• 2015-05-22 16:40:22
  • ព័ត៌មាន

ខ្ញុំ​គួរ​ដើរ​ចេញ ឬ​​បន្ត​ទ្រាំ​នឹង​​ប្រុស​ស្មោះ​ស្នេហ៍​ដ៏​គួរឲ្យ​ធុញ​ដូច​គាត់​ទៅ?

  • 2015-05-22 16:40:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្ញុំ​ពិត​ជា​ចូលចិត្ត​ទំព័រ​ “ស្នេហ៍​ខ្ញុំ”​ របស់​គេហទំព័រ​ Sabay ជា​ខ្លាំង។ ​​អត្ថបទ​​​យ៉ាង​សន្ធឹក​សន្ធាប់​ដែល​​បាន​ចុះ​​លើ​ទំព័រ​​នេះ​ ​បាន​បង្រៀន​ខ្ញុំ​ជា​ច្រើន​អំពី​ជីវិត​ស្នេហា។ ​​ដោយសារ​ខ្ញុំ​​ក៏​មាន​​វិបត្តិ​ស្នេហា​ដែរ​ ​​ខ្ញុំ​​ក៏​បាន​សម្រេច​ផ្ញើ​អ៊ីមែល​ទៅ​កាន់​អ្នក​ដើម្បី​រៀបរាប់​ពី​រឿងរ៉ាវ​ស្នេហា​ខ្ញុំ។ ​សង្ឃឹម​ថា ​​អ្នក​នឹង​ជួយ​ចុះ​ផ្សាយ​អត្ថបទ​របស់​ខ្ញុំ​ដើម្បី​ទទួល​បាន​មតិ​​ពី​មិត្ត​អ្នក​​អាន។

 

ខ្ញុំ ​ជា​មនុស្ស​ដែល​អាច​និយាយ​បាន​ថា​ មានចំនុច​ល្អ​ច្រើន​ ទាំង​ការងារ​ ទាំងការ​សិក្សា​កំរិត​បញ្ញាប័ត្រ​ផ្នែក​អក្សរ​សាស្រ្ត​អង់គ្លេស​ និង​ជាគ្រូ​បង្រៀន​ភាសា​អង់គ្លេស​នៅ​វិទ្យាស្ថាន​ឯកជន​ល្បី​ឈ្មោះមួយ​កន្លែង ​ក្នុង​រាជ​ធានី​ភ្នំពេញ។ ចំពោះ​ប្រាក់​ខែ​សម​ល្មម​នឹង​ទទួល​យក​បាន​ ចំនែក​រូប​សម្បត្តិ​អាច​ចាត់​ទុក​ថា​ ជា​ស្រី​ស្អាត​ម្នាក់​បាន​ ពិសេស​ខ្ញុំ​មាន​បុគ្គលិក​លក្ខណៈ​ពិសេស​គួរ​ជាទី​ចាប់អារម្មណ៍​ ដែល​មាន​ភាព​ទាក់ទាញ​ចំពោះ​ភេទ​ផ្ទុយ​គ្នា។ នេះ​ជា​ចំនុច​ដែល​ធ្វើឲ្យ​គ្រប់​មនុស្ស​ស្រី​ដូច​គ្នា​មាន​ការ​ច្រណែន​ចំពោះ ​ខ្ញុំ។ គ្រប់​បុរស​ដែល​បាន​ជួប​ បាន​និយាយ​ជាមួយ​ខ្ញុំ​ ហើយតែងតែ​ចង់​​បង្កើត​​ទំនាក់​ទំង​ជាមួយ​ខ្ញុំ​ ប៉ុន្តែ​បញ្ហា​គឺ​នៅ​​​ត្រង់​​ថា ខ្ញុំ​មាន​មិត្ត​ប្រុស​រួច​ទៅ​ហើយ។

មាន ​មនុស្ស​​ប្រុស​ល្អ​ៗ​​ជា​ច្រើន​ដែល​បាន​ដើរ​ចេញ​ពី​ខ្ញុំ​ ព្រោះ​មិន​ចង់​ចំណាយ​ពេល​វេលា​ឥតប្រយោជន៍​ជាមួយ​មនុស្ស​ដែល​មាន​ម្ចាស់​រួច​ ទៅ​ហើយ​។​ នេះ​គឺ​ដោយសារ​តែ​ពួកគេ​មិនចង់​មាន​ទំនាក់​ទំនង​លែង​សើច​បែប​ក្មេង​យុវវ័យ​ ទូទៅ​ជា​មួយ​ខ្ញុំ​ទេ​ តែ​​ចង់​បង្កើត​គ្រួសារ​​ពិត​មួយ​​ជាមួយ​ខ្ញុំ។

 

ពេល ​ខ្លះ​ខ្ញុំ​ធ្លាប់​គិត​ថា​ បើ​ខ្ញុំ​លះ​បង់​មនុស្ស​ដែល​ខ្ញុំ​កំពុង​មាន​ទំនាក់​ទំនង​ស្នេហា​មួយ​នេះ​ ចោល​ ហើយ​ទៅ​ស្វែង​រក​អ្នក​ថ្មី​ដែល​ល្អ​ជាង​នេះ​ តើ​ល្អ​ទេ? ហើយ​តើ​អ្វី​ដែល​ខ្ញុំ​ទទួល​បាន​ពិត​ជា​ស័ក្តសម​នឹង​អ្វី​ដែល​ខ្ញុំ​លះ​បង់​ ​នេះ​​​ដែរ​ទេ? ខ្ញុំ​តែងតែ​ចោទ​សួរ​ខ្លួន​ឯង​បែប​នេះ​ជា​និច្ច ប្រហែល​ដោយសារ​តែ​បែបនេះ​ហើយ ​ទើប​ធ្វើឲ្យ​ខ្ញុំ​នៅ​តែបន្ត​ទំនាក់ទំនង​ដ៏​សុំាញុំា​ជាមួយ​មិត្តប្រុស​ បច្ចុប្បន្ន​របស់​ខ្ញុំ។

 

គាត់​កំព្រា ​តែ​ស្មោះ​ស្នេហ៍

ប្រុស​ស្នេហ៍​របស់​ខ្ញុំ​​ពិត​ជា​ប្រាកដ​ប្រជា​​​ជាមួយ​ខ្ញុំ​ ដោយ​​​ចង់​រៀបការជា​មួយ​គ្នា​​​នៅ​ថ្ងៃ​ណា​មួយ​។ ឆ្នាំ​នេះ​គាត់​​អាយុ​២៨​ហើយ  ចំនែក​ខ្ញុំ​អាយុ​ទើប​តែ​២៣​ឆ្នាំទេ។ ពួក​យើង​គិតថា នឹងរៀបការ​នៅ​ចុងឆ្នាំ​ក្រោយ។  ពេល​ខ្លះ​ខ្ញុំ​មាន​អារម្មណ៍​រាររែក ព្រោះ​​ខ្ញុំ​ដូច​ជា​មានអារម្មណ៍​អាណិត​គេ​ច្រើន​ជាង​ស្រលាញ់។ គេ​ជា​មនុស្ស​ដែល​ត្រូវ​ម្តាយ​បោះ​បង់​ចោល​តាំង​ពី​តូច។ ចំនែក​ឪពុក​ស្លាប់​ចោល​ដោយសារ​តែ​គ្រាំ​ចិត្តចំពោះ​ការ​ក្បត់​ចិត្ត​ របស់ភរិយា។ គេ​បាន​ក្លាយ​ជា​កូន​​កំព្រា​ គ្មាន​​បងប្អូនសោះ​​​ព្រោះ​ជាកូន​ទោល។

គាត់​កើត​ក្នុងគ្រួសារ​ដែល​ ចាត់ទុក​ថា​ធូរធារ​គួរសម​ ព្រោះ​ឪពុក​របស់​គាត់​បាន​បន្សល់​ទ្រព្យ​ជា​ដីធ្លី និង​ប្រាក់​កាសឲ្យ​គ្រាន់​​បើ​ដែរ។ មនុស្ស​ប្រុសម្នាក់​ដែល​ឆ្លង​កាត់​ពេលវេលា​ឯកា​ និង​ពេលវេលា​ឈឺចាប់ លំបាក​តស៊ូ​ដោយ​គ្មាន​បង្អែក​ រស់​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ជីដូន​ចាស់​ ចំនែក​អ៊ំ​ពូមីង​ទៀត​ ក៏​គិត​តែ​ពី​ទ្រព្យសម្បត្តិ​ដែល​ជីដូន​មាន​ មិន​គិត​ពីសាច់​ញាតិ​ ជាហេតុ​ធ្វើ​ឲ្យ​គេ​កាន់​តែ​គ្មាន​ភាព​ជា​គ្រួសារ​កាន់​តែ​ខ្លាំង​ ព្រោះ​តែ​ទំនាស់​ដណ្តើម​ទ្រព្យ​សម្បត្តិ។

ក្រៅ​ពី​ខ្ញុំ​ សង្សារ​ខ្ញុំ​គ្មាន​អ្នកណា​ទៀត​ទេ​ ដោយសារ​រឿង​ទាំង​នេះ​ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​អាណិតគាត់។ មកដល់​ពេល​នេះ​ ខ្ញុំ​ទាក់​ទងគ្នា​រយៈពេល២ឆ្នាំ​ហើយ​ អនុស្សាវរីយ៍​ក៏​មាន​រាប់​មិន​អស់។ គេចង់​រៀប​ការ​ជាមួយ​ខ្ញុំ ចង់​ប្រើ​ជីវិត​ជាមួយ​គ្រួសារ​ដ៏​ពេញ​លេញ​មួយ​​ជា​មួយ​​ខ្ញុំ​​ ដែល​មាន​ប៉ាម៉ាក់​ និង​ប្អូន​ស្រី​២​នាក់។ គេចង់​បាន​គ្រួសារ​មួយ​ដ៏​កក់​ក្តៅ​ ចង់​រស់​នៅ​រួមគ្នា​ជា​មួយ​ខ្ញុំ។ ខ្ញុំ​យល់​ច្បាស់​ពី​អារម្មណ៍​របស់​គាត់​ ព្រោះ​ខ្ញុំ​ក៏ធ្លាប់​ឃ្លាត​ឆ្ងាយ​ពី​ប៉ាម៉ាក់​រយៈពេល​១០​ឆ្នាំ​ដែរ។ ខ្ញុំ​ក៏​ធ្លាប់​ឆ្លង​កាត់​ពេល​វេលាឯកា​បែបនេះ​ជាមួយ​ប្អូន​ស្រី​២នាក់​ទៀត​ របស់ខ្ញុំ​ដែរ។

 

បែប​នេះ​ទើប​ខ្ញុំ​ដឹង​ថា​ អារម្មណ៍​ដែល​គ្មាន​សាច់​ញាតិ​ វា​ឈឺ​ចាប់​ វេទនា និង​ឯកា​ខ្លាំង​ប៉ុណ្ណា។ ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​កំពុង​ស្ថិត​ក្នុង​កាលៈ​ទេសៈ​បែប​នេះ​ ខ្ញុំ​មាន​អ្នក​ជួយ​ចែក​រំលែក​ទុក្ខ​ព្រួយ​ ចុះ​ទំរាំ​គាត់​ឆ្លង​កាត់​ម្នាក់​ឯង​ ដែល​​គ្មាន​​អ្នក​​ជួយ​​រំលែក​​ទុក្ខ​​ តើ​វា​ពិបាក​ខ្លាំង​កំរិត​ណា?

 

ប៉ុន្តែ ​និយាយ​តាម​ត្រង់ទៅ​ចុះ​ គាត់​គ្មាន​ចំនុច​ល្អអ្វីទាំងអស់​ក្រៅ​ពី​ស្រលាញ់​ខ្ញុំ​តែ​ម្យ៉ាង។ គាត់​ឲ្យ​ខ្ញុំ​គ្រប់​យ៉ាង​ ទាំង​ការយក​ចិត្ត​ទុក​ដាក់​ ការ​ព្រួយ​បារម្ភ​ ការ​មើល​ថែ​ និង​ការស្រលាញ់​ដ៏លើស​លប់​ ប៉ុន្តែ​វាច្រើនពេក​សម្រាប់​ខ្ញុំ រហូត​ដល់ខ្ញុំ​ដក​ដង្ហើម​មិន​រួច។ គាត់​ចំណាយ​ពេល​នៅ​ជាមួយ​ខ្ញុំ​ច្រើន​ ច្រើន​រហូត​ដល់​ខ្ញុំ​គ្មាន​ពេលវេលា​ផ្ទាល់​ខ្លួន​ជា​របស់​ខ្លួន​ឯង។ ខ្ញុំចង់មាន​ពេល​ដែល​ចង់​ធ្វើអី​ក៏ធ្វើ​ស្រេច​តែ​ចិត្ត​ខ្ញុំ​ មិនមែន​យក​ពេលវេលា​មក​កំដរ​គាត់​រហូតបែប​នេះ​ទេ។

 

ទាំងនេះ​វាបាន​ បង្កើត​ជា​អារម្មណ៍​ដ៏​ធុញ​ទ្រាន់​ម្យ៉ាង​ដល់​ខ្ញុំ​ តែខ្ញុំ​ធ្លាប់​គិត​ថា​ បើក្រៅ​ពីខ្ញុំ​ គាត់​​មាន​អ្នក​ផ្សេង​ទៀត​ទេ? ជាក់ស្តែង​គឺគ្មាន​ទេ​ គាត់​គ្មាន​សូម្បី​តែ​មិត្តភ័ក្តិ។ មនុស្ស​ដែល​គ្មាន​គ្រួសារ​ សាច់​ញាតិ មិត្តភ័ក្តិ​ ចុះ​បើ​អស់​ពី​ខ្ញុំ​ទៀត​ តើ​គាត់​​រស់​បាន​យ៉ាង​ម៉េច?

រស​និយម​ខុស​គ្នា​ធ្វើ​​ឲ្យ​ខ្ញុំ​ពិបាក​​ចិត្ត

​ ខ្ញុំជាមនុស្ស​ដែល​ស្រលាញ់​ភាព​ស្រស់​ស្អាត ភាព​មាន​បាន​ ប៉ុន្តែសង្សារ​ខ្ញុំ​ផ្តល់​ឲ្យ​ខ្ញុំ​មិន​បាន​ទេ។​ គ្រប់ពេល​ដែល​យើង​បណ្តើរ​គ្នា​ គ្មាន​ត្រង់ណា​ដែល​គាត់​ស័ក្តិសម​នឹង​ខ្ញុំ​បន្តិច​ឡើយ។ គាត់​​តែង​ខ្លួន​ចាស់​បុរាណ​ ចំនែក​ខ្ញុំជា​មនុស្ស​ទាន់សម័យ​ចូលចិត្ត​ភាព​ឡូយ​ឆាយ។​ នេះ​ជាហេតុ​ដែលធ្វើឲ្យ​ខ្ញុំ​មិន​ពេញ​ចិត្ត​គាត់​ ព្រោះ​យើង​មាន​រស​និយម​ផ្សេង​ពី​គ្នា។ ខ្ញុំមិន​សប្បាយ​ចិត្តសោះ​ដែល​ត្រូវ​គ្រប់​គ្រង​ការ​ស្លៀកពាក់​ ការ​រៀប​ចំខ្លួន​ឲ្យ​មាន​កំរិត​ ដើម្បីឲ្យ​ស័ក្តិសម​ជាមួយ​គាត់។ គាត់​ជា​មនុស្ស​មាន​មុខ​មាត់​ស្អាត​បាត​ ប៉ុន្តែ​មិន​ចេះ​រៀប​ចំ​ខ្លួន​ មិន​ថា​ខ្ញុំ​ព្យាយាម​និយាយ​ប្រាប់​គាត់​​ឲ្យ​កែ​លម្អ​ឡើងវិញ​ប៉ុណ្ណា​នោះ​ ទេ ហើយ​គាត់​ក៏​ខំ​ព្យា​យាម​កែ​ប្រែ​ខ្លួន​ឯង​ឲ្យ​ស័ក្តសម​ជាមួយ​​ខ្ញុំ​ដែរ​ ប៉ុន្តែ​ការ​ព្យាយាម​របស់​គាត់​នៅ​តែ​មាន​កំរិត​នៅ​ឡើយ។

មាន​ពេល​ខ្លះ ​គិត​ថា​ ស្រលាញ់​មនុស្ស​ម្នាក់​ត្រូវ​ទទួល​យក​អ្វី​ដែល​​ជា​ខ្លួន​​គេ​មាន​ តែ​បើ​មាន​ភាព​ខុស​គ្នា​ខ្លាំង​ពេក ខ្ញុំ​ក៏​ពិបាក​នឹង​ធ្វើ​ចិត្ត​ទទួល​យក​ដែរ។ មាន​ច្រើន​ទៀត​ គាត់​ជា​មនុស្ស​ចូលចិត្ត​និយាយ​ច្រើន​ ចូលចិត្ត​ប្រកែក​យក​ឈ្នះ​ មិន​ស្តាប់​គំនិត​របស់​អ្នក​ដទៃ​ ប្រកាន់​យក​គំនិត​ខ្លួន​ឯង​ជា​ធំ​ ជួនកាល​គាត់​ទាស់​សំដី​ និង​សម្ដែង​ឥរិយាបថ​ធ្វើ​ឲ្យ​ប្អូន​ស្រី​ទាំង​ពីរ​របស់​ខ្ញុំ​មិន​ពេញ​ចិត្ត ​ក៏​មាន។ ប្អូនស្រីទាំង​ពីរ​របស់​ខ្ញុំ​ឧស្សាហ៍​តឿន​ខ្ញុំ​ណាស់​ ថា​ឲ្យ​ខ្ញុំ​ពិចារណា​ឲ្យ​បាន​ច្បាស់​លាស់​មុន​នឹង​សម្រេច​ចិត្ត​រៀបការ​ជា​ មួយ​គាត់។

ពិតមែន​ហើយ​ ស្រលាញ់​គ្នាមិន​មែន​ជា​រឿង​របស់​មនុស្ស​ពីរ​នាក់​នោះ​ទេ ​អ្វី​ដែល​សំខាន់​ តើ​គេ​ចុះ​សម្រុង​នឹង​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​ ដូច​ជា​ក្រុមគ្រួសារ​បង​ប្អូន​ ឬ​មិត្តភ័ក្តិ​របស់​យើង​​អត់?

 

គាត់​គំរាម​ខ្ញុំ​ បើ​ខ្ញុំ​ធ្វើ​អីចឹង​ទៀត​ ខ្ញុំធ្លាប់​សាក​ល្បង​ធ្វើ​ខ្លួន​ឃ្លាតឆ្ងាយ​ពីគាត់​ដោយ​ប្រាប់​គាត់ថា​ ខ្ញុំ​ចង់​មាន​ពេល​ជា​របស់​ខ្លួន​ឯង​ខ្លះ។ មាន​ម្តង​នោះ​ ខ្ញុំ​មិន​បាន​ជួប​មុខគាត់​ដល់​ទៅ​មួយ​អាទិត្យ​ ដែល​តាម​ធម្មតា​យើង​ជួប​មុខ​គ្នា​រាល់​ថ្ងៃ​មិន​លស់។

 

មួយ​អាទិត្យ​ដែល ​គ្មាន​គាត់​ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់។ ខ្ញុំ​មាន​ពេល​ជា​របស់​ខ្លួន​ឯង​ ចង់​ធ្វើ​អី​ធ្វើ​ហ្នឹង​ មិន​ចាំ​បាច់​ខ្វល់​ពីអ្នក​ណា។ មួយ​អាទិត្យ​បែក​គ្នា​សម្រាប់​គូ​សង្សារ​​ធម្មតា គឺ​​ប្រាកដ​ជា​នឹក​គ្នា​ស្លាប់​មិន​ខាន​ តែ​ចំពោះ​ខ្ញុំ​ វា​បែរ​ជា​រីករាយ​ គ្មាន​ចិត្ត​នឹក​កើត​ទុក្ខ​អី​បន្តិច​ទេ។ ខ្ញុំ​មាន​អារម្មណ៍​ស្រាល​ខ្លួន គ្មាន​សំពាធ​ គ្មាន​ការធុញ​ទ្រាន់​ ទាំងនេះ​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ថា ខ្ញុំ​អត់​បាន​ស្រលាញ់​គាត់​ខ្លាំង​ណាស់​ណា​នោះ​ទេ​ ព្រោះបើ​គ្មាន​គាត់​ ខ្ញុំ​ក៏​នៅ​បាន ហើយ​អាច​នឹង​រីករាយ​ជាមួយ​ជីវិត​ដែល​មិន​មាន​គាត់​ទៀត​ផង។

 

ប៉ុន្តែ ​បើ​ធ្វើ​បែប​នេះ​ វា​អយុត្តិធម៌​ចំពោះ​គាត់​ពេក​ហើយ! គ្មាន​ខ្ញុំ​គាត់ឯកា​ និង​ក្រៀម​ក្រំ​ខ្លាំង​ណាស់។ ភាព​ព្រងើយ​កណ្តើយ​ដែល​ខ្ញុំ​សម្តែង​ចេញ​មក​ធ្វើ​ឲ្យ​គាត់​ដឹង​ថា ខ្ញុំហាក់​ដូច​ជា​ធុញ​ទ្រាន់​នឹង​គាត់ ហើយ​​ចង់​បែក​គ្នា​ នេះ​ធ្វើ​ឲ្យ​គាត់​ប្រាប់​ខ្ញុំ​ថា​ បើ​អស់​ពីខ្ញុំ​ទៅ​ គាត់​មិន​រស់​នៅ​ទៀត​ទេ​ ព្រោះ​មិន​ដឹង​ថា​ រស់នៅ​ដើម្បី​អ្នក​ណា។ គាត់ថា បើ​ខ្ញុំឃ្លាត​ឆ្ងាយ​ពី​គាត់​តែ​មួយអាទិត្យ​ទៀត​ ខ្ញុំ​អាច​នឹង​ទទួល​ទូរសព្ទ​ឲ្យ​ទៅ​ចូលរួម​ពិធី​បុណ្យ​សព​របស់​គាត់​ជាមិន​ ខាន។ ឮគាត់​និយាយ​បែប​នេះ​ ខ្ញុំ​ភ័យ​ខ្លាំង​ណាស់ ខ្ញុំ​ខ្លាច​ថា​ គាត់​អាច​នឹង​គិត​ខ្លី​ ធ្វើ​រឿង​មិន​ល្អ​ចំពោះ​ខ្លួន​ឯង។ នេះអាច​ចាត់​ទុក​បាន​ថា គាត់​គំរាម​សម្លាប់​ខ្លួន​ បើ​ខ្ញុំ​បែក​ពី​គាត់។

 

ខ្ញុំ ​មិនចង់​ជឿទេ​ថា មនុស្ស​ដែល​រៀន​ថ្នាក់​អនុបណ្ឌិត​ មានចំណេះ​ដឹង​ជ្រៅជ្រះ​ដូចជា​គាត់ នឹងធ្វើទង្វើ​ដ៏​ល្ងង់​ខ្លៅ​បែប​នេះ តែ​ភាពហ្មត់​ចត់​របស់គាត់​ធ្វើឲ្យ​ខ្ញុំ​ដឹង​ថា គាត់​ពិត​ជាហ៊ាន​ធ្វើ​ពិត​មែន។  ខ្ញុំ​មិន​ចង់​មាន​បាបកម្ម​ មិន​ចង់​ព្រោះ​តែ​ខ្ញុំ​ធ្វើឲ្យ​គាត់​បាត់បង់​ជីវិត​ឡើយ​ បែបនេះ​ទើប​ខ្ញុំ​នៅ​តែបន្ត​សេពគប់​ជា​មួយ​គាត់​ដដែល​ ដោយ​ប្រាប់​ខ្លួន​ឯង​ថា យ៉ាងណា​ក៏​គាត់​ស្រលាញ់​ខ្ញុំខ្លាំង​បំផុត​ដែរ​។ តែ​បើខ្ញុំ​រក​អ្នក​ថ្មី​ហើយ​ តើ​អ្នក​ផ្សេង​​នឹង​ស្រលាញ់​ខ្ញុំ​ខ្លាំង​ដូច​ជា​គាត់​ដែរ​ទេ?

 

ខ្ញុំ និងគាត់​បាន​រៀប​ចំ​គម្រោង​ជីវិត​ជាមួយ​គ្នា។ ​ ពួកយើង​មាន​គម្រោង​សង់​ផ្ទះ​ធំមួយ​មុន​ពេល​ពួក​យើង​រៀបការ​នៅ​លើដី​ធំ​មួយ​ ដែល​ជា​សម្បត្តិផ្ទាល់​ខ្លួន​របស់​គាត់ ដែល​សល់​ពីឪពុក ​ស្ថិត​នៅក្នុង​រាជធានី​ភ្នំពេញ​តែ​ម្តង​ ប៉ុន្តែ​វា​ពិបាក​ត្រង់​ថា គាត់​ត្រូវ​សន្សំ​លុយ​ចូល​ស្តី​ដណ្តឹង​ខ្ញុំ​ និង​លុយ​ទុក​ចាត់ចែង​ពិធី​រៀប​អាពាហ៍ពិពាហ៍។ នេះធ្វើ​ឲ្យ​យើង​មាន​បញ្ហា​ផ្នែក​សេដ្ឋកិច្ចធ្ងន់​គួរ​សម​ដែរ​ បញ្ហា​គឺ​យើង​គ្មាន​លុយ​​គ្រប់គ្រាន់​នឹង​សង​ផ្ទះ។

 

រូប​តំណាង

រៀប​ការ​ហើយ​ មិន​ចង់​ហត់​នឿយ!

 

ចំនែក​ខ្ញុំ​ បើ​គ្មាន​ផ្ទះ​ដែល​ជាទី​លំនៅ​ដ្ឋាន​គួរ​សម​សម្រាប់​រស់​នៅ​ក្រោយ​ពេលរៀបការ​ ទេ នោះ ខ្ញុំ​មិន​រៀប​ការ​ជា​ដាច់​ខាត​ ព្រោះ​ខ្ញុំ​ចង់ឲ្យ​ប៉ាម៉ាក់​ និង​ប្អូន​ស្រីទាំង​ពីរ​របស់​ខ្ញុំ​បាន​រស់​នៅ​សុខ​ស្រួល។ ម៉្យាង​គ្រួសារ​របស់​ខ្ញុំ​ក៏​មិន​សូវ​ជា​ធូរធារ​ប៉ុន្មាន​ដែរ​ យើង​រស់​នៅ​ក្នុង​ផ្ទះ​តូច​មួយ​តែ​ប៉ុណ្ណោះ​ បែប​នេះ​ទើប​ខ្ញុំ​ចង់​ឲ្យ​ពេល​ខ្ញុំ​ដែល​ជាកូន​ច្បង​រៀបការ​រួច​ ចេញ​ទៅ​ហើយ​អាច​ជួយ​ក្រុមគ្រួសារ​ឲ្យ​ខ្ពស់​មុខ​ខ្ពស់​មាត់​ជាង​មុន  បែបនេះ​ទើប​ជា​​កូន​កត្តញ្ញូ​ចំពោះ​អ្នក​មានគុណ​ទាំងពីរ​​​​ ដែល​គាត់​ក៏​មាន​អាយុ​ច្រើន​ណាស់​ទៅហើយ។

ប៉ាម៉ាក់​ខ្ញុំ​មិន​ចង់​ឲ្យ​ ខ្ញុំរៀបការ​ហើយ​ទៅ​ជួល​ផ្ទះ​គេនៅ ឲ្យ​លំបាក​វេទនា​នោះ​ទេ។ នេះជាហេតុ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​បញ្ហា​ស្មុគស្មាញ​ចំពោះ​រឿង​លុយ​កាក់។  មិត្តប្រុស​របស់​ខ្ញុំ​គិតថា​នឹង​ដាក់​ប្លង់ដី​បញ្ចាំ​ដើម្បី​យក​លុយ​មក​លើក ​ផ្ទះ​ និង​សង់​បន្ទប់​ជួល​ខ្លះ​ៗ​ដើម្បី​អាច​រក​ចំណូល​បន្ថែម​ បង្វិល​សង​ធនាគារ​វិញ។​ ចំពោះ​ការ​ប្រាក់​ និង​លុយ​ដែល​ត្រូវ​សង បើ​គិត​ទៅ​មួយ​ខែៗ​ក៏ច្រើន​គួរសម​ដែរ​ ហើយ​គាត់​បាន​ប្រាប់​ថា គាត់​មិនឲ្យ​ខ្ញុំ​លំបាក​នោះ​ទេ​ តែ​គ្រាន់​តែគិត​ក៏ដឹង​ទៅហើយ​ថា​ ពេល​សង់ផ្ទះ​រួច​ រៀបការ​ហើយ​ត្រូវ​ខំប្រឹង​ធ្វើ​ការ​រក​លុយ​មក​សង​បំណុល។​ ខិតខំ​ទាំងប្តី​ទាំង​ប្រពន្ធ ទំរាំ​នឹង​មានបាន ក៏​យូរ​គួរ​សម​ដែរ។

 

គេ ​និយាយ​ថា ភាព​មាន​បាន​នឹង​មក​តាមពី​ក្រោយ ឲ្យ​តែ​យើង​តស៊ូ​ខិតខំ​ប្រឹងប្រែង​ជាមួយ​គ្នា ប៉ុន្តែ​ខ្ញុំខ្លាច​ថា ខ្ញុំ​ជំនះ​មិន​បាន​ ខ្ញុំ​លំបាក​មក​គ្រប់គ្រាន់​ហើយ រក​ការងារ​ធ្វើ​កំពុង​ពេល​រៀន​នៅ​សាកល​វិទ្យាល័យ​ ដើម្បី​បង់​ថ្លៃ​សិក្សា​ខ្លួន​ឯង​ ថ្លៃ​ចាយ​វាយ​ផ្ទាល់​ខ្លួន​​ ដើម្បី​កាត់បន្ថយ​ការ​ចំណាយ និង​ការ​ផ្គត់ផ្គង់​ក្នុង​ក្រុម​គ្រួសារ។ ខ្ញុំ​ជំនះ​ឧបសគ្គ​មក​ច្រើន​ហើយ។ ហើយ​ឲឡូវ​នេះ​​ត្រូវ​តស៊ូ​ប្រឹង​ប្រែង​បន្ត​ទៀត​ ខ្ញុំ​ពិត​ជា​នឿយហត់​ខ្លាំង​ណាស់។ ខ្ញុំក៏ដូច​មនុស្សស្រីទូទៅ​ដែរ ស្រលាញ់ភាព​សុខ​ស្រួល ភាព​មាន​បាន​ និង​ខ្ញុំមិន​ចង់​លំបាក។

 

ប៉ុន្តែ​ បើ​គ្រាន់តែ​ការ​ខ្លាច​ភាព​នឿយ​ហត់​របស់​ខ្ញុំ​ធ្វើឲ្យ​ខ្ញុំត្រូវ​បោះបង់​ គាត់ចោល ហើយ​ទៅ​រក​អ្នក​ថ្មី​ទៀត​ តើ​ខ្ញុំត្រូវ​ចំណាយ​ពេល​យូរ​ខ្លាំង​ប៉ុណ្ណា​ទំរាំរក​បានមនុស្ស​ដែលស័ក្ត​សម ​នឹង​ខ្ញុំ​ ស្រលាញ់​ខ្ញុំ ហើយ​អាច​ទទួល​យកលក្ខខណ្ឌ​របស់​ខ្ញុំ?​ ​ជួនកាល​អ្នក​ផ្សេង​អាច​នឹង​ស្រលាញ់​ខ្ញុំ​ តែ​ទទួល​យក​លក្ខខណ្ឌ​គ្រួសារ​ដែល​មិន​សូវ​ជាធូរធារ​របស់​ខ្ញុំ​មិន​បានឡើយ។

បែប ​នេះ​ តើ​ខ្ញុំ​ត្រូវចំណាយ​ពេល​វេលា​យូរ​ប៉ុណ្ណា​ទើបអាចរកឃើញ​មនុស្ស​ដែល​កើត​មក​ សម្រាប់​មនុស្ស​ស្រី​ដូច​ជា​ខ្ញុំ? ម្យ៉ាង​ខ្ញុំ​ក៏​មាន​អាយុ​ច្រើន​គួរសម​ហើយ​ដែរ។ គេ​និយាយ​ថា​ ប្តីប្រពន្ធ​ដែល​ខំតស៊ូតាំង​ពីបាត​ដៃ​ទទេ​ នឹង​ស្រលាញ់​គ្នា​បាន​យូរ​អង្វែង​ តែ​ខ្ញុំ​ពិត​ជាហត់​នឿយ​ខ្លាំង​ណាស់។ ខ្ញុំ​ខ្លាច​ថា វា​បង្កើត​ឲ្យ​មានការធុញ​ទ្រាន់​ដល់​ខ្ញុំ លែង​មាន​អារម្មណ៍​អាណិត​ស្រលាញ់​គ្នា​តទៅ​ទៀត។​ បើ​បែប​នេះ​តើជីវិត​អាពាហ៍ពិពាហ៍​នឹង​ប្រេះ​ស្រាំ ឬយ៉ាង​ណា?

ខ្ញុំចង់​សុំ​ជា​យោបល់​ពី​ប្រិយមិត្ត​អ្នក​អាន​គេហទំព័រមួយនេះ​ទាំង​អស់​គ្នាឲ្យ​ជួយ​ផ្តល់​គំនិត​ដល់​ខ្ញុំ​ខ្លះៗ។

 

សំនួរ ១) តើ​ខ្ញុំ​គួរតែ​បោះ​បង់​គាត់​ចោល​ ហើយ​ស្វែង​រកអ្នក​ថ្មី​​ឬ? ២) តើខ្ញុំ​គួរ​តែ​ជម្នះ​ភាព​ហត់​នឿយ​ និង​ប្រើ​ជីវិត​​​ដោយ​ខិតខំ​តស៊ូ​ប្រឹង​ប្រែង​ដោយ​បាត​ដៃ​ទទេ​ជាមួយ​គាត់? ៣) ខ្ញុំ​ពិត​ជា​ខ្លាច​ខ្លាំង​ណាស់​ តើ​គាត់អាច​នឹង​សម្លាប់​ខ្លួន​ទេ​ បើ​ខ្ញុំ​សុំ​បែក​ពី​គាត់? ៤) តើ​ខ្ញុំ​និង​គាត់​ពិត​ជាស័ក្តិសម​នឹង​ប្រើជីវិត​ជាមួយ​គ្នា​ទេ?

 

ជា ​ចុង​បញ្ចប់​ នាង​ខ្ញុំ​ក៏​សូម​អរគុណ​បង​ Sabay​ យ៉ាង​ខ្លាំង​ដែល​បាន​បង្កើត​ទំព័រ​វិបត្តិស្នេហា​នេះ​ឡើង​ ដើម្បី​ឲ្យ​ខ្ញុំ​អាច​មាន​ឱកាស​ចែក​រំលែក​បញ្ហា​របស់ខ្ញុំ ហើយ​ក៏​សូម​អរគុណ​ដល់​ប្រិយមិត្ត​ផង​ដែរ​ សម្រាប់​ការ​ចូល​រួម​ផ្ដល់​មតិ​របស់​អ្នក។ ខ្ញុំ​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​ រាល់​មតិ​របស់​ប្រិយមិត្ត​ទាំង​អស់នឹង​អាច​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ សម្រាប់​ផ្ដល់​ជា​ផ្លូវ​ ​និង​ជា​គន្លឹះ​សម្រាប់​នាង​ខ្ញុំ​ដើម្បី​ចាប់​ផ្ដើម​​គិត​ឡើង​​​វិញ​​​អំពី ​រឿង​រ៉ាវ​ស្នេហា៕ ពី​ កញ្ញា​ ព.ស.

 

ប្រសិនបើ ​ប្រិយមិត្ត​ មាន​បញ្ហា​​ស្នេហា​ដែល​​​ចង់​ចែក​រំលែក​ដល់​មិត្ត​អ្នក​អាន​បាន​ជា​បទ​ ពិសោធន៍ ឬ​ជួយ​​ជា​យោបល់​ក្នុង​ការ​ដោះ​ស្រាយ​ សូម​ផ្ញើ​អត្ថបទ​រឿង​រ៉ាវពិតរបស់​​​​​ ​អ្នក​មក​កាន់​ pen.sophana@cidc.com.kh។  Sabay នឹង​ចុះ​​ផ្សាយ​​ជូន៕

មតិយោបល់
អត្ថបទថ្មី