- 2016-09-11 19:33:00
- ព័ត៌មាន
អ្នកនាំពាក្យក្រសួងអប់រំ បញ្ជាក់មូលហេតុសិស្សបាក់ឌុបបាននិទ្ទេស A ច្រើន
- 2016-09-11 19:33:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកនាំពាក្យក្រសួងអប់រំ បញ្ជាក់មូលហេតុសិស្សបាក់ឌុបបាននិទ្ទេស A ច្រើន
ចន្លោះមិនឃើញ
សិស្សបាក់ឌុបទទួលបាននិទ្ទេស A នៅឆ្នាំនេះ មានរហូតដល់ទៅ ៤០៥នាក់ កើនឡើងប្រហែល ៤០០% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៥ កន្លងទៅ ដែលនាំឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការកើនឡើងនេះ គឺដោយសារបេក្ខជនខ្លួនឯងផ្ទាល់បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ព្រោះដឹងថាមានការរឹតបន្តឹង មិនមែនមកពីវិញ្ញាសាធូរនោះទេ។
លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បាននិយាយថា៖ “ស្តង់ដារវិញ្ញាសា គឺយើងរៀបចំដដែល ដូចអ្វីដែលយើងធ្វើពីរឆ្នាំកន្លងមក តាមគោលការណ៍កំណែទម្រង់ស៊ីជម្រៅ គឺឆ្នាំ២០១៤ និងឆ្នាំ២០១៥ គោលការណ៍វិញ្ញាសាយើងដដែល។ តាមគោលការណ៍ដែលសំណួរយល់ដឹង សំណួរចងចាំ ការគិត ការគណនា ការសំយោគ ជាដើម”។
លោក រស់ សាលីន បានបន្ថែមទៀតថា គោលការណ៍ និងស្តង់ដារវិញ្ញាសាគឺគ្មានការខុសប្លែកពីឆ្នាំមុនឡើយ ប៉ុន្តែដោយសារឆ្នាំនេះ បេក្ខជនមានសមត្ថភាពច្រើន ទើបអាចដណ្ដើមបាននិទ្ទេស A រហូតដល់ទៅ ៤០៥នាក់។
"ដោយសារគាត់ដឹងព័ត៌មាន គាត់យល់ គាត់ត្រៀមបានល្អពីចម្ងាយ។ ដូច្នេះទេ ឃើញថា អ្វីដែលគាត់ធ្វើនៅក្នុងសន្លឹកកិច្ចការហ្នឹង គឺភាគច្រើនបានល្អ ពិន្ទុខ្ពស់ ពិសេសគឺលើមុខវិជ្ជាសំខាន់ៗ ដែលពិន្ទុច្រើន ដូចគណិតវិទ្យា អក្សរសាស្ត្រខ្មែរ ជាដើម។ អីចឹងទេ ធ្វើឲ្យអ្នកជាប់ហ្នឹង អត្រាក៏កើនខ្ពស់ ហើយអ្នកនិទ្ទេស A ក៏កើនខ្ពស់ដែរ”។ សម្ដី លោក រស់ សាលីន។
រំឭកផងដែរថា កាលពីឆ្នាំ២០១៥ សិស្សបាក់ឌុបប្រលងជាប់និទ្ទេស A មានចំនួន ១០៨នាក់ ក្នុងចំណោមបេក្ខជនប្រលងសរុប ៨៣ ៣២៥នាក់នៅទូទាំងប្រទេស។ ចំណែកឆ្នាំ២០១៤ ជាពេលដែលក្រសួងអប់រំចាប់ផ្ដើមចាត់វិធានការរឹតបណ្ដឹងវិន័យលើ ការប្រលងបាក់ឌុបទូទាំងប្រទេស មានអ្នកជាប់និទ្ទេស A ត្រឹម ១១នាក់ ប៉ុណ្ណោះ ៕
អត្ថបទ៖ គង់ វិសាល