- 2016-09-11 18:54:13
- ព័ត៌មាន
ស្វែងយល់ពីលំដាប់ពិន្ទុបាក់ឌុប ដែលនៅតែភ័ន្តច្រឡំពេញបណ្ដាញសង្គម
- 2016-09-11 18:54:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វែងយល់ពីលំដាប់ពិន្ទុបាក់ឌុប ដែលនៅតែភ័ន្តច្រឡំពេញបណ្ដាញសង្គម
ចន្លោះមិនឃើញ
លើបណ្ដាញសង្គមហ្វេសប៊ុក នៅតែមានការភ័ន្តច្រឡំរវាងលំដាប់ពិន្ទុ និងមធ្យមភាគពិន្ទុប្រឡងជាប់សម្រាប់លទ្ធផលមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៦ នេះ ក៏ដូចជារៀងរាល់ឆ្នាំដែរ។ ដើម្បីកុំឲ្យមានការយល់ច្រឡំតទៅទៀត តោះ! ទៅមើលរបៀបគណនាទាំងអស់គ្នា។
អ្នកលេងបណ្ដាញសង្គមមួយចំនួនបានលើកចម្ងល់ថា សិស្សនិទ្ទេស A ដែលមានលំដាប់ពិន្ទុពេញ 100.000 គ្មានខុសទេឬ ទើបពិន្ទុពេញ ខណៈមុខវិជ្ជាភាសាបរទេសបានត្រឹម B ប៉ុណ្ណោះ? ចំណែកអ្នកខ្លះបានចោទជាសំនួរថា ហេតុអ្វីសិស្សដែលបានពិន្ទុត្រឹម 39.270 ជាប់បាក់ឌុបឆ្នាំនេះដែរ បើមិនគ្រប់ពាក់កណ្ដាលនៃពិន្ទុសរុបផងនោះ?
ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំយុវជន និងកីឡា បានបកស្រាយថា លំដាប់ពិន្ទុមិនមែនជាមធ្យមភាគពិន្ទុនោះទេ។ លំដាប់ពិន្ទុគឺជាសន្ទស្សន៍ផ្នែកស្ថិតិ (Percentile Rank) ដែលរៀបបេក្ខជនទាំងអស់តាមលំដាប់សមត្ថភាពលើមាត្រដ្ឋានក្រិតពី១០០ ដល់ ០។
មានន័យថា សិស្សដែលទទួលបានពិន្ទុខ្ពស់ជាងគេទូទាំងប្រទេសនឹងទទួលបានលំដាប់ពិន្ទុ 100.000 ឯលេខ២ នឹងទទួលបានលំដាប់ពិន្ទុ 99.999 តាមលំដាប់លំដោយមកក្រោម។ អ្នកបានលំដាប់ពិន្ទុ 100.000 មិនមែនមានន័យថាធ្វើត្រូវទាំងអស់នោះទេ គ្រាន់តែទទួលបានពិន្ទុខ្ពស់ជាងគេប៉ុណ្ណោះ។
ដោយសារឆ្នាំនេះ អ្នកជាប់មានរហូតដល់ ៦២,១៨ភាគរយ ទើបលំដាប់ពិន្ទុជាប់មានកាន់តែតិច ព្រោះបេក្ខជនប្រឡងជាប់ច្រើន។ ប្រសិនបើភាគរយជាប់កាន់តែតិច នោះលំដាប់ពិន្ទុដែលត្រូវជាប់ក៏កើនឡើងទៅតាមនោះដែរ។ លំដាប់ពិន្ទុ 50.000 មានន័យថា សិស្សនោះមានសមត្ថភាពកណ្ដាល មិនមែនមានន័យថាបានពិន្ទុត្រឹមពាក់កណ្ដាលនោះទេ។
លំដាប់ពិន្ទុត្រូវបានគណនាតាមរូបមន្តដូចខាងក្រោម ៖ PR = [(n – i +1) / n ] x 100 ក្នុងរូបមន្តខាងលើ៖ PR ជាលំដាប់ពិន្ទុ n ជាចំនួនបេក្ខជនដែលបានមកប្រឡងទាំងអស់ i ជាចំណាត់ថ្នាក់របស់បេក្ខជនណាម្នាក់
និទ្ទេសមាន ៥កម្រិត គឺនិទ្ទេស A, B, C, D និង E ។ ការកំណត់និទ្ទេសមានដូចខាងក្រោម ៖
A : ល្អប្រសើរ = ពិន្ទុសរុប x ០,៩ B : ល្អណាស់ = ពិន្ទុសរុប x ០,៨ C : ល្អ = ពិន្ទុសរុប x ០,៧ D : ល្អបង្គួរ = ពិន្ទុសរុប x ០,៦ E : មធ្យម = ពិន្ទុសរុប x ០,៥
លំដាប់ពិន្ទុមានអត្ថប្រយោជន៍សំខាន់ពីរយ៉ាងគឺ បញ្ជាក់ពីលំដាប់សមត្ថភាពរបស់បេក្ខជនម្នាក់ៗ ធៀបនឹងបេក្ខជនដទៃទៀតដែលបានមកប្រឡង ហើយព័ត៌មាននេះ មានសារៈសំខាន់សម្រាប់ការជ្រើសរើសសិស្សឲ្យចូលរៀននៅឧត្ដមសិក្សា ទោះបីសិស្សនោះ បានប្រឡងជាប់នៅឆ្នាំសិក្សាផ្សេងៗគ្នាក៏ដោយ៕
អត្ថបទ៖ គង់ វិសាល