- 2017-03-27 01:39:32
- ព័ត៌មាន
ប្រវត្តិស្ថាបនិកក្រុមហ៊ុនស្ថាបត្យកម្មខ្មែរមួយរូប ចែករំលែកគំនិតដល់យុវជនជំនាន់ក្រោយ
- 2017-03-27 01:39:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិស្ថាបនិកក្រុមហ៊ុនស្ថាបត្យកម្មខ្មែរមួយរូប ចែករំលែកគំនិតដល់យុវជនជំនាន់ក្រោយ
ចន្លោះមិនឃើញ
ពាក្យ "ស្ថាបត្យកម្ម" មួយម៉ាត់របស់គ្រូបង្រៀន ធ្វើឲ្យយុវជនវ័យ១៩ឆ្នាំ ហ៊ុន ចាន់សានដែលចូលចិត្តអង្គុយគូរបង្កើតរូបច្នៃប្រឌិតប្លែកៗ ចាប់អារម្មណ៍ និងចូលសិក្សាស្រាវជ្រាវចង់ចេះចង់ដឹងពីពាក្យថ្មីមិនខ្លួនមិនធ្លាប់ឮនោះ រហូតក្លាយខ្លួនទៅជាអ្នករចនាប្លង់ ឬស្ថាបត្យករ តាមឧបនិស្ស័យរបស់ខ្លួន និងបង្កើតបានក្រុមហ៊ុនស្ថាបត្យកម្ម១របស់ខ្លួន ដំណើរជោគជ័យរហូតមកទល់សព្វថ្ងៃ។ យ៉ាងណាមិញ ស្ថាបត្យកររូបនេះ ក៏បង្ហាញថានេះជាជោគជ័យតូចមួយប៉ុណ្ណោះដែលលោកចែករំលែក តែនៅមានអ្វីថ្មីៗជាច្រើនទៀត ដែលលោករៀនសូត្របន្ថែម និងសម្រេចបានជោគជ័យនាថ្ងៃអនាគតបន្តទៀត។
ប្រវត្តិជីវិត
លោក ហ៊ុន ចាន់សាន កើតនៅរាជធានីភ្នំពេញ នៅក្នុងគ្រួសារមួយ ដែលមានឪពុកម្ដាយជាប្រកបរបររកស៊ីបើកហាងថតរូប និងមានបងប្អូន ៣នាក់នៅក្នុងបន្ទុក គឺរូបលោកជាកូនច្បង និងប្អូនស្រី២នាក់។
កាលនៅកុមារភាពលោកបានចូលសិក្សានៅសាលា និងវិទ្យាល័យបាក់ទូកត្រឹមថ្នាក់ទី១១។ ដោយសម្លឹងឃើញប្រព័ន្ធសិក្សាអប់រំ នៅប្រទេសសិង្ហបុរីខ្លាំង និងចង់បណ្ដុះបណ្ដាលឲ្យកូនមានអនាគតល្អ ឪពុកម្ដាយរបស់យុវជន ចាន់សាន ក៏បញ្ជូនកូនប្រុសច្បងរបស់ខ្លួនទៅសិក្សានៅប្រទេសកូនខ្លាអាស៊ីនោះ និងរៀនរស់នៅទីនោះដោយឯករាជ្យ។
ជីវិតសិក្សានៅប្រទេស កូនខ្លា សិង្ហបុរី
ឆ្នាំ១៩៩៦ យុវជនចាន់សាន មកដល់ទឹកដីស៊ីវិល័យសិង្ហបុរី។ ទៅដល់ប្រទេសនោះ យុវជនខ្មែរសម្បុរសខាងលើត្រូវចូលរៀននៅ វិទ្យាល័យ East View Secondary School តែមានលក្ខខណ្ឌមួយគឺតម្រូវឲ្យរៀនតាំងពីថ្នាក់ដើមមកវិញ ពោលគឺរៀនពីថ្នាក់ទី៧ឡើងវិញ និងរៀនបំប៉នភាសាអង់គ្លេស។
ទោះជាយ៉ាងណា យុវជនមកពីភ្នំពេញដែលតម្រូវឲ្យរៀនថ្នាក់សាដើមឡើងវិញ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រមិនរុញរា ឬទុកពេលវេលាចោលនោះទេ។ ការសិក្សានៅសិង្ហបុរី លោកត្រូវបានជ្រើសរើសឲ្យរៀនថ្នាក់សិស្សពូកែចម្រុះជាតិសាសន៍ ហើយប្រលងប្រជែង តេស្តសមត្ថភាព IQ ទទួលបានអាហារូបករណ៍សិក្សាដោយឥតបង់ថ្លៃទៀតផង ដោយក្នុងតែ១ខែលោកចំណាយថ្លៃសាលាតែ១០ដុល្លារប៉ុណ្ណោះ។
ក្រៅពីការសិក្សា ទម្លាប់រស់នៅប្រចាំថ្ងៃនៅសិង្ហបុរី មិនមែនជាបញ្ហាសម្រាប់យុវសិស្ស ចាន់សាន នោះទេ ដោយយុវជនរូបនេះ មានគ្រួសារសិង្ហបុរីដែលទទួលស្នាក់នៅអំឡុងពេលសិក្សា(Host Family) ស្វាគមន៍រូបគេយ៉ាងកក់ក្ដៅដូចកូនបង្កើត។ បន្ថែមពីនោះយុវជនដែលចូលចិត្តបរិស្ថានរស់នៅនៅសិង្ហបុរីរូបនោះ ក៏ពេញចិត្ត នឹងសាលារៀននៅទីនោះ ដែលមានបរិក្ខារសិក្សាសំបូរបែប សម្រាប់សិស្ស ដែលធ្វើឲ្យសិស្សរូបនេះចំណាយពេល១ថ្ងៃៗនៅតែ បណ្ណាល័យសិក្សា។
បន្ទាប់ពីការសិក្សា កីឡាក៏ផ្សារភ្ជាប់និងទំព័រជីវិតរបស់យុវជនរូបនេះផងដែរ នៅរៀងរាល់ថ្ងៃ សៅរ៍ អាទិត្យរូបគេតែងទៅចំណាយពេល ហែលទឹក វាយសី ឬជិះកង់ជាដើម... ។
រូបថតចាន់សាន និងមិត្តរួមថ្នាក់កាលរៀនវិទ្យាល័យ
សម្ដីមួយម៉ាត់ ដែលធ្វើឲ្យយុវជនម្នាក់ចាប់អារម្មណ៍ខ្លាំង និងផ្លាស់ប្ដូរជីវិតខ្លួន
មនុស្សជាច្រើនប្រហែលជាភ្លេច នៅលើកដំបូងដែលគេបានឮពាក្យ "ស្ថាបត្យកម្ម" ប៉ុន្តែសម្រាប់យុវជន ហ៊ុន ចាន់សាន ជាការចងចាំមួយដែលមិនអាចភ្លេចបាន។
នៅឆ្នាំ១៩៩៨ នៅពេលឃើញ យុវជនខ្មែរដែលចូលចិត្តគូររូបភាពប្លែកៗ ដោយគំនិតច្នៃប្រឌិត លោកគ្រូភាសារបស់យុវសិស្ស ហ៊ុន ចាន់សានបានប្រាប់ដល់កូនសិស្សខ្លួនជាការណែនាំថា ចេះគូរដោយភាពអំណត់ ចេះព្រឹកព្រាង និងគំនិតច្នៃប្រឌិត គឺគួរតែទៅរៀននៅមហាវិទ្យាល័យ ស្ថាបត្យកម្មណាមួយ។
ពាក្យ១នោះដែល យុវជនខាងលើ ចាប់អារម្មណ៍ហើយផ្លាស់ប្ដូរជីវិតរបស់គេ តាមរយៈការចង់ដឹង និងស្រាវជ្រាវពីស្ថាបត្យកម្ម ថាតើគេអាចធ្វើអ្វីបានខ្លះនឹង ពាក្យថ្មីមិនដែលឮនោះ?
ជាប់ចូលរៀន ជំនាញដែលខ្លួនមាននិស្ស័យ
នៅចុងឆ្នាំ២០០០ យុវជនចាន់សាន បានបញ្ចប់សញ្ញាបត្រថ្នាក់មធ្យមសិក្សា (បាក់ឌុប) ពីសាលាEast View Secondary School របស់សិង្ហបុរីដោយជោគជ័យ។
បញ្ចប់សញ្ញាបត្របាក់ឌុបពីសិង្ហបុរីភ្លាម យុវជនរូបនេះ បានដាក់ពាក្យជាប់ចូលរៀនជំនាញដែលខ្លួនពេញចិត្ត រហូតដល់ពីរសាកលវិទ្យាល័យនៅប្រទេសពីរផ្សេងគ្នា គឺសាកលវិទ្យាល័យ University of Melbourne នៅប្រទេសអូស្ត្រាលី និងសាកលវិទ្យាល័យ Boston នៅរដ្ឋ Massachusetts សហរដ្ឋអាមេរិក។ ហើយរូបគេបានសម្រេចចិត្តបន្តថ្នាក់ឧត្ដមសិក្សានៅ ប្រទេសលោកខាងលិច គឺសិក្សាថ្នាក់បរិញ្ញាបត្រ នៅមហាវិទ្យាល័យ Massachusetts college of Art and Design របស់សាកលវិទ្យាល័យ Boston ។
វិស្សមកាលរដូវក្តៅនៅទីក្រុងប៉ារីស ស្វែងយល់ពីអ្វីថ្មី
នៅពាក់កណ្ដាលឆ្នាំ២០០៣ ចាន់សានបានចូលរួមដំណើរទស្សនកិច្ចសិក្សាទៅទីក្រុងប៉ារីស ប្រទេសបារាំង ជាមួយមិត្តរួមថ្នាក់ជនជាតិអាមេរិកាំង ដើម្បីទៅស្វែងយល់អំពី វប្បធម៌ប្រវត្តិសាស្ត្រ នៃរដ្ឋធានីប៉ារីស ទៅទស្សនាស្នាដៃស្ថាបត្យកម្ម និងទៅរៀនពីស្ថាបត្យកម្មទំនើបជាស្នាដៃរបស់លោក Le Corbusier។ ដំណើរទស្សនកិច្ចខាងលើបានជំរុញឲ្យ ចាន់សាន ខិតខំស្រាវជ្រាវស្វែងយល់បន្ថែមពី សំណង់ខាងក្រៅអគារ និងហ៊ានប្រថុយនឹងគំនិតប្លែកៗថ្មីៗរបស់ខ្លួន។
ផ្ដោតសំខាន់លើការសិក្សា បានលទ្ធផលល្អ មិនឲ្យឪពុកម្ដាយខកបំណង
រៀននៅ Boston យុវជនចាន់សាន មិនទុកពេលវេលាឥតប្រយោជន៍នោះឡើយ ដោយពេញចិត្តនិងបរិស្ថានសិក្សា សម្ភារៈសិក្សានៅសាលាសម្បូរបែប ១ថ្ងៃៗ យុវជនរូបនេះយកចិត្តទុកដាក់លើការសិក្សា និងចំណាយច្រើនម៉ោង នៅស្ទីយ៉ូ ច្នៃប្លង់អគារ។
នាពេលបញ្ចប់ការសិក្សា និស្សិតដែលជាកូនជាងថតរូបនេះ បានសម្រេចសមិទ្ធផលគាប់ប្រសើរគឺទទួលបាន GPA ( Grade Point Averages ជាពិន្ទុសរុបជាមធ្យមដែលបង្ហាញពីកម្រិតសិក្សា) 4.0 ជាពិន្ទុខ្ពស់ ដែលលោកត្រូវបាន ខាងសាកលវិទ្យាល័យអញ្ជើញឪពុកម្ដាយ ជាភ្ញៀវកិត្តិយសដើម្បីកោតសរសើរទៀតផង។
លោកបានបញ្ចប់សញ្ញាបត្រ បរិញ្ញាបត្រដោយជោគជ័យនៅឆ្នាំ២០០៦។ ចប់សញ្ញាបត្របរិញ្ញាបត្រភ្លាម លោកបន្តសិក្សាជំនាញដែលលោកស្រលាញ់តែម្ដង គឺនៅឆ្នាំ២០០៧ លោកចូលរៀនថ្នាក់អនុបណ្ឌិតនៅ សាកលវិទ្យាល័យ NORTHEASTERN សហរដ្ឋអាមេរិក និងទទួលសញ្ញាបត្រអនុបណ្ឌិតខាងស្ថាបត្យកម្មដោយជោគជ័យនៅឆ្នាំ២០០៩។
ការងារដំបូង
ត្រលប់មកកម្ពុជាវិញភ្លាមនៅ ២០០៩ លោក ចាន់សាន បានសម្ភាសជាប់បម្រើការងារភ្លាម គឺជាអ្នកសម្របសម្រួលគណៈសាស្ត្រាចារ្យ និងគ្រូបង្រៀនខាងផ្នែកស្ថាបត្យកម្ម និងច្នៃម៉ូត នៅឯសាកលវិទ្យាល័យ លីមកុកវីង។ បន្ទាប់ពីនោះលោក ក៏ជាប់ក្លាយជា សាស្ត្រាចារ្យ នៅឯ សាលាស្ថាបត្យកម្ម និងច្នៃម៉ូត របស់សាកលវិទ្យាល័យបញ្ញាសាស្រ្ត ព្រមទាំងជាអ្នកសម្របសម្រួលនៅសកលវិទ្យាល័យ Zaman ផងដែរ។
បង្រៀននៅសាកលវិទ្យាល័យ លោកបានចែករំលែកជាច្រើន ទៅនឹងការបណ្ដុះគំនិត របស់សិស្សលោកទាក់ទងនឹងការច្នៃម៉ូត និងគំនិតប្លែកៗ។
ដោយឡែកមកទល់សព្វថ្ងៃនេះ ដោយសារមមាញឹកនឹងគម្រោងការងាររបស់ខ្លួន លោកក៏បានចំណាយពេល ជាអ្នកណែនាំផ្នែកទ្រឹស្ដីទៅដល់ក្រុមសិស្ស និស្សិត ដែលកំពុងសិក្សា និងចាប់ផ្ដើមជីវិតការងារជា ស្ថាបត្យករ។
គំនិតបង្កើតក្រុមហ៊ុនចាប់ផ្ដើមឡើង
“យើងឃើញគាត់(គ្រូបង្រៀន)ទៅបង្រៀនផង ...ហើយបើកក្រុមហ៊ុនក្រៅផង ដែលយើងឃើញទឹកដៃរបស់គាត់ ធ្វើឲ្យយើងចង់ដូចគាត់ចឹង"។ នេះជាសម្ដីរបស់ លោក ហ៊ុន ចាន់សាន ដែលបានរំលឹកពី សាស្ត្រាចារ្យដែលបានបង្រៀនលោកកាលនៅសាកលវិទ្យាល័យ សហរដ្ឋអាមេរិក ដែលជនគំរូ ជំរុញចិត្តលោកឲ្យយកតម្រាប់តាម។
ជាលទ្ធផលនៅឆ្នាំ២០១១ លោកបានលាឈប់ពីអាជីពបង្រៀននៅសាកលវិទ្យាល័យ ហើយក៏ដំណើរការក្រុមហ៊ុនស្ថាបត្យកម្មមួយ ដោយខ្លួនឯងវិញ គឺក្រុមហ៊ុនស្ថាបត្យកម្មខ្មែរ Re-Edge Architecture +Design សព្វថ្ងៃនេះឯង។ ពាក្យថា "Re-Edge” គឺបានយកចេញពី អត្ថបទសារណាបញ្ចប់ការសិក្សារបស់ លោកចាន់សានផ្ទាល់ នៅសាកលវិទ្យាល័យ Northeastern។ តែស្ថាបត្យកររូបនេះក៏មិនភ្លេចទេ នៅការជួយបង្ហាត់បង្ហាញបុគ្គលិករបស់ខ្លួន ជាពិសេសយុវវ័យជំនាន់ក្រោយដែលមាននិស្ស័យ និងជំនាញនេះ។
ដោយឡែកការបង្កើតក្រុមហ៊ុនវិញ គឺលោកទទួលបានការលើកទឹកចិត្ត និងដើមទុនពីក្រុមគ្រួសារ ជាអ្នកដែលតែងគាំទ្ររូបលោក។
ដំណើរការរបស់ក្រុមហ៊ុន
ក្រុមហ៊ុនស្ថាបត្យកម្មខ្មែរ Re-Edge Architecture +Design របស់លោក ចាន់សាន បច្ចុប្បន្នមានបុគ្គលិកសរុបចំនួន២៥នាក់ ជានិស្សិតដែលបានបញ្ចប់ការសិក្សានៅក្នុងស្រុក ហើយក្នុងនោះក៏មានជនជាតិបរទេសផងដែរ ដើម្បីជួយសម្រួលការងារ និងជួយបណ្តុះបណ្តាលបុគ្គលិកថ្មីៗ។
Re-Edge Architecture +Design បច្ចុប្បន្នមានបម្រើសេវារចនាប្លង់ រចនាផ្នែកខាងក្នុង បានធ្វើគម្រោង និងរចនាជាប្លង់ធំៗជាច្រើន ដូចជាប្លង់បុរី សណ្ឋាគារផ្កាយ៤ អគារស្នាក់នៅ និងប្លង់រោងចក្រសម្រាប់ក្រុមហ៊ុនតៃវ៉ាន់ ម៉ាឡេស៊ី តៃវ៉ាន់ សិង្ហបុរី ជប៉ុន ព្រមទាំងទទួលបានការកោតសសើរពីជនបរទេសជាអតិថិជនទៀតផង។
ការចែករំលែក
ភាពជោគជ័យរបស់ក្រុមហ៊ុន ស្ថាបត្យករខ្មែរខាងលើ កើតឡើងដោយសារតែ លោកផ្តល់សិទ្ធិសេរីភាពដល់បុគ្គលិកក្នុងការបញ្ចេញគំនិតច្នៃប្រឌិតរបស់ខ្លួន ចេញពីចិត្ត និងសមត្ថភាពរបស់ពួកគេ។ ជាមួយគ្នានោះ ស្ថាបត្យករខ្មែរដែលធ្លាប់ត្រូវសារព័ត៌មានសិង្ហបុរីចាប់អារម្មណ៍ ពីគំនិតចូលរួមចំណែកផ្លាស់ប្តូរមុខមាត់ថ្មីរបស់រាជធានីភ្នំពេញនោះ ក៏តែងរំឮកទៅដល់បុគ្គលិកជាជនជាតិខ្មែរថា ពួកគេគឺមានសមត្ថភាព និងទេពកោសល្យមិនចាញ់ស្ថាបត្យករបរទេសនោះឡើយ។
កន្លងមកក៏ធ្លាប់មានក្រុមហ៊ុនគ្រប់គ្រងដោយជនជាតិបរទេសជាដៃគូប្រកួតក្នុងទីផ្សារប្រជែងរកអតិថិជន ទល់នឹងក្រុមហ៊ុនរបស់លោក តែចុងក្រោយ ក្រុមហ៊ុនរបស់លោកបានទទូលជោគជ័យ។ ទន្ទឹមនឹងនោះលោក ចាន់សាន ក៏បានចែករំលែកចំណុចសំខាន់បី ជាកត្តាដែលក្រុមការងារលោកអាចទទួលជោគជ័យ និងការទុកចិត្តពីអតិថិជននោះគឺ៖
ទី១ មានភាពច្នៃប្រឌិត គំនិតថ្មី ប្លែកជារៀងរហូត ហើយជាចំណុចសម្គាល់១ របស់ខ្លួន ដែលអអាចទាក់ទាញអតិថិជនឲ្យមករក ក្រុមហ៊ុនលោកបាន។ ទី២ ការតាំងចិត្ត មិនរុញរា ធ្វើដោយចេញពីចិត្ត ទី៣ ទំនាក់ទំនង ជាមួយអ្នកផ្សេងៗ គ្រប់វិស័យដែលជាការបង្កើតឱកាសច្រើន។
ក្រៅពីការចែករំលែកដល់ក្រុមការងារ ដល់ដៃគូប្រកួតប្រជែង ស្ថាបត្យករខ្មែរដែលចេះភាសាអង់គ្លេសស្ទាត់ជំនាញ និងអាចនិយាយភាសាចិនបានបន្តិចបន្តួចនោះ ក៏ចូលរួមចែករំលែកក្នុងសកម្មភាពសប្បុរសធម៌ជាច្រើនផងដែរ តាមរយៈការរំលែកឧបត្ថម្ភពីថវិកាផ្ទាល់ខ្លួន។
ជីវិតគ្រួសារ
លោកហ៊ុន ចាន់សាន បានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ២០០៣ ហើយបច្ចុប្បន្ន លោកមានកូនប្រុស៣នាក់៕