• 2016-08-24 17:29:14
  • ព័ត៌មាន

សិស្ស​បាក់​ឌុប​​​ឆ្នាំ​នេះ ប្ដូរ​ទម្លាប់​មិន​សូវ​​ចោល​ខិត្តប័ណ្ណ​ច្រើន​ដូច​ឆ្នាំ​មុន

  • 2016-08-24 17:29:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ស្នូរ​ជួង​​បញ្ចប់​​​ការ​ប្រលង​​វិញ្ញាសា​គណិតវិទ្យា និង​ជា​​​ពេល​បញ្ចប់​ដំណើរ​​ការ​ប្រលង​បាក់​ឌុប​​ ថ្ងៃ​២៣ សីហា ២០១៦​ម្សិល​មិញ​ សិស្ស​​ទី​១២​ជា​បេក្ខជន​ប្រលង​ខ្លះ​​ក៏​​បាន​រូត​រះ​​ចេញ​ដំណើរ​​​ ត្រឡប់​ទៅ​ផ្ទះ​​ និង​ខ្លះ​ទៀត​នៅ​រង់​ចាំ​​ជួប​ជុំ​មិត្តភ័ក្ដិ​ឬ​​ចាំ​អ្នក​ផ្ទះ​​​មក​​​ទទួល។ ទន្ទឹម​នឹង​នោះ​ ភ្នាក់​ងារ​​មក​ពី​គ្រឹះ​ស្ថាន​អប់​រំ​ផ្សេង​ៗ ក៏​​​ចាប់​ផ្ដើម​ចែក​​ក្រដាស​ខិត្ត​ប័ណ្ណ​ដល់​សិស្ស​ ហើយ​គេសង្កេត​ឃើញ​ថា​សិស្ស​ឆ្នាំ​នេះ​មិន​ចោល​ខិត្តប័ណ្ណរាយប៉ាយ​ច្រើន​ដូចឆ្នាំមុនឡើយ។

 

 

នៅ​ក្នុង​ការ​ប្រលង​បាក់ឌុប​ឆ្នាំ​២០១៦ នេះ គេ​សង្កេត​ឃើញ​សិស្ស​​ជាច្រើន​​មិន​បាន​បោះ​ចោល​ក្រដាស​ដែល​អ្នក​ផ្សព្វ​ផ្សាយ​ព័ត៌មាន​អប់​រំ​ខំ​ចែក​នោះ​ទេ ដោយ​ពួក​គេ​​បាន​ប្រាប់​នូវ​មូល​ហេតុ​មួយ​ចំនួន។

 

យុវតី​ ធា សុភក្ត្រា បេក្ខជន​​បាក់​ឌុប​​​​មក​ពី​វិទ្យាល័យ​បញ្ញាសាស្រ្ត​សាខា​បឹង​កេង​កង បាន​ប្រាប់​ថា កញ្ញា​​បាន​ទុក​ក្រដាស​ទាំង​នោះ​​ដោយ​ចង់​​ដឹង​​ព័ត៌មាន​​​ពី​សាលា​ផ្សេង​ៗ។

 

យុវតី​ សុភក្ត្រា​បាន​និយាយ​ថា​៖ "ព្រោះ​ខ្ញុំ​ចង់​ដឹង​ពី​ព័ត៌មាន ព្រោះ​ខ្ញុំ​គិត​ថា​ ពេល​ខ្លះ​លើ​សំណាង​ខ្ញុំ​ ខ្ញុំ​អាច​​ប្រលង​ជាប់​បាន​និទ្ទេស​ល្អ ហើយ​ខ្ញុំ​អាច​ដាក់​អាហារូបករណ៍​​ទៅ​សាលា​ដែល​គេ​ចែក​ឲ្យ​ហ្នឹង "។

 

ងាក​ទៅ​ស្ដាប់​យុវជន​ ផន ចាន់​សុធារ៉ា បេក្ខជន​មក​ពី​វិទ្យាល័យ​ ឫស្សីកែវ​ បាន​​រៀប​រាប់​​ពី​ហេតុផល​​ដែល​ខ្លួន​មិន​បាន​បោះ​ចោល​ខិត្តប័ណ្ណ​ព័ត៌មាន​អប់​រំ​​​ថា៖ " ខ្ញុំ​គិត​ថា​ក្រដាស​​នេះ គេ​ខំ​អូស​មក វា​មាន​តម្លៃ គេ​ចង់​ឲ្យ​យើង​ប្រលង​ជាប់​ យើង​មើល​ទៅ​យើង​ដឹង​ថា​គួរ​សិក្សា​នៅ​ណា យើង​យក​​ទៅ​ឲ្យ​ម៉ាក់​ប៉ា​យើង​មើល​ទៅ ដើម្បី​ឲ្យ​យើង​ជ្រើស​រើស​សកលវិទ្យាល័យ​​មួយ​ដែល​យើង​ចង់​បាន។ បើ​យើង​បោះ​ចោល​ចឹង ដូច​យើង​អត់​ផ្ដល់​តម្លៃ​ឲ្យ​គេ​ចឹង"។

 

ចំណែក​យុវតី ផេង ចាន់​ថន បេក្ខជន​មក​ពី​វិទ្យាល័យ​ ឫស្សីកែវ​​​ដែរ​នោះ បាន​ប្រាប់​​ពី​មូល​ហេតុ​ដែល​កញ្ញា​ទុក​ក្រដាស​ខិត្តប័ណ្ណ​យក​ទៅ​ផ្ទះ​ ថា ក្រដាស​ទាំង​នោះ​ជា​ការ​បង្ហាញ​ណែ​នាំ​ផ្លូវ​កញ្ញា​ថា​ត្រូវ​រៀន​អ្វី​​នៅ​ពេល​ចូល​រៀន​សកលវិទ្យាល័យ ជា​ពិសេស​កញ្ញា​ថា បើ​​បោះ​ចោល ​ធ្វើ​បរិស្ថាន​សាលា​​​មិន​ល្អ៕

 

 

ចុចអាន៖  អ្នក​ចែក​ខិត ប័ណ្ណ៖ បើ​គេ​បោះ​ចោល​ខ្ញុំ​អ្នក​រើស

 

អត្ថបទ៖ មាន រតនា​​​​​​​​​​​​​​​​​​​​​​​​​​​

មតិយោបល់