
- 2017-11-14 02:41:47
- សេដ្ឋកិច្ច
កសិករថាផ្លែដៃខ្លីឆ្នាំនេះ ធ្លាក់ថ្លៃជាងពាក់កណ្តាល
- 2017-11-14 02:41:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កសិករថាផ្លែដៃខ្លីឆ្នាំនេះ ធ្លាក់ថ្លៃជាងពាក់កណ្តាល
ចន្លោះមិនឃើញ
អ្នកភូមិរស់នៅក្នុងឃុំស្រែអំពក ស្រុកគិរីវង់ ខេត្តតាកែវមិនតិចជាង១០០គ្រួសារទេ បានប្រកបរបដាំដើមដៃខ្លី សម្រាប់ចំណូលបន្ថែមលើការធ្វើស្រែចំការ តែថាឆ្នាំនេះតម្លៃធ្លាក់ចុះជាងពាក់កណ្តាល។
ដៃខ្លីជារុក្ខជាតិវល្លិ មានផ្លែតូចៗប៉ុនកូនដៃ និងមានរសជាតិហឹរ មិនខុសពីម្រេចប៉ុន្មាននោះទេ។ សម្រាប់ផ្លែស្រស់គេយកទៅ ឆា ឬខ ដូចជាផ្លែម្រេចដែរ។ សម្រាប់លក់ឲ្យឈ្មួយកសិករដាំដើមដៃខ្លីថាត្រូវហាលឲ្យស្ងួតមុននឹងលក់ឲ្យឈ្មួយវៀតណាម។ កសិករបញ្ជាក់ថាផ្លៃដៃខ្លីស្ងួតអាចប្រើប្រាស់បានដូចជាម្រេចដែរ។
លោក កៅ សារី ជាកសិករដាំដើមដៃខ្លីនេះតាំងពីឆ្នាំ១៩៨៥ ដែលកាលនោះលោកដាំ ត្រឹមតែ៣០០ជន្លង់តែប៉ុណ្ណោះ ប៉ុន្តែលោកថារហូតដល់ឆ្នាំ២០១៣ ពេលដែលតម្លៃផ្លែដៃខ្លីហក់ឡើងខ្លាំងលោកបានពង្រីកដីដាំដុះជិតពីរហិកតា ដោយដាំចំនូន១ ២០០ ជន្លង់។ លោកថារបរនេះមិនជាថ្មីទេសម្រាប់កសិករនៅក្នុងស្រុកនេះ ដោយថារបរនេះកើតមានតាំងពីទសវត្សឆ្នាំ១៩៦០មកម្លេះ។
ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ លោកថា តម្លៃផ្លែដៃខ្លីស្ងួតលក់បានរហូតដល់៣ម៉ឺនរៀលក្នុងមួយគីឡូក្រាម និងថាមានឈ្មួយច្រើនមកបញ្ជាទិញ។ សម្រាប់ឆ្នាំ២០១៧ នេះវិញលោកថាមិនដឹងជាមូលហេតុអ្វីបានជាមិនមានឈ្មួយច្រើនដូចមុននោះទេ គឹថាមានតែ ឈ្មួញវៀតណាមប៉ុណ្ណោះដែលមកបញ្ជាទិញ ដោយក្នុងមួយគីឡូក្រាមនៃ ផ្លៃដៃខ្លីស្ងួតមានតម្លៃ១២ ០០០ រៀល ខណៈដែលលោក អាចផលិតបានប្រហែលជាពីរតោនក្នុងមួយឆ្នាំ។
លោក បន្ថែមថា៖« ឆ្នាំនេះតម្លៃដៃខ្លីធ្លាក់ចុះខ្លាំងធ្វើឲ្យខ្ញុំបាត់ប្រាក់ចំណូលជាងពាក់កណ្តាលដោយ ម៉ូយនៅភ្នំពេញគេថាថៃនិងចិនគេអត់ទិញដៃខ្លីពីយើងចឹងហើយទីផ្សារចង្អៀតមានតែវៀតណាមមួយគត់ហើយម៉ូយពីអឺរ៉ុបក៏មិនឃើញមកទិញ»។
សម្រាប់លោកស្រី ជៀស ម៉ន ដែលទើបប្រករបរនេះបានបួនឆ្នាំនោះលើកឡើងថារបរនេះបានជួយផ្តល់ចំណូលបន្ថែមក្រៅពីការធ្វើស្រែ។ ទោះយ៉ាងណាអ្នកស្រីថា ការធ្លាក់ថ្លៃផ្លៃដៃខ្លីនេះធ្វើឲ្យអ្នកស្រីខាតថវិការមិនតិចជាងពីរលានរៀលទេក្នុងមួយឆ្នាំ។ អ្នកស្រីបញ្ជាក់ថាក្នុងមួយឆ្នាំ អ្នកស្រីអាចលក់ផ្លៃដៃខ្លីស្ងួតមិនតិចជាង២០០គីឡូក្រាមនោះទេ។
កសិករខាងលើអះអាងថាដើមដៃខ្លីងាយស្រួលដាំ ដោយសាធន់នឹងអកាសធាតុ និងមិនសូវរើសប្រភេទដី និងថាដាំតែពីរឆ្នាំអាចប្រមូលផលបានគ្រប់រដូវ៕