- 2016-12-09 01:03:00
- សេដ្ឋកិច្ច
រកឃើញកន្លែងលក់ឆៃប៉ូវលាក់មុខគ្មានយីហោនៅស្អាង ល្បីដល់ថ្នាក់លក់ទៅអាមេរិក កាណាដា
- 2016-12-09 01:03:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញកន្លែងលក់ឆៃប៉ូវលាក់មុខគ្មានយីហោនៅស្អាង ល្បីដល់ថ្នាក់លក់ទៅអាមេរិក កាណាដា
ចន្លោះមិនឃើញ
នរណាៗក៏ល្បីឆៃប៉ូវឆ្ងាញ់ដែលមានលក់នៅតាមបណ្ដោយផ្លូវជាតិលេខ២១ កាត់ស្រុកស្អាង ខេត្តកណ្ដាល ទាស់ត្រង់ថា គេមិនដឹងថា តូប ផ្ទះ ឬកន្លែងណាមានលក់ឆៃប៉ូវសុទ្ធគ្មានប្រើថ្នាំ និងឆ្ងាញ់។
ក្រុមការងារ «ផ្លូវទៅស្រុក» បានសាកសួរអ្នកស្រុកស្អាង ខេត្តកណ្ដាល និងប្រើពេលជាច្រើន ទម្រាំឃើញរកផ្ទះគ្មានយីហោ បិទទ្វារជិតឈឹងជាប់ប៉ុស្តិ៍នគរបាលឃុំទឹកវិល ដែលលក់ឆៃប៉ូវដែលល្អសុទ្ធ គ្មានប្រើថ្នាំ មេស្ករ ហើយតម្លៃថ្លៃលើសកន្លែងដទៃទៀតផង ពោលគឺថ្លៃ ១២ ០០០ រៀល ក្នុងមួយគីឡូក្រាម បើធៀបនឹងឆៃប៉ូវមិនសូវសុទ្ធល្អថ្លៃមិនដល់ ឬត្រឹម ១០ ០០០ រៀល។
អ្នកស្រី យន់ រ៉ុង អ្នកលក់ឆៃប៉ូវជាង ១០ ឆ្នាំនៅភូមិព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ដែលអ្នកភូមិប្រាប់ថាជាអ្នកឆៃប៉ូវសុទ្ធឆ្ងាញ់នោះ បានប្រាប់ក្រុមការងារ «ផ្លូវទៅស្រុក» ថា អ្នកស្រីធ្វើ និងលក់តែឆៃប៉ូវល្អលេខ១ មិនក្រិន ហើយមានអ្នកអាមេរិក និងកាណាដាមកទិញដែរ ខណៈពេលធ្វើម្ដងៗ គឺប្រើឆៃថាវ ៥០០ គីឡូក្រាម បានត្រឹមឆៃប៉ូវ ៥០-៦០ គីឡូក្រាម ហើយលក់មិនដែលសល់ ព្រមទាំងធ្វើលក់មិនទាន់។
អ្នកស្រីថា ឆៃប៉ូវនេះផលិតចេញពីឆៃថាវដែលដាំនៅស្អាង មិននាំចូលពីខេត្តក្រៅ ឬមិនមែនជាឆៃថាវដាំនៅតំបន់ដីក្រហម (មិនសូវមានមានសាច់ ព្រោះមានទឹកច្រើន) ឯសាច់ឆៃប៉ូវវិញស្វិតបែបស្រួយ រសជាតិផ្អែមប្រៃល្មម។
អ្នកលក់ឆៃប៉ូវផង ធ្វើចម្ការបន្លែផង រូបនេះ បញ្ជាក់ថា ឆៃប៉ូវដែលប្រើថ្នាំ (ក្រាម) គឺទុកបានយូរ ត្រូវទឹកភ្លៀង (ពេលហាល) ឬត្រូវខ្យល់ មិនមានឡើងរអិល ឬខូចនោះទេ តែបើឆៃប៉ូវសុទ្ធ នឹងឡើងរអិល ឬធុំក្លិន។