- 2016-11-28 00:32:01
- ព័ត៌មាន
វិធីសាស្រ្ត ដើម្បីរក្សាភ្ញៀវឲ្យគង់វង្ស ពីសហគ្រិនជោគជ័យ
- 2016-11-28 00:32:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសាស្រ្ត ដើម្បីរក្សាភ្ញៀវឲ្យគង់វង្ស ពីសហគ្រិនជោគជ័យ
ចន្លោះមិនឃើញ
ការរក្សាភ្ញៀវ ឲ្យនៅគាំទ្រ បន្តប្រើប្រាស់ ផលិតផល ឬសេវាកម្ម របស់ជំនួញមួយ មិនថា តូចឬធំ គឺជាចំណុចខ្លាំងរបស់ក្រុមហ៊ុន ព្រោះអាជីវកម្មមួយអាចដំណើរការទៅបាន គឺអាស្រ័យលើអតិថិជន។ ដើម្បីជាការចែករំលែក នាយកប្រតិបត្តិនៃក្រុមហ៊ុន Karanak Capital KOI ជាសហគ្រិនវ័យក្មេងកំពុងជោគជ័យខ្លាំងក្នុងមុខជំនួញ គឺ លោក ឃន ឈុនដារ៉ា បានលើកឡើងបីចំណុច ទៅដល់សាធារណជន នៅក្នុងឱកាសទិវាសប្ដាហ៍សហគ្រិនពិភពលោក កម្ពុជា ២០១៦ កន្លងទៅ។
១. សេវាកម្មជូនអតិថិជន
ម្ចាស់ពានរង្វាន់សហគ្រិនឆ្នើមវ័យក្មេងឆ្នាំ២០១៥ បានសង្កត់ធ្ងន់ថា ចំណុចនេះ គឺជាស្នូលសំខាន់បំផុតក្នុងការរក្សាភ្ញៀវ។ លោកបានបញ្ជាក់ថា សេវាកម្មជូនអតិថិជន គឺធ្វើយ៉ាងណាឲ្យអ្នកទិញ មានភាពងាយស្រួលពេលចូលទៅកន្លែងរបស់ខ្លួន ដូចជាងាយស្រួលចតម៉ូតូ-ឡាន ងាយស្រួលអង្គុយ ពេញចិត្តនិងទិញ។ លោកបានលើកឧទាហរណ៍ពីចំណុចតូចមួយថា នៅហាងលក់ស៊ុបម្រះមួយ បើសិនពុំមានការយកចិត្តទុកដាក់លើអនាម័យ ដូចជាបុគ្គលិកទុកក្រចកវែងពេលលើកម្ហូប នោះអតិថិជនប្រាកដជាពិបាកនឹងមកម្ដងទៀត។
២. រក្សាទំនាក់ទំនងជាមួយអតិថិជន
រាក់ទាក់ជាមួយភ្ញៀវ ជាពិសេសអ្នកដែលចូលទៅជាវផលិតផល ឬសេវាកម្មរបស់ខ្លួនជាញឹកញយ ដូចជាសួរពួកគេថា "ហេតុអ្វី បងមកយឺតម្ល៉េះថ្ងៃនេះ " ឬអាចសួរចំណូលចិត្តរបស់ពួកគេលើ ផលិតផលឬសេវារបស់ខ្លួន។ ចំណុចទាំងនេះ គឺធ្វើឲ្យអតិថិជន យល់ថា ក្រុមហ៊ុន ឬស្ថាប័នយកចិត្តទុកដាក់លើខ្លួនដូចជាស្ដេច។ នេះបើតាមការលើកឡើង របស់ លោក ឈុន ដារ៉ា។
៣. រក្សាគុណភាព សេវា ឬផលិតផល
សហគ្រិនឆ្នើមវ័យក្មេងរូបនេះ បានបន្តថា ទោះជាមានអតិថិជនការគាំទ្រ ផលិតផល ឬសេវាកម្មច្រើនក៏ដោយ អ្នកគ្រប់គ្រងអាជីវកម្មមួយ មិនគួរធ្វេសប្រហែសភ្លេចគិតពីការរក្សាគុណភាពសេវាកម្ម ឬផលិតផល របស់ខ្លួនឡើយ ព្រោះអាចធ្វើឲ្យបាត់បង់អតិថិជនរបស់ខ្លួនបន្តិចម្ដងៗ។ ដូចនេះអ្នកគ្រប់គ្រងគួរចុះពិនិត្យគុណភាព សេវា និងផលិតផល ឲ្យបានដិតដល់៕