• 2016-10-21 17:45:01
  • ព័ត៌មាន

តំបន់​ទេសចរណ៍​៣ ​ទាក់ទាញ​ភ្ញៀវ​ច្រើន​បំផុត​នៅ​ខេត្ត​ពោធិ៍សាត់​

  • 2016-10-21 17:45:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពោធិ៍សាត់ ​ជា​ខេត្ត​មួយ​ស្ថិត​នៅ​ភាគ​ពាយ័ព្យ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​ជា​ខេត្ត​ជាប់​បឹង​ទន្លេ​សាប ក៏​ដូចជា​ជួរ​ភ្នំ​ក្រវាញ​ផង​ដែរ។ ​បើ​តាម​លោក សំ ឃីម ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពោធិ៍សាត់​បាន​បង្ហាញ​ថា ក្រៅ​ពី​ល្បី​ឈ្មោះ​ផ្នែក​ចម្លាក់​ថ្ម​កែវ ​និង​ក្រួច​ពោធិ៍សាត់​ផ្ទាល់​នោះ ​ខេត្ត​ដែល​មាន​ផ្ទៃ​ដី​សរុប ១២ ៩៦២ គីឡូម៉ែត្រ​ការេ​នេះ បាន​បែងចែក​តំបន់​ទេសចរណ៍​៣​​កំពុង​តែ​មាន​អាទិភាព​ខ្លាំង​គឺ៖

 

១. តំបន់​ទេសចរណ៍​ជួរ​ភ្នំ​ក្រវាញ

តំបន់​នេះ​ជា​តំបន់​មាន​សក្ដានុពល​ខាង​ផ្នែក​ធនធាន​ធម្មជាតិ មាន​ទេសភាព​ព្រៃ​ភ្នំ​ខៀវ​ស្រងាត់​ ​មាន​ទឹក​ជ្រោះ​ធ្លាក់​និង​ជា​ជម្រក​សត្វ​ព្រៃ​ផង​ដែរ។ អ្វី​ដែល​ទាក់ទាញ​ខ្លាំង​បំផុត​ក្នុង​តំបន់​មួយ​នេះ គឺ​របាំ​បេះ​ក្រវាញ ​របស់​ជនជាតិ​ជង ​ដើម​ក្រវាញ ​និង​បឹង​ធម្មជាតិ​ដ៏​ស្រស់​ស្អាត សឹង​តែ​ពុំ​មាន​នៅ​កម្ពុជា។ សម្រាប់​អ្នក​ចូល​ចិត្ត​ដំណើរ​ផ្សងព្រេង ​ជួរ​ភ្នំ​ក្រវាញ​នេះ​ពិត​ជា​សក្ដិសម​ខ្លាំង​ណាស់ ព្រោះ​ពួកគេ​អាច​ស្នាក់​នៅ​ជាមួយ​ជនជាតិ​ជង ​បាន​ហើយ​រង់ចាំ​មើល​សត្វ​ព្រៃ ដូចជា ​ខ្លា ដំរី ប្រើស រមាំង ​និង​ខ្ទីង​ជា​ដើម។

 

២. តំបន់​ទេសចរណ៍​បឹង​ទន្លេ​សាប

 

ខេត្ត​ពោធិ៍សាត់​ជាប់​មាត់​ទន្លេ​សាប​ប្រវែង ៨១​គីឡូម៉ែត្រ ដែល​រំលេច​ទេសភាព​លើ​ផ្ទៃ​ទឹក​ធំ​ល្វឹងល្វើយ ព្រៃ​លិច​ទឹក​ដ៏​ក្រាស់ (ព្រៃ​រនាម) ​ជំរំ​សត្វ​ស្លាប ​តំបន់​អភិរក្ស​ពូជ​ត្រី ភូមិ​អ្នក​នេសាទ ​សហគមន៍​ផលិត​ត្រី​ឆ្អើរ ប្រហុក ​និង​មាន​រឿង​អស្ចារ្យ​ជា​ច្រើន​ទៀត​ក្នុង​តំបន់​នេះ។

 

៣. ទេសចរណ៍​ជុំ​វិញ​ក្រុង

 

ដើម្បី​ធ្វើ​ឱ្យ​ភ្ញៀវ​ស្នាក់នៅ​បាន​យូរ​ ​ខេត្ត​ពោធិ៍សាត់ ​បាន​បង្កើត​ជា​កន្លែង​កម្សាន្ត​ជា​ច្រើន​ក្នុង​ទី​រួម​ខេត្ត​របស់​ខ្លួន។ ដោយ​ក្នុង​នោះ​រួម​មាន​ទីតាំង​បូជនីយដ្ឋាន​ប្រវត្តិសាស្ត្រ​ ឧកញ៉ា ឃ្លាំង​មឿង មណ្ឌល​វប្បធម៌​កោះ​សំពៅ​មាស រៀប​ចំ​សួនច្បារ​រង្វង់​មូល​ផ្ដិល​ថ្ម​កែវ​តំណាង​ខេត្ត​ពោធិ៍សាត់ ​និង​កន្លែង​ធ្វើ​ចម្លាក់​ថ្ម​កែវ​ជា​ច្រើន​ទៀត។

 

ដោយសារ​តែ​មាន​តំបន់​ទាំង​៣​នេះ​ហើយ បាន​ជា​ភ្ញៀវ​ទេសចរណ៍​ក្នុង​ខេត្ត​នេះ​កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ ​មាន​ចំនួន​ ៤០៩ ៣០១​នាក់ ​កើន​ឡើង​ដល់​ទៅ​៣៦,៧២​%​ឯ​ណោះ បើ​ធៀប​និង​ឆ្នាំ​២០១៤​កន្លង​ទៅ៕

 

អត្ថបទ៖ មុន្នី រម្យ

មតិយោបល់