- 2015-12-08 16:10:49
- ព័ត៌មាន
ហេតុអ្វីការប្រារព្ធបុណ្យគ្រឹស្ដស្មាសបច្ចុប្បន្ន មិនប៉ះពាល់ដល់វប្បធម៌ខ្មែរ?
- 2015-12-08 16:10:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីការប្រារព្ធបុណ្យគ្រឹស្ដស្មាសបច្ចុប្បន្ន មិនប៉ះពាល់ដល់វប្បធម៌ខ្មែរ?
ចន្លោះមិនឃើញ
តាមហាង ភោជនីយដ្ឋាន សណ្ឋាគារ ឬក្រុមហ៊ុនមួយចំនួនបានតុបតែងភ្លើងពណ៌ ជាពិសេសដើមឈើ ដែលបង្ហាញថាជាការចូលរួមអបអរដល់ពិធីបុណ្យណូអែល។ ប៉ុន្តែការដាក់តាំងបែបនេះធ្វើឲ្យយុវជនខ្មែរមួយរូបមិនពេញចិត្តទាល់តែសោះ។
អាយុ១៨ឆ្នាំ សៀត សម្ផស្ស រស់ក្នុងរាជធានីភ្នំពេញ សង្កេតឃើញថា មិត្តភ័ក្ដិរបស់គេធ្លាប់ទៅទិញដើមឈើ ឬគ្រឿងតុបតែងគ្រឹស្ដស្មាសផ្សេងៗមកលម្អនៅផ្ទះមិត្តរួមថ្នាក់ម្នាក់សម្រាប់ប្រារព្ធពិធីជប់លៀង ក្រោយសង្កេតឃើញថា ការតុបតែងបុណ្យណូអែលតាមហាង សណ្ឋាគារ ឬក្រុមហ៊ុនផ្សេងៗមើលទៅគួរឲ្យទាក់ទាញ។ សម្ផស្សយល់ថា ការធ្វើបែបនេះហាក់បីដូចជាលើកតម្កើងវប្បធម៌បរទេសហួសហេតុពេក។
“យើងមិនមែនចង់ធ្វើជាគំរូអាក្រក់អ្វីដល់យុវជននោះទេ។ ការដាក់តាំងដើមឈើណូអែល ឬតុបតែងណូអែលនេះនឹងធ្វើឲ្យភ្ញៀវដែលជាអ្នកកាន់សាសនាគ្រឹស្ដមានអារម្មណ៍ថា កន្លែងលក់សំបុត្ររបស់យើង ចូលរួមអបអរជាមួយនឹងភ្ញៀវក្នុងឱកាសបុណ្យរបស់គេ។ នេះជាឱកាសមួយទាញភ្ញៀវទេសចរឲ្យមកលេងប្រទេសយើង។ ពេលបុណ្យនេះចប់ យើងលែងដាក់តាំងទៀតហើយ ហើយប្រពៃណីនេះមិនបានដក់ជាប់អ្វីក្នុងចិត្តយើងឯណា"។ រ៉ាឌី បញ្ជាក់បន្ថែមដូច្នេះ។
លោក ប៉ូ សំណាង ប្រធានមជ្ឈមណ្ឌលវប្បធម៌ជាតិ និងសីលធម៌សង្គមថ្លែងថា ប្រជាជនខ្មែរគ្រប់រូបមានសិទ្ធិក្នុងការគោរពវប្បធម៌ផ្សេងៗ ដោយគ្មានការរើសអើងឡើយ។ បើទោះបីយុវជនប្រារព្ធពិធីបុណ្យណូអែល ប៉ុន្តែលោកគិតថា បើគេយល់ដឹងពីឫសគល់របស់វប្បធម៌ខ្មែរច្បាស់ នោះវប្បធម៌ខ្មែរនឹងមិនបាត់បង់ទៅណានោះទេ។
លោកបន្ថែមថា៖ "កន្លងមក យុវវ័យខ្លះដែលកាលពីមុនបានរីករាយជាមួយនឹងបុណ្យណូអែលនេះ ឥឡូវបានផ្លាស់ប្ដូរមិនសូវខ្វល់នឹងប្រពៃណីនេះទៀតទេ។ នេះគឺដោយសារគេយល់ច្បាស់ថា វាមិនមែនជាវប្បធម៌របស់ខ្មែរ"។
ប៉ុន្តែលោកយល់ថា រដ្ឋាភិបាលគួរតែធ្វើកម្មវិធីអ្វីមួយឲ្យល្អដែរ ដើម្បីបំបែរទិសរបស់យុវជនបានខ្លះពីពិធីបុណ្យណូអែលនេះ។
“កម្មវិធីរបស់គេល្អ។ យើងអាចធ្វើកម្មវិធីអ្វីដែលល្អដែរទៅ។ ម្ហូបគេឆ្ងាញ់ យើងធ្វើម្ហូបរបស់យើងឲ្យឆ្ងាញ់ដែរទៅ ដូច្នេះអាចទប់ទំនោរយុវជនទៅរកបរទេសបាន។ ខ្ញុំគិតថា យើងអាចធ្វើអ្វីទាក់ទងនឹងសាសនាយើង ជាពិសេសពិធីរំឭកដល់អ្នកមានគុណរបស់យើង ក្នុងឱកាសនេះដែរ"។ នេះជាការបញ្ជាក់បន្ថែមរបស់លោកសំណាង។
ប៉ុន្តែសម្រាប់តាមហាង ឬតាមសណ្ឋាគារ ដែលដាក់តាំងបង្ហាញដើមឈើគ្រឹស្ដស្មាស តុបតែងភ្លើងពណ៌ ដើម្បីទាក់ទាញអតិថិជនជាបរទេស លោកគិតថា ជាការចំណេញផ្នែកសេដ្ឋកិច្ចមកដល់ប្រទេសកម្ពុជាដែរ។
លោក តុង សុប្រាជ្ញ អ្នកវិភាគបញ្ហាសង្គមឯករាជ សង្កេតឃើញថា រូបភាពបុណ្យណូអែលដែលគេតែងឃើញរាល់ថ្ងៃទី២៥ ខែធ្នូ គឺមួយដោយសារជាឱកាសផ្សព្វផ្សាយលក់ផលិតរបស់ក្រុមហ៊ុន ដោយក្រុមហ៊ុនខ្លះចង់បញ្ចេញឲ្យអស់នូវផលិតផលបច្ចុប្បន្ន ដើម្បីនាំយកផលិតផលថ្មីចូលមក។ មួយទៀតគឺជាការគួរសមរបស់ថ្នាក់លើ ឬមិត្តភ័ក្ដិ ដែលណូអែលជាបុណ្យប្រពៃណីរបស់គេតាំងពីកំណើតមក។
បើទោះបីយ៉ាងណា តាមការសង្កេតរបស់លោក យុវជនខ្មែរមានការគាំទ្រហ៊ឹកហ៊ាក់ខ្លាំងប្រហែលជាកាលពី១០ឆ្នាំមុន ប៉ុន្តែទំនោរនៃការគាំទ្រនេះបានធ្លាក់ទៅវិញហើយនៅពេលបច្ចុប្បន្ននេះ។
ចំពោះយុវជនមួយចំនួនតូចដែលប្រារព្ធបុណ្យណូអែលនេះ លោកយល់ថា ដោយសារពួកគេជាយុវវ័យ ចង់បានអ្វីដែលថ្មី សប្បាយ ប្លែក ហើយគេនឹងលែងខ្វល់ពីវាទៅវិញ ដូច្នេះគ្មានអ្វីគួរឲ្យបារម្ភនោះទេ៕
មើល៖ ហាង បណ្ណាគារ ឬតូបផ្សេងៗ ដែលអាចរកទិញសម្ភារៈបុណ្យណូអែល
អត្ថបទ៖ មាស រ័ត្ន