• 2016-10-16 23:20:02
  • ព័ត៌មាន

ស៊ិន បូណា៖ "ខ្ញុំ​ថត​តែ​​រូប​តែ​​ចំណូល​ច្រើន​ជាង​អ្នក​ធ្វើ​ការ​ខ្លះ ដូចជា...”

  • 2016-10-16 23:20:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ខ្ញុំ​អាច​រក​ចំណូល​បាន​ចន្លោះ​ពី៣០-៤០ម៉ឺន​រៀល​ ក្នុង​មួយ​ថ្ងៃ ហើយ​ការងារ​នេះ​ស្រួល​ជាង​អ្នក​ធ្វើ​ការ​ខ្លះ​ ដូចជា អ្នក​ចាប់​ម៉ូយ​តាម​បេន​ឡាន​អី​ជាដើម"។ នេះ​ជា​ការ​លើក​ឡើង​របស់ ស៊ិន បូណាន អ្នក​ថត​រូប​អាជីព​ប្រចាំ​នៅ​ភ្នំ​រាប។

 

ថ្វី​បើ​រក​ចំណូល​បាន​ស្រួល​ក៏ដោយ ក៏​អ្នក​ថត​រូប​ដែល​មាន​បទ​ពិសោធន៍​ជិត២ ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា លោក​បាន​ចំណាយ​ទុន​​អស់​ប្រមាណ​ជា​ជាង​ ៥ពាន់​ដុល្លារ ដើម្បី​ទិញ​សម្ភារៈ​មាន​កាម៉េរ៉ា ម៉ាស៊ីន​សម្រាប់​ព្រីន​រូប និង ឧបករណ៍​តុបតែង (ដេក័រ) ផ្សេង​ៗ ដើម្បី​លម្អ​ជា​ការ​ទាក់ទាញ​ឲ្យ​មាន​អ្នក​ថត។ ក្រៅ​ពី​ថត​នៅ​ភ្នំ​រាប​ បូណាន ក៏​បើក​រកស៊ី​ថតរូប​នៅ​ផ្ទះ​ផងដែរ។

 

 

ចំពោះ​ការ​មក​ថត​រូប​នៅ​ភ្នំរាប គឺ​ភាគច្រើន​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ដែល​មាន​ភ្ញៀវ​មក​លេង​រមណីយដ្ឋាន​កែ​ច្នៃ​មួយ​នេះ​ច្រើន។ "អ្នក​មក​ថត​អាច​ថត​ភ្លាម​យក​ភ្លាម និង អាច​ជ្រើស​បាន​តាម​ទំហំ​ដែល​ចង់​បាន​ព្រោះ​​ខ្ញុំ​​មាន​ទាំង​ម៉ាស៊ីន​តូច និង​ធំ។ បើ​ទំហំ​តូច​​ខ្ញុំ​យក​តាម​ខ្លួន​រហូត​ តែ​បើ​ទំហំ​ធំ ត្រូវ​ទៅ​ផ្ទះ​ព្រីន ដោយ​ផ្ទះ​នៅ​ក្បែរ​ភ្នំរាប​នេះ"។ បូណាន និយាយ។

 

នៅ​ពេល​ចោទ​សួរ​ថា ដោយ​សារ​យុវវ័យ​បច្ចុប្បន្ន​មាន​ទូរសព្ទ​ស្មាតហ្វូន ម៉្លោះហើយ​ពួកគេ​អាច​នឹង​ថត​រូប​តាម​ទូរសព្ទដោយ​ខ្លួន​ឯង តើ​កត្តា​នេះ​អាច​ជះ​ឥទ្ធិពល​ដល់​ការ​រកស៊ី​របស់​លោក​ដែរ​ទេ? មិន​ប៉ះពាល់​នោះ​ទេ ព្រោះ​មិន​មែន​អ្នក​មាន​ទូរសព្ទ​ទំនើប​ៗ​សុទ្ធតែ​ចេះ​បច្ចេកទេស​ថត​បាន​ស្អាត​នោះទេ ដូច្នេះ ពួកគេ​នៅ​តែ​មក​រក​​លោក​ថត​រូប​ឲ្យ ដោយ​ថត​បាន​ស្អាត​ផង និង ថត​ភ្លាម​យក​ភ្លាម។ បូណាន​ ឆ្លើយ​តប។

 

“ខ្ញុំ​គិត​ថា​ បើ​យើង​ចេះ​ថត​ច្បាស់​លាស់​កុំ​ខ្លាច​ថា​គេ​មិន​ថត​ យើង​ថត​ស្អាត​គេ​នឹង​រត់​មក​រក​យើង ខ្ញុំ​មិន​បារម្ភ​ពី​ស្មាតហ្វូន​អី​ហ្នឹង​ទេ"។ ស៊ិន បូណាន​ និយាយ៕​

 

ចង់​ដឹង​ព័ត៌មាន​បន្ថែម​ចុច​វីដេអូ​ខាង​ក្រោម​នេះ៖

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់