- 2016-10-18 20:41:00
- ព័ត៌មាន
សេង សាលី៖ ខេត្តកំពង់ឆ្នាំង លែងជាខេត្តជិះឆ្លងកាត់ដូចមុន
- 2016-10-18 20:41:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេង សាលី៖ ខេត្តកំពង់ឆ្នាំង លែងជាខេត្តជិះឆ្លងកាត់ដូចមុន
ចន្លោះមិនឃើញ
កាលពី១៣ឆ្នាំមុន ខេត្តកំពង់ឆ្នាំងដែលជាខេត្តល្បីល្បាញខាងផលិតក្អម-ឆ្នាំងល្បីល្បាញ និងត្រូវបានគេចាត់ទុកជាខេត្តត្រឹមតែជិះទៅហួសមកហួស ឥឡូវមិនដូចមុននោះទេ។ មិនដូចមុនគឺជាការអះអាងរបស់លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង។
“មុនឆ្នាំ២០០៣ គឺអីចឹងមែន គេតែងនិយាយថា ខេត្តកំពង់ឆ្នាំងគ្រាន់តែជិះឆ្លងកាត់ទៅហួសមកហួស តែក្រោយមក ខេត្តយើងមិនដូចមុនទេ ដោយសារតែកំពង់ឆ្នាំងឥឡូវរីកចម្រើន រួមទាំងការផ្ដល់សេវាផ្សេងៗ ជាពិសេសការរួមចំណែករបស់វិស័យឯកជន"។ លោកសេង សាលីនិយាយ។
ប្រធានមន្ទីរទេសចរណ៍បានឲ្យដឹងទៀតថា បច្ចុប្បន្នវិស័យឯកជនរួមចំណែកច្រើន ដូចជា ម្ហូបអាហារ ដោយឥឡូវហាងដែលធ្វើម្ហូបឆ្ងាញ់នៅតាមផ្លូវជាតិលេខ៥ បានទាក់ចិត្តភ្ញៀវដែលធ្វើដំណើរជិះឆ្លងកាត់ខេត្តមិនឲ្យទៅហួសមកហួសទៀតឡើយ។ យ៉ាងហោចមានហាង ៣-៤ កន្លែងភ្ញៀវធ្វើដំណើរដែលឆ្លងកាត់ខេត្តកំពង់ឆ្នាំងរមែងសំចតញុំាជានិច្ច។
លោក សេង សាលីបន្តថា ទន្ទឹមនឹងនេះ មន្ទីរទេសចរណ៍បានចុះអប់រំផ្សព្វផ្សាយអំពីការផ្ដល់សេវា និងការរក្សាអនាម័យម្ហូបអាហារដើម្បីផ្ដល់ជាទំនុកចិត្តដល់ភ្ញៀវជាដើម។ ក្រៅពីម្ហូបអាហារឆ្ងាញ់ ខេត្តកំពង់ឆ្នាំងក៏សេវាកម្សាន្ត និង ផ្ទះសំណាក់កើនឡើងផងដែរ។
ផ្អែកតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង គឺភ្ញៀវទេសចរបានកើនឡើងជាលំដាប់។ ជាក់ស្ដែងតួលេខគិតត្រឹមខែកញ្ញា ឆ្នាំ ២០១៦ គឺមានភ្ញៀវទេសចរបរទេសសរុបចំនួន៣៨៦៣នាក់ បើបើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥ មានចំនួន២៥៧៧នាក់។
និយាយអំពីសេវាកម្សាន្តវិញ ខេត្តកំពង់ឆ្នាំង មានសណ្ឋាគារចំនួន ៨ កន្លែង, ផ្ទះសំណាក់ ២៤ កន្លែង អាហារដ្ឋាន ២៣ កន្លែង និង មានខារ៉ាអូខេ ចំនួន ៧ កន្លែង។
ដោយឃើញពីការរីកចម្រើនឥតឈប់របស់ខេត្តកំពង់ឆ្នាំង លោកប្រធានមន្ទីរទេសចរណ៍ បានអំពាវនាវក៏ដូចជាសំណូមពរថា គ្រប់គ្នាគួរឈប់ចាត់ទុកខេត្តកំពង់ឆ្នាំងជាខេត្តដែលជិះឆ្លងកាត់ទៅហួសមកហួសទៀតទៅ ដោយសារតែសមត្ថភាពរបស់វិស័យឯកជន បានបម្រើដល់អតិថិជនមានគុណភាព និង បរិមាណ ដោយមានទាំងសេវាល្អ និង អនាម័យ ផងដែរ៕
អត្ថបទ៖ ប៊ិន ប៊ុណ្ណា