• 2016-12-16 03:39:12
  • ព័ត៌មាន

ចាប់​​កាដូ​ថ្ងៃ​ណូអែល ក្លាយ​ជា​ទម្លាប់​របស់​យុវវ័យ​កំដរ​ការ​សប្បាយ​ជិត​ដាច់​ឆ្នាំ

  • 2016-12-16 03:39:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុណ្យ​ណូអែល ​កាន់​តែ​ខិត​ជិត​មក​ដល់​នា​ពេល​ខាង​មុខ​នេះ​ហើយ​ ចំណែក​យុវវ័យ​​មួយ​ចំនួន​បាន​ទន្ទឹង​រង់ចាំ​ថ្ងៃ​នោះ​មក​ដល់ ដើម្បី​ចាប់​កាដូ​ជា​ការ​សប្បាយ​ជិត​ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី។​

​​​​តួ​យ៉ាង​ យុវតី​ អ៊ី​ នាង​ ជា​សិស្ស​ថ្នាក់​ទី​៩​ ​នៃ​វិទ្យាល័យ​បាក់​ទូក​បាន​​អោយ​ដឹង​ថា​​ អ្វី​ដែល​សប្បាយ​ជាង​គេ​​សម្រាប់​កញ្ញា​​ក្នុង​​ពេល​​បុណ្យ​ណូអែល​គឺ​ការ​លេង​ចាប់​កាដូ​ជា​មួយ​​មិត្ត​ភក្តិ​។ ​វា​បាន​​រឹត​ចំណង​មិត្ត​ភាព​រវាង​មិត្ត​ភក្តិ​ក្នុង​​ថ្នាក់​ ញ៉ាំ​អី​ជុំ​គ្នា​ជា​ដើម​ ហើយ​​កាដូ​ដែល​កញ្ញា​ចង់​បាន​នោះ​គឺ​តុក្កតា​រូប​ទា​។ ​កាល​ពី​ឆ្នាំ​មុន​កញ្ញា​ធ្លាប់​ចាប់​បាន​ តុក្កតា​កូន​ទា​ម្ដង​ហើយ​ តែ​ចង់​អោយ​វា​​មាន​គូរ​ក៏​ប្រាថ្នា​ចង់​ចាប់​អោយ​បាន​ម្ដង​ទៀត​។​​ ​

រីឯ ​យុវតី​​​​ រីម៉ា ​វិញ​បាន​រៀប​រាប់​ថា​​ កាល​ពី​​​បុណ្យ​ណូអែល​ឆ្នាំ​មុន​​​ ​ខ្លួន​ក៏​ធ្លាប់​លេង​ចាប់​កាដូ​ផង​​ដែរ​ ជា​មួយ​មិត្ត​ភក្តិ​ព្រោះ​មើល​ទៅ​សប្បាយ​រីករាយ​ ហើយ​ធ្វើ​អោយ​មាន​ចិត្ត​ស្រលាញ់​គ្នា​​ថែម​ទៀត​។​ ​រីម៉ា​បាន​បន្ត​ថា​ ​លើក​មុន​​ខ្លួន​​ចាប់​​កាដូ​បាន​កែវ​ទឹក​ ប៉ុន្តែ​ឆ្នាំ​នេះ​គឺ​​​ប្រាថ្នា​ចាប់​អោយ​បាន​សៀវភៅ​កំណត់​ហេតុ​វិញ​​ម្ដង​។

ងាក​មក​យុវជន​​ឈ្មោះ​បុត្រ​មក​ពី​សាលា​ អេ អាយ អេស​ ​​​វិញ​ម្ដង​ ក៏​បាន​បង្ហាញ​​នូវ​ចំណាប់​អារម្មណ៍​ផ្ទាល់​​ថា ​ខ្លួន​ និង មិត្ត​ភក្តិ​​ក្នុង​ថ្នាក់​តែង​លេង​ចាប់​កាដូ​​នេះ​ជានិច្ច​ នៅ​ថ្ងៃ​បុណ្យ​ណូអែល​ម្ដង​ៗ​ ដើម្បី​ការ​កម្សាន្ត​ និង ញ៉ាំ​នំ​ជាមួយ​គ្នា​។ ​កាល​ពី​ឆ្នាំ​មុន​ៗ​ បុត្រ ក៏​ធ្លាប់​ចាប់​បាន​កាដូ​​ជា​តុក្កតា​ និង នាឡិកា​ដៃ​ផង​ដែរ​។ ចំណែក​ឆ្នាំ​នេះ​គឺ​បុត្រ​ប្រាថ្នា​ចង់​​ចាប់​អោយ​បាន​កាដូ​រូប​ Pokemon ​មួយ​។

ទាក់​ទង​នឹង​ការ​ចាប់​កាដូ​នេះ​ដែរ លោក សុង ហុក គ្រូ​បង្រៀន​នៅ​សាលា​ឯកជន​មួយ បាន​បញ្ចេញ​មតិ​ថា មិន​មែន​ជា​ការ​ខុស​ទាស់​អ្វី​ឡើយ ព្រោះ​អាច​ជា​ការ​កម្សាន្ត រឹត​ចំណង​មិត្តភាព​រវាង​គ្នា​នឹង​គ្នា​ផង។ ទោះ​បែប​នេះ​ក្ដី លោក​បាន​សំណូម​ពរ​ឲ្យ​យុវវ័យ​ចាំ​ច្បាស់​ពី​វប្បធម៌​ខ្មែរ កុំ​ឲ្យ​វប្បធម៌​បរទេស​គ្រប​ដណ្ដប់​បាន។ លោក ហុក បាន​និយាយ​ថា៖ "គ្មាន​ទាស់​អី​ទេ លេង​ក៏​លេង​ទៅ ព្រោះ​ស្រុក​ណា​ក៏​មាន​ចឹង​ដែរ តែ​កុំ​ឲ្យ​ភ្លេច​អ្វី​ដែល​ខ្លួន​មាន"។ ​

 

អត្ថបទ៖​ ចន្ថា​​​​​​​​​​

មតិយោបល់