
- 2017-01-25 07:25:18
- សេដ្ឋកិច្ច
ឆ្នាំ២០១៦ កម្ពុជាទទួលបានចំណូលខ្ទង់ពាន់លានដុល្លារពីវិស័យទេសចរណ៍
- 2017-01-25 07:25:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំ២០១៦ កម្ពុជាទទួលបានចំណូលខ្ទង់ពាន់លានដុល្លារពីវិស័យទេសចរណ៍
ចន្លោះមិនឃើញ
វិស័យទេសចរណ៍គឺជាឧស្សាហកម្មគ្មានផ្សែងមួយដែលបាននាំប្រាក់ចំណូលជាច្រើនសម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ តួយ៉ាងដូចជាក្នុងឆ្នាំ២០១៦ កន្លងទៅនេះទឹកប្រាក់ ៣ប៊ីលានដុល្លារ ត្រូវបានចាក់ចូលទៅក្នុងសេដ្ឋកិច្ចជាតិ តាមរយៈការប្រមូលថវិកាពីអាជ្ញាប័ណ្ណទេសចរណ៍អន្តរជាតិនានាទូទាំងប្រទេស។
ក្នុងឱកាសបូកសរុបការងារប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃទី២៤ មករា ឆ្នាំ ២០១៧ នៅឯសណ្ឋាគារភ្នំពេញ ក្រសួងទេសចរណ៍បានបង្ហាញនូវទិន្នន័យប្រចាំឆ្នាំថា ទេសចរណ៍អន្តរជាតិដែលមកលេងនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦ គឺកើនឡើង៥ភាគរយដែលមានចំនួនសរុបប្រមាណ៥លាននាក់។
អ្វីដែលសំខាន់នោះ គឺវិស័យនេះបាននាំចំណូលជូនរដ្ឋជាង ៣ប៊ីលានដុល្លារសហរដ្ឋអាមេរិកដែលស្មើនឹង១៣ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP) របស់ប្រទេសកម្ពុជាទៀតផង។ មិនតែប៉ុណ្ណោះវាបានបង្កើតអោយមានការងារធ្វើដល់ប្រជាជនកម្ពុជាជាង ៦២ម៉ឺននាក់ ស្មើនឹង១៣ភាគរយ នៃកម្លាំងពលកម្មសរុប និង បានផ្ដល់ការងារដោយប្រយោលចំពោះមនុស្សរាប់សិបម៉ឺននាក់ទៀតផងដែរ។
សូមបញ្ជាក់ផងដែរថា កម្ពុជាមានរមណីយដ្ឋានសរុប ១,៤២៩ កន្លែង ក្នុងនោះមាន ៣៣៥ កន្លែងមានអាជ្ញាប័ណ្ណ។ ចំណែកសណ្ឋាគារមានចំនួន ៦៤៧ កន្លែង ស្មើនឹង៣៦,២៣៦ បន្ទប់ រីឯផ្ទះសំណាក់វិញមានចំនួន ១,៩៩៦ កន្លែងស្មើនឹង ២៨,៩៩៥ បន្ទប់។ មិនតែប៉ុណ្ណោះ កម្ពុជាមានភោជនីយដ្ឋាន និង អាហារដ្ឋានចំនួន ១,៨៤៤កន្លែង ដោយមានមគ្គុទ្ទេសក៍ទេសចរណ៍សរុប ៥,០៨៨ នាក់។
ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ក៍បានផ្ដល់ជាអនុសាសន៍មួយចំនួនទៅដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត និង ផ្នែកឯកជនទូទាំងប្រទេសត្រូវចូលរួមអនុវត្តយុទ្ធនាការ «គ្មានទៀតទេ អាជីវកម្មទេសចរណ៍ដែលគ្មានអាជ្ញាប័ណ្ណទេសចរណ៍ ឱ្យបានត្រឹមត្រូវក្នុងឆ្នាំ២០១៨» ព្រមទាំងបន្តពង្រឹងការប្រមូលចំណូលពីអាជ្ញាប័ណ្ណទេសចរណ៍ ឲ្យបានប្រសិទ្ធភាពខ្ពស់។ ដោយក្រសួងទេសចរណ៍បានរំពឹងទុកថា នៅឆ្នាំ២០២០ ភ្ញៀវទេសចរណ៍អន្តរជាតិអាចនឹងកើនឡើងរហូតដល់៧លាននាក់ឯណោះ៕