• 2018-10-26 04:48:11
  • ព័ត៌មាន

កុំ​ឆាប់ជឿ និង​ចែក​រំលែក​​ព័ត៌មាន​លើ​បណ្តាញ​សង្គម​ពេក តិច​នាំទុក្ខ​ដាក់​ខ្លួន​

  • 2018-10-26 04:48:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​កាលពី​ម្សិល​មិញ​បាន​ចែក​រំលែក​រូប​ថត​នារីអាក្រាត​កាយ​ម្នាក់​កំពុង​រត់​លេង​នៅ​សមុទ្រ​​មួយ​កន្លែង​ដោយអ្នក​ខ្លះ​​អះអាង​ថា​នៅ​សមុទ្រ​ក្រុង​កំពង់​សោម និង​បាន​រិះ​គន់​​ទៅ​លើ​វិអាជ្ញាធរ​ទាក់ទង​នឹងករណី​នេះ​ផង​ដែរ។

(អត្ថបទជាភសាវៀតណាម បកប្រែតាម​google translate ចុះផ្សាយ​កាលថ្ងៃទី​១០ ខែ​តុលា ឆ្នាំ២០១៨ ពី​ស្ត្រី​ម្នាក់​ងូតទឹក​ស្រាត​នៅ​សមុទ្រ​ក្នុង​ប្រទេស​វៀតណាម និង​អ្នក​ខ្លះ​ផ្សាយ​ថា​នៅ​កំពង់សោម/រូបភាព៖ Sreenshot ពី​www.phunuvagiadinh.vn)

អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​បាន​ចែក​រំលែក​តៗគ្នា អម​ដោយ​សំណេរ​ខ្លឹម​សារ​និយាយ​ដល់​ជន​ជាតិ​មួយ​ទៀត​ផង។ ទោះ​យ៉ាង​ណា​រូបភាព​នេះ​ត្រូវបានព័ត៌មាន​វៀតណាម​មួយ​ចុះ​ផ្សាយថា​រូប​នេះ​គឺ​នៅ​សមុទ្រ Co Thach នៅ​ខេត្ត​Binh Thuan ប្រ​ទេស​វៀតណាម​ទៅ​វិញ​។

កាល​ពី​ពាក់​កណ្តាល​ឆ្នាំ២០១៧ ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ពីរ​នាក់​ត្រូវ​​បាន​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​​ដោយ​សារ​តែ​អ្នក​ទាំងពីរ​ជាប់​សង្ស័យ​ថា​បាន​បង្ហោះ​ព័ត៌មាន​មិន​ពិត​ទាក់ទង​នឹង​ការ​ចាប់​ក្មេង​នៅ​តាម​បណ្ដា​ខេត្ត។ បុរស​ម្នាក់​នៅ​ក្នុង​ខេត្ត​កំពង់ធំ​ត្រូវ​ចៅក្រម​ស៊ើប​សួរ​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​បទ​​ «ក្លែង​ព័ត៌មាន​» តាម​ក្រម​ព្រហ្ម​ទណ្ឌ​មាត្រា​ ៤២៥​។

ហេតុអ្វី​បាន​ជា​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​បាន​ចែក​រំលែក​បន្ត​ហើយ​គិត​ថា​ទិដ្ឋភាពនេះ​កើត​ឡើង​នៅ​ក្រុង​ព្រះ​សីហនុទៅ​វិញ?​ ការយល់​ឃើញ​បែបនេះ​ទំនង​ជា​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​មិន​បាន​ស្វែង​រក​ប្រ​ភព​ព័ត៌មាន​ផ្សេង​ដើម្បី​បញ្ជាក់​បន្ថែម។

​សា​កលវិទ្យាល័យ​ Harvard ​របស់​សហរដ្ឋ​អាមេរិក​បាន​សរសេរ​អត្ថបទ​មួយ​និយាយពី​ព័ត៌មាន​មិន​ពិត​កំពុង​រាល​ដាល​នៅ​លើ​បណ្តាញ​សង្គម។ អ្នក​ចែក​រំលែក​ព័ត៌មាន​ខ្លះ​ ​បាន​ចុច​ចែក​រំលែក​ភ្លាមៗ​ដោយ​មិន​បាន​អាន ពិនិត្យ​លើ​ខ្លឹម​សារ​នោះទេ ដោយ​គ្រាន់​តែបាន​ឃើញ​ចំណង​ជើង​ប៉ុណ្ណោះ។ មួយ​វិញ​ទៀត​ការ​ចែក​រំលែក​ព័ត៌មាន​តាម​បណ្តាញ​សង្គម​មាន​កាន់តែ​ច្រើន​ចំពោះ​ព័ត៌មាន​ណា​មួយ​ដែល​ស្រប​តាម​ជំនឿ​របស់​អ្នកប្រើ​ប្រាស់​បណ្តាញ​សង្គម​ ជាជាង​រក​ប្រ​ភព​បញ្ជាក់​។ ប្រ​ភព​ដដែល​បន្ត។

ក្នុង​អត្ថបទ​ដដែល​បញ្ជាក់ថា​ព័ត៌មាន​មិនពិត​នឹងអាចនាំ​ឲ្យ​មាន​បញ្ហា​ធ្ងន់​ណា​មួយ​កើត​ឡើង​។ ត្រង់ចំណុចនេះ​កន្លង​មក​ក៏​មាន​ដែរ​ករណី​គ្រូបង្រៀន​ម្នាក់នៅ​ទី​ក្រុង​ភ្នំពេញ​បាន​រង​របួស​ធ្ងន់ដោយ​ការ​វាយ​ដំ​ ខណៈ​​មាន​ការ​ផ្សព្វ​ផ្សាយ​បន្ត​គ្នា​ថា​លោកគ្រូ​ម្នាក់​នោះ​បាន​បើក​រថ​យន្ត​បុក​បុរសម្នាក់​រង​របួស និង​ព្យាយាម​រត់គេច។

ដើម្បីជៀស​វាង​ធ្លាក់​ខ្លួន​ចាញ់​បោក ឬ​ជឿ​លើ​ព័ត៌មាន​មិន​ពិត​​ University of West Florida បាន​សរសេរ​ដែរ​ថា​អ្នក​អាន​ត្រូវ​ពិនិត្យ​លើ​ប្រ​ភព​ដែល​ផ្តល់​ឲ្យ​តើ​អាច​ទុក​ចិត្ត​បាន​កម្រិត​ណា ជាប្រ​ភព​ដែល​មាន​ឈ្មោះ​ស្ថាប័ន​ផ្តល់​ត្រឹម​ត្រូវ​ និង​ជា​ស្ថាប័ន​ទុក​ចិត្ត​បាន​ឬទេ។

មួយ​វិញ​ទៀត​ប្រ​ភព​ដដែល​ក៏បាន​ណែ​នាំ​អ្នក​អាន​ឲ្យ​ចេះ​មើល​ប្រ​ភព​នៅ​ក្នុង​អត្ថបទ​តើ​មក​ពី​ណា មាន​​​មន្ត្រី ឬ​អ្នក​ពាក់ព័ន្ធ​ចំពោះ​ហេតុ​ការណ៍​ក្នុង​អត្ថបទ​ដែរ​ឬយ៉ាងណា និង​ត្រូវ​ចេះ​ពិនិត្យ​លើ​កាល​បរិច្ឆេតចេញ​ផ្សាយ​ថា​តើ​ជា​បច្ចុប្បន្ន​ភាព​ឬ​យូរ​មក​ហើយ។​

ប្រ​ភព​ខាង​លើ​ក៏​បង្ហាញ​ឲ្យដឹងទៀត​ថា​សម្រាប់អត្ថបទ​ខ្លះ​ជា​អត្ថបទ​បែប​ទស្សនៈ​​ដែល​មាន​ផ្សាយ​ទាំង​នៅ​លើ​សារព័ត៌មាន​អន​ឡាញ និង​បោះ​ពុម្ព​។ អត្ថបទស្សនៈ​បែនេះ​ជាភាសារ​អង់គ្លេស​មាន​សរសេរ​ជា​ពាក្យ​ «Editorials, Letters to the Editor, Op-Eds, Opinion» បញ្ជាក់​នៅ​ខាង​ដើម​នៃចំណង​ជើង​ឬផ្នែក​ណាមួយ​នៃអត្ថបទ​ស្រាប់។

បើ​តាម​របាយ​ការណ៍​របស់​ការិយាល័យ​ប្រ​ជា​សាស្ត្រ​របស់​សហរដ្ឋ​អាមេរិក ​ចេញផ្សាយ​កាលពី​ខែ​មករា ឆ្នាំ២០១៧ កម្ពុជា​មាន​អ្នកប្រើ​ប្រើប្រាស់​អ៊ីនធឺណិត​ប្រមាណ​ជា ៧លាន​នាក់ និង​អ្នក​ដែល​សកម្ម​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មាន​ចំនួន​​ ៤,៩​លាន​នាក់ ក្នុង​ចំណោម​ប្រ​ជា​ជន​កម្ពុជា​ជិត ១៦​លាន​នាក់៕

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទថ្មី