
- 2017-09-29 02:42:08
- សេដ្ឋកិច្ច
ជាង២០ឆ្នាំលក់ចង្ក្រានឡូវបានរាប់ម៉ឺនចង្ក្រាន ដោយសារអ្នកផលិតមានគំនិតច្នៃប្រឌិតថ្មី
- 2017-09-29 02:42:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាង២០ឆ្នាំលក់ចង្ក្រានឡូវបានរាប់ម៉ឺនចង្ក្រាន ដោយសារអ្នកផលិតមានគំនិតច្នៃប្រឌិតថ្មី
ចន្លោះមិនឃើញ
កំពុងឈរមើលកូនជាងផលិតចង្ក្រានឡូវក្នុងរោងសិប្បកម្មរបស់ខ្លួន លោក យុង ស៊ុនហៃ ប្រាប់អ្នកសារព័ត៌មាន Sabay ថាលោកបានបើកសិប្បកម្មផលិតចង្ក្រានឡូវនេះជាង២០ឆ្នាំមកហើយក្នុងទីរួមខេត្តកំពតនេះ។ លោកឲ្យដឹងទៀតថាក្នុងរយៈពេល២០ឆ្នាំនេះលោកបានលក់ចង្ក្រានប្រភេទនេះដល់រាប់ម៉ឺនចង្ក្រានទៅកាន់ខេត្តនានាក្នុងប្រទេស។
លោកបញ្ជាក់ថា ការរកឃើញ និងបង្កើតនូវអ្វីដែលថ្មី ជាកត្តាជំរុញឲ្យសិប្បកម្ម ឬអាជីវកម្មមួយទទួលបានភាពរីកចម្រើន។ ការចេះបង្កើតនូវអ្វីដែលថ្មីនេះ លោកអះអាងថាគ្មានអ្វីក្រៅតែពីការសិក្សារៀនសូត្របន្ថែមលើជំនាញដែលខ្លួនមាននោះទេ។ ជាក់ស្តែងលោកថាខ្លួនលោកផ្ទាល់ចេះធ្វើចង្ក្រានតាមតែទម្លាប់ដែលឳពុកមាបង្រៀនទេ តែទាល់តែលោកបានទៅរៀនវគ្គបណ្តុះបណ្តាលនៅអង្គការមួយលោកក៏មានគំនិតច្នៃប្រឌិតឡើង។
ដោយនិយាយដល់គំនិតច្នៃប្រឌិតនេះ បានទម្លាក់សំឡេងចុះបន្តិច រួចបន្តថា មួយរយៈចុងក្រោយនេះការបញ្ជាទិញធ្លាក់ចុះជិតពាក់កណ្តាល។ ការធ្លាក់ចុះនេះលោកថាកើតឡើងពីអ្នកផលិតចង្ក្រាននៅខេត្តផ្សេងមួយចំនួនបានចម្លងម៉ូតចង្ក្រានរបស់លោកយកទៅធ្វើតាម និងដាក់លក់នៅលើទីផ្សារ។ ត្រង់ចំណុចនេះលោកថាធ្វើឲ្យលោកបាត់បង់ការបញ្ជាទិញពីឈ្មួញនៅខេត្តទាំងនោះ។
លោកបន្តថាៈ « ពីមុនលក់ចង្គ្រានបានច្រើនណាស់ដោយសារតែ មានអ្នកទិញស្ទើរតែគ្រប់ខេត្តមកទទួលយកទៅលក់បន្ត តែបច្ចុប្បន្នចំនួននៃការលក់បានធ្លាក់ចុះដោយសារខេត្តផ្សេងៗបានចម្លងម៉ូតចង្គ្រានរបស់ខ្ញុំ ដែលបានរចនាដោយគំនិតរបស់ខ្ញុំផ្ទាល់ ហើយមានការពេញនិយមប្រើប្រាស់ខ្លាំង»។
លោកបន្ថែមថាៈ «មុនដំបូងអន់ចិត្តដែរ តែគិតថាយើងមិនចុះកម្មសិទ្ធិបញ្ញាអីចឹង ចាត់ទុកចែកគ្នារស់ មុខរបរយើងដូចគ្នា"។
លោករំឭកថាពីមុនមានការប្រកួតប្រជែងច្រើនបែបនេះ ក្នុងមួយខែលោកទទួលការបញ្ជាទិញមិនតិចជាង១០០០ចង្ក្រានទេក្នុងមួយខែ តែពេលនេះលោកថាធ្លាក់មកត្រឹមតែ៥០០ ទៅ៦០០ប៉ុណ្ណោះក្នុងមួយខែ។
លោកឲ្យដឹងថាចង្ក្រានមួយលោកលក់ចេញក្នុងតម្លៃចាប់ពី៦០០០រៀលឬ លើសពីនេះទៅតាមប្រភេទ និងទំហំ។ លោកឲ្យដឹងដែរថាក្នុងចង្ក្រាមួយលោកអាចទទួលបានប្រាក់ចំណេញចន្លោះពី១០០០រៀល ទៅ៤០០០រៀល។
ងាកមកអ្នក អ្នកធ្វើពុម្ពដែកដាក់ចង្រ្គានវិញ គឺ លោក រឿន សារុំ ថ្លែងថាការងារនេះមិនពិបាកអ្វីនោះទេ ហើយថែមទាំងអាចរកចំណូលសមរម្យទៀតផង។ លោកថាក្នុងមួយថ្ងៃលោកអាចកាត់ពុម្ពបានប្រហែល១០០ពុម្ព ដែលចំណួននេះ លោកបានថ្លៃឈ្មួល៣០ ០០០រៀល។
ចំណែកលោក ជា ម៉េង ជាអ្នកកាត់មាត់ចង្គ្រាន និងបូកល្បាយផេះ បានប្រាប់ថា លោកអាចធ្វើបានចង្គ្រាប្រហែលជា៧០ក្នុងមួយថ្ងៃហើយបើថ្ងៃណាប្រឹងខ្លាំង អាចធ្វើបានដល់ ៨០។ លោកឲ្យដឹងថា លោកអាចទទួលបានប្រាក់ឈ្នួលប្រមាណជា ៤ម៉ឺនរៀលក្នុងមួយថ្ងៃ ដោយចង្គ្រានមួយ បានឈ្នួលពី៥០០៛ ទៅ ១០០០៛។ ទោះបីជាការបញ្ជាទិញមានការធ្លាក់ចុះបន្តិចមែនតែកម្មករក្នុងសប្បកម្មទាំងពីរនៅតែជឿថាសិប្បកម្មនៅតែ ដំណើរការទៅមុខ ដោយថាការបញ្ជាទិញនៅតែមានក្នុងកម្រិតមួយដែលអាចទទួលយកបាននៅឡើយ៕