៅពីឆ្នាំ(ក្រោយពីគាត់សារភាព)…ក្រោយពីទទួលបានការយកចិត្តទុកដាក់ ការជួយថែ​រក្សា​ការពារ​​ពីគាត់ខ្ញុំក៏​មាន ការទន់ ចិត្ត បន្តិច បន្តួច ដែរ តែចិត្តនៅ​តែមាន​ចំពោះប្អូន​ប្រុស​ទី២របស់គាត់​ដដែល​។ ខ្ញុំធ្លាប់គិតថាបើប្អូនប្រុស​របស់គាត់មិនទទួលយកខ្ញុំ ថ្ងៃណាមួយខ្ញុំប្រហែលជា​ អាច​ទទួល​យក​គាត់ អាចនិយាយបានថាខ្ញុំចាត់​ទុកគាត់ជាកង់​​សាគួ។ ប៉ុន្តែ ទេវតា ដូចជាមិននៅខាង​ខ្ញុំទាល់​តែ​សោះ អ្វីៗហាក់ប្រែប្រួលអស់។ មនុស្ស​ម្នាក់បានលេចមុខឡើង នាងឈានជើង​ចូលក្នុងជីវិត​បី​នាក់​បង​ប្អូនរបស់គាត់។

 

សម្ព័ន្ធរបស់ខ្ញុំនឹងពួកគេទាំងបីក៏ចាប់ផ្តើម ប្រែប្រួល មិនសូវស្និទ្ធស្នាលដូចពីកាលមុន ការឃ្លាតឆ្ងាយ ក៏ចាប់ផ្តើម​កើត​មានឡើង ការយកចិត្តទុក​ដាក់​​ ការខ្វាយខ្វល់ ខ្ញុំលែងបាន​ទទួលយកពីពួក​គេដូចមុន​ទៀតហើយ​ នោះដោយសារ​តែវត្តមាន​ របស់នារីម្នាក់នោះ ចូលមកក្នុងឋាន ជាអ្នក​ស្វែង​យល់​ចិត្តគ្នា​ជាមួយគាត់ វិនាទីនោះហើយដែលខ្ញុំយល់ថា ខ្លួនឯងដូចជាកំពុងបាត់បង់អ្វីមួយ។

 

ពេលវេលាកន្លងទៅ…នាងក៏បានក្លាយជាចំនែកនៃជីវិតរបស់ពួកគេទាំងបី។ ថ្ងៃ​មួយ​ខ្ញុំបាន​ឃើញ​នាង​នឹង​ប្អូន​ទីពីររបស់គាត់ប្រទាញប្រទង់​គ្នា មិន​​ដឹងថាមានរឿងអ្វីនោះទេ តែដូចជាដណ្តើម​អ្វី​មួយ​ពី​គ្នា សកម្មភាពនោះ ធ្វើអោយពួកគេមើលទៅស្និលស្នាលនឹងគ្នាណាស់ វាប្រៀបដូច​ជា​សង្សាដែល​កំពុង​តែ​ប្រលែង​គ្នាចឹង តែខ្ញុំបែបជាយល់ថាធម្មតាមិនមានប្រតិកម្មខ្លាំង ដូច​ពេល​បាន​ឃើញ​នាង​ដើរបណ្តើរគ្នា​ធម្មតាជាមួយ​គាត់​នោះទេ។ ខ្ញុំសួរខ្លួនឯងថា ហេតុអីក៏ខ្ញុំមិនខឹង ពេលឃើញបែបនេះ ក្រែងគេជា មនុស្សដែលខ្ញុំស្រលាញ់ មិនថា​ចឹង​​ហ្អេ? ហើយចុះ តើខ្ញុំ​ចាំបាច់​ខឹង​ស្អប់​ធ្វើអី បើគ្រាន់តែ​នាងបណ្តើរគ្នាធម្មតាជាមួយមនុស្ស​ដែលខ្ញុំមិនជ្រើសរើស​នួក? ពេលនោះខ្ញុំដឹងហើយថា អ្នកដែល​ខ្ញុំ​ស្រលាញ់​គឺគាត់ មិនមែនប្អូនប្រុសទី២ របស់គាត់នោះទេ។

 

ចិត្ត​ខ្ញុំស្រាប់តែប្រែប្រួល ក្នុងចិត្តគិត​​តែ​ម្យ៉ាង គឺខ្ញុំត្រូវតែដណ្តើមគាត់ត្រលប់មកវិញ អ្វីដែល​ខ្ញុំ​មិន​ជ្រើស​រើស​អ្នកដទៃ​ក៏គ្មាន​សិទ្ធរើសយកដូចគ្នា។ ខ្ញុំដឹងថាការគិតបែបនេះវាពិតជាអាត្មានិយមមែន ប៉ុន្តែ​ខ្ញុំឈប់មិនបាន។ ក្រោយមកខ្ញុំ​ក៏ក្លាយ​ជាតួចិត្តអាក្រក់ នេះ​យ៉ាងម៉េចហ្នឹង​ខ្ញុំ​មិន​យល់​ទាល់​តែ​​សោះ? ហេតុ​អីក៏ខ្ញុំលែងជាតួឯកដូចពីកាលមុនចឹង? ភាពលេចធ្លោ ការយកចិត្តទុកដាក់ ការ​ស្រលាញ់​ មិនថាការរៀន​សូត្រ ខ្ញុំ​ក៏​ប្រជែង​មិន​ឈ្នះ​នាង​ដែរ។ នាងទទួលបានស្រលាញ់ការរាប់អានពីមនុស្សគ្រប់គ្នាដោយសារភាពរស់រាយរាក់ទាក់របស់នាង។ ខ្ញុំកាន់តែ មិនចូល​ចិត្ត​នាង។ ប៉ុន្តែ​រឹកពារ​ខាង​ក្រៅ​របស់ខ្ញុំនៅតែសុភាពរាបសាដូចពីមុនដដែល តែ​ចិត្តគំនិតរបស់ខ្ញុំមិន​ដូចកាលពីមុន​នោះ​ទេ។ ខ្ញុំដឹងខ្លួនឯងច្បាស់ណាស់ តែខ្ញុំ​ធ្វើដូច​ពី​មុន​មិន​​បាន។  មាននាងខ្ញុំ បានត្រឹម​តែជាមនុស្សទី២ដែល​អ្នកដទៃ​នឹក​ដល់ ខ្ញុំពិតជាស្អប់នាងណាស់។ ខ្ញុំពិត​ជា​ស្តាយ​ក្រោយណាស់ ហេតុអីក៏ខ្ញុំមិន​ទទួលយកគាត់? មនុស្សដែលខ្ញុំធ្លាប់​តែមើលរំលង ពេលនោះ ហេតុអីក៏ខ្ញុំផ្តល់សារសំខាន់ចំពោះគាត់ខ្លាំងម៉្លេះ? រឺក៏ព្រោះតែខ្ញុំមានគូប្រជែង? ១​ឆ្នាំ​ក្រោយ នារីម្នាក់ នោះក៏បានចាកចេញ ដោយការផ្លាស់ប្តូរទីលំនៅ ខ្ញុំសប្បាយចិត្តណាស់ចំពោះការចាកចេញរបស់នាង ពីព្រោះ​គ្រប់យ៉ាង​នឹងក្លាយជារបស់ខ្ញុំដូចដើម ព្រោះខ្ញុំដឹងថាខ្ញុំនៅមានឪកាស ខ្ញុំនឹង​ប្រើ​ប្រាស់​ពេលវេលា​ដើម្បីលុប បំបាត់​អនុស្សាវរីយ៍​១​ឆ្នាំរបស់​គាត់ និងនាង។ ប៉ុន្តែ២ឆ្នាំជាងហើយដែលខ្ញុំព្យាយាម  មិនថាការយកចិត្តទុកដាក់​ ការ ខ្វាយ​​ខ្វល់​ភាព​ស្និទ្ធស្នាល ខ្ញុំបានផ្តល់អោយគាត់អស់ហើយ ប៉ុន្តែខ្ញុំដឹងថាគាត់នៅតែចងចាំនាងរហូត ហើយខ្ញុំក៏នៅ​តែចាញ់នាងដដែល ដរាប​ណា​ខ្ញុំមិនអាចធ្វើអោយគាត់បំភ្លេចនាង និងត្រលប់​មក​ស្រលាញ់​ខ្ញុំ​ដូច​ដើម​។ ខ្ញុំជាមនុស្សមិនសូវមានការតស៊ូប៉ុន្មានទេ ពីព្រោះ​ថាអ្វីៗ​ខ្ញុំ​ធ្លាប់​តែទទួលបាន​ដោយមិនបាច់​ចាំខំ​ប្រឹង​។ ពេល​នេះ​ខ្ញុំមិន​ច្បាស់​ខ្លួនឯង​នោះទេថា តើខ្ញុំពិតជាស្រលាញ់គាត់ពិតមែន រឺក៏គ្រាន់​តែចង់ឈ្នះ​ចិត្ត​គាត់ និងឈ្នះនារី​ម្នាក់នោះដោយ​ប្រយោល? ប៉ុន្តែខ្ញុំគ្រាន់​តែដឹងថាខ្ញុំមិនចង់បាត់​បង់​មនុស្សល្អ​ដូចជា​គាត់​នោះ​ទេ…! តែ​ខ្ញុំ​ក៏​នឿយហត់ណាស់ដែរ…!

 

ខ្ញុំមិនយល់… តើការតស៊ូព្យាយាមរបស់ខ្ញុំវាមិនទាន់គ្រប់គ្រាន់នឹងធ្វើអោយគាត់ស្រលាញ់ខ្ញុំមែនទេ? តើខ្ញុំពិតជាមិន អាចធ្វើអោយ​គាត់ស្រលាញ់​ខ្ញុំដូចកាលពីមុនបានមែនទេ? តើខ្ញុំពិត​ជាមិនអាច​ជំនួស​តំណែង និងឈ្នះ​នារីម្នាក់​នោះបានទេមែន ទេ?

 

មានរឿងមួយដែលខ្ញុំលាក់បាំងនឹងគាត់ គឺខ្ញុំបានជួបនឹងនារីម្នាក់នោះ អ្នកដែលចាកចេញពីគាត់ មនុស្សដែលធ្វើអោយ​ខ្ញុំលែងទទួលបាន ការ ស្រលាញ់​ពីគាត់ដូចកាលពីមុន។ ពេលបានជួបនាង​ខ្ញុំនិយាយច្រើនណាស់ ពាក់ព័ន្ធនឹងសម្ព័ន្ធ​ភាពរបស់ខ្ញុំ និងគាត់ គឺខ្ញុំចង់បង្ហាញថា រយពេល​ដែល​​នាង ឃ្លាតឆ្ងាយទៅ គាត់មិនបានកើតទុក្ខ ចំពោះការចាក​ចេញ​របស់​នាងនោះទេ ហើយគាត់ក៏រស់​នៅ​ យ៉ាង​សប្បាយ​រីករាយ​ដោយ​មាន​ខ្ញុំ​នៅក្បែរ។ រហូតមក ដល់ពេលនេះ គាត់ក៏មិនបាន​រង់ចាំ​នាង​ដែរ នាងគឺស្ទើរតែរលុបចេញពីការ ចងចាំរបស់គាត់ទៅហើយ ពីព្រោះពេលវេលា​រាល់ថ្ងៃ​របស់​គាត់ គឺខ្ញុំ…។ ទោះបីជាការពិតវាផ្ទុយពីនេះក៏ដោយ តែខ្ញុំសប្បាយចិត្តណាស់ដែលបាន និយាយ និង​សំដែង​​​កាយ​វិការ​ចេញ​ទៅ​ដោយ​​មានអត្ថន័យបែបនោះ។

 

 

រូប​តំណាង

ខ្ញុំ​មិន​បាន​យល់​ថា​ខ្លួន​ឯង​ខុស​ចំពោះមនុស្សស្រីដូចគ្នានោះទេ ពីព្រោះថាមនុស្សស្រី ដូចគ្នាម្នាក់​នេះ​ហើយ ដែលគេ​ជាគូប្រជែង និងជាសត្រូវ​របស់​ខ្ញុំ។ ប៉ុន្តែ…អ្នកដែល​ខ្ញុំមានអារម្មណ៍ថា​បាន​ធ្វើ​ខុស​ចំពោះ​​នួក គឺគាត់ ពីព្រោះខ្ញុំមិនបាន​លាក់បាំងគាត់ ចំពោះរឿងដែលបានជួបនាងនោះទេ តែ​ខ្ញុំ​បាន​លាក់​បាំង ការពិត រឿងមួយដែលខ្ញុំគិតថា​ខ្លួនឯងខុស​ធ្ងន់​នោះគឺខ្ញុំបានកុហកប្រាប់គាត់ ថានាង មានអ្នកថ្មីហើយ…។ គាត់មិនមាន​ប្រតិកម្ម​អ្វីនោះទេពេលបានលឺខ្ញុំ និយាយ​បែប​នោះ តែ​គាត់​គ្រាន់​តែ និយាយមួយម៉ាត់យ៉ាងខ្លី​ថា “ចឹងហ្អេ!” ខ្ញុំមិនចង់បានប៉ុណ្ណឹងទេ ខ្ញុំចង់​អោយ​គាត់មាន​ប្រតិកម្ម​ដោយ​​ការខូចចិត្ត ហើយសឹមកាត់ចិត្ត នឹងទន់ចិត្តចំពោះមនុស្សកំដចាំលួងលោម ដូចជាខ្ញុំ ហើយទី​បំផុតគាត់​នឹងទទួលយកខ្ញុំ។

  ប៉ុន្តែ ម៉េចក៏គ្រប់យ៉ាងមិនដូចការគិត របស់ខ្ញុំចឹង? ចាប់ពីថ្ងៃនោះមក គាត់នៅតែធម្មតា​ដដែល​គឺដូចរាល់ដងចឹង។ តែខ្ញុំមិនខ្វល់ទេ ខ្ញុំខ្វល់តែម៉្យាង ខ្ញុំខ្លាចថា​គាត់ដឹង​ការ​ពិត​ពីប្អូនប្រុសទី២របស់ គាត់ ព្រោះថ្ងៃនោះ​គេក៏បាន​ជួបនារីម្នាក់នោះជាមួយខ្ញុំដែរ តែគេ​មិនមែន​ជាមនុស្សមាត់ច្រើននោះ ព្រោះថាគេមិនសូវ​ជិតស្និទ្ធជាមួយ​អ្នកណា សូម្បីតែសមាជិកគ្រួសាររបស់ខ្លួនឯងមិនថាប៉ា រឺម៉ាក់​របស់​គេ​ទេ គេជា​មនុស្ស​ដែល​ខ្ញុំធ្លាប់​លួច​ស្រលាញ់​ តែពេលនេះមិនមែនទេ ដែល​សំខាន់គាត់​មិន​សូវ​ស្និទ្ធស្នាល​ជាមួយប្អូនប្រុសទី២របស់គាត់ ពីព្រោះគាត់ដឹងថា​ខ្ញុំស្រលាញ់​គេ​ទើប​គាត់​ក៏មិន​សូវជិត​ដិត​អាច​និយាយបានថា ខ្នក់ចិត្តចំពោះប្អូនប្រុសរបស់ខ្លួនឯង។ ខ្ញុំគិតថា​គាត់ប្រហែល​ជាគ្មានថ្ងៃ​ដឹង​នោះ​ទេថា ខ្ញុំកុហក ប៉ុន្តែ​ខ្ញុំខ្លាច​ពាក្យ​មួយម៉ាត់ថា ក្រដាសខ្ចប់ ភ្លើងមិនជិតនោះទេ…

 

តើ​ខ្ញុំ​គួរធ្វើយ៉ាងណាគួរប្រាប់គាត់ពីការពិត រឺក៏លាក់បាំងបន្តទៀត? ហើយបើខ្ញុំប្រាប់ការពិត តើ​គាត់​ពិត​ជា​​អធ្យាស្រ័យ​​អោយ​ខ្ញុំចំពោះ កំហុស​មួយ​នេះទេ? តើខ្ញុំនឹងបាត់បង់ឪកាសមែនទេ ពេល​គាត់​ដឹង​ការ​ពិត? សំនួរទាំងអស់នេះខ្ញុំឆ្លើយមិនចេញទេ ហើយក៏មិនដឹងថាគួរធ្វើយ៉ាង ណា​ដែរ? ជួយ​ឆ្លើយ​សំនួរ និងរកដំណោះ​ស្រាយអោយខ្ញុំផង! ពេលនេះខ្ញុំវិលវល់អស់ហើយ…។​

 

ប្រសិន​​បើ​ប្រិយមិត្ត​មាន​បំណង​​ចែក​រំលែក​រឿង​រ៉ាវ​ស្នេហា ឬ​បទ​ពិសោធន៍​ជីវិត នៅ​លើ Sabay ​ដើម្បី​ស្វែង​រក​មតិ​​​សូម​ផ្ញើ​អត្ថបទ​រឿង​រ៉ាវ​ពិត​របស់​អ្នក​មក​កាន់ pen.sophana@cidc.com.kh

 

ប្រុស​សោះ​ ថា​ម៉ែ​ឪ​បង្ខំ​​ឲ្យ​ការ ឬ​គ្រាន់​ជា​លេស​​គាត់​ទាំង​មិន​​អាសូរ​​​​​បេះ​ដូង​​​ខ្ញុំ​​​​​ដែល​រង់ចាំ​គាត់​​រាប់​ឆ្នាំ? ​ ទេវតា​​​មិន​អាណិត​មនុស្ស​​​ស្មោះ​សោះ!​ ​១០​ឆ្នាំ ចុង​​ក្រោយ​ខ្ញុំ​​ក្លាយ​​​ជា​ស្រី​​​​​​​​​ស្លាប់​បេះ​ដូង​​ព្រោះ​​​ប្រុស​មុខ​លុយ

មតិយោបល់
អត្ថបទថ្មី