• 2018-12-29 04:30:00
  • ព័ត៌មាន

កុំឲ្យដដែលៗ ៣តំបន់នៅសៀមរាប ព្រះវិហារ ចោលទុក្ខអស់តាមធម្មជាតិ ឆ្លងឆ្នាំថ្មីដោយចិត្តស្ងប់

  • 2018-12-29 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​ខាង​មុខ​នេះ ប្រសិន​បើ​លោក​អ្នក​ដែល​ចូលចិត្ត​ការ​កម្សាន្ត​បែប​ធម្មជាតិ គេច​ចេញ​ពី​ជីវិត​បែប​ទីក្រុង​ មាន​មនុស្ស​កុះករ​មួយ​រយៈ​នោះ លោក​អ្នក​ អាច​សាក​ទៅ​លេង​ខេត្ត​សៀមរាប ​និង​ព្រះវិហារ​។ បើ​និយាយ​ពី​ខេត្ត​ពីរ​នេះ តាម​ពិត​ទៅ​មិនមែន​មាន​តែ​តំបន់​ទេសចរណ៍​តាម​ប្រាសាទ​បុរាណ​ទេ គឺ​មាន​កន្លែង​​បែប​ធម្មជាតិ និង​តំបន់​បែប​សម្រាក​ដ៏​ស្ងប់ស្ងាត់ ដែល​អាច​ឲ្យ​លោក​អ្នក​លម្ហែ​អារម្មណ៍​ ដោយ​ការ​ងូត​ទឹក​លេង ​ចូល​ព្រៃ ឬ​មើល​ជម្រក​សត្វ​ព្រៃ​ជាដើម។

១. រមណីយដ្ឋាន​ចំបក់​ហោះ

តំបន់​ទេសចរណ៍​នេះ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ភ្នំ​ដែក ឃុំ​រមណី ស្រុក​រវៀង ខេត្ត​ព្រះវិហារ។ ចំបក់​ហោះ ​មាន​ចម្ងាយ​ប្រមាណ​ ៧៦​គីឡូម៉ែត្រ បើ​ធ្វើ​ដំណើរ​ពី​ទី​រួម​ខេត្ត​ព្រះវិហារ ។

រមណីយដ្ឋាន​ធម្មជាតិនេះ ស្ថិតនៅ​ក្នុង​ព្រៃ​ដ៏​ស្រស់​ស្អាត​ នៃ​សមាគម​ទេសចរណ៍ ហើយ​វា​ក៏​មាន​កន្លែង​កម្សាន្ត​អាច​រំសាយ​ទុក្ខ​កង្វល់ ចាកចេញ​ពី​ភាព​ស៊ីវិល័យ​នៃ​ជីវិត​បែប​ទីក្រុង។ ​អ្នក​ទេសចរណ៍ អាចដើរ​លេង​ក្នុង​ព្រៃឈើ​សហគមន៍​ ឬ​លេង​ល្បែង​កម្សាន្ត​នានា​ដូចជា ជិះ​ទោង​ហោះ ផ្ទះសំណាក់​លើ​ដើមឈើ ទស្សនា​សត្វព្រៃ និង ​ដើមឈើ​ធំ​ៗ​។ រមណីយដ្ឋាន​ចំបក់​ហោះ គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ទំហំ ​១ ៥៨៥ ​ហិកតា។ តំបន់​នេះ មាន​ចម្ងាយ​ពី​រាជធានី ភ្នំពេញ ប្រមាណ​ ៣២០​គីឡូម៉ែត្រ។

​២. ទំនប់​ម្កាក់

រូបភាព៖ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម

ទំនប់​ម្កាក់​នៅ​ខេត្ត​សៀមរាប បាន​ក្លាយ​ជា​កន្លែង​លេង​កម្សាន្ត​ដ៏​សប្បាយ​រីករាយ​ កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឆ្ងាយ​ជិត ទៅ​ងូត​លេង​កម្សាន្ត​រាប់​រយ​នាក់​ក្នុង​មួយ​ថ្ងៃៗ។ ទំនប់​ម្កាក់​មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​ទំនប់​ម្កាក់ ឃុំ​គោកធ្លក​លើ​ស្រុក​ជីក្រែង​ខេត្ត​សៀមរាប​ចម្ងាយ​ប្រមាណ ៨ គីឡូម៉ែត្រ ពី​ផ្លូវជាតិ​លេខ៦។

រូបភាព៖ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម

ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​ទីនោះ អាច​ស្រូប​យក​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ គយគន់​ទេសភាព​ដ៏​ស្រស់​បំព្រង ងូត​ទឹក​លេង​កម្សាន្ត ជា​ពិសេស​នោះ​បាន​ឃើញ​សកម្មភាព​នេសាទ​ដ៏​មមាញឹក​កម្រ​នឹង​បាន​ឃើញ​ទៀត​ផង។ ក្រៅ​ពី​នេះ​ភ្ញៀវ​ទេសចរ​នឹង​បាន​ភ្លក្ស​នូវ​រសជាតិ​ម្ហូប​អាហារ​ដ៏​សម្បូរ​បែប ដែល​មាន​ក្យូស​តម្រាប​គ្នា​ជា​ហូរហែ​នៅ​ប្រប​មាត់​ទឹក។ អាហារ​ជា​ច្រើន​មុខ​មាន​ដូចជា៖ មាត់​ដុត ត្រីអាំង កង្កែប​បោក សម្ល​បែប​ស្រុក​ស្រែ​គ្រប់​មុខ មាន​ផ្ដល់​យ៉ាង​ពិសេស​ក្នុង​តម្លៃ​សមរម្យ។

រូបភាព៖ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម

៣. វត្ត​ស្វាយ​រមៀត

រូបថត AKP

វត្ត​ស្វាយ​រមៀត​ដែល​ជា​វត្ត​បុរាណ​មួយ ក្នុង​ចំណោម​វត្ត​បុរាណ​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​សៀមរាប គឺ​ឃើញ​ថា មាន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ច្រើន​គួរ​សម ហើយ​វត្ត​នេះ​កំពុង​ក្លាយ​ជា​គោលដៅ​ទេសចរណ៍ថ្មី សម្រាប់​ភ្ញៀវ​ដែល​ចង់​ឈ្វេង​យល់​ពី​ព្រះពុទ្ធសាសនា។ វត្ត​ស្វាយ​រមៀត​មាន​សក្ដានុពល​ទេសចរណ៍​ស្រាប់​ផង​នោះ បាន​ធ្វើ​ឱ្យ​អ្នក​ទេសចរ​មក​ទស្សនា​នៅ​វត្ត​នេះ មិន​ដែល​ដាច់​គឺ​ក្នុង​១​ខែ​ៗ​មាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​ជា​១៥០​ ទៅ​២០០​នាក់​បាន​ចូល​មក​ទស្សនា​នៅ​ក្នុង​ទី​វត្ត​អារាម​នេះ។

រូបថត AKP

អត្ថបទ៖ ពៅ រក្សា

មតិយោបល់