- 2019-05-02 08:33:42
- ព័ត៌មាន
៥យ៉ាងនេះ អ្នកស្ទើរលុយ តែចង់ដើរលេងក្រៅប្រទេសអាចលៃលកបាន
- 2019-05-02 08:33:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥យ៉ាងនេះ អ្នកស្ទើរលុយ តែចង់ដើរលេងក្រៅប្រទេសអាចលៃលកបាន
ចន្លោះមិនឃើញ
ការដើរលេងក្រៅប្រទេសជារឿងដែលមនុស្សភាគច្រើន តែងប្រាថ្នានៅពេលដែលមានលទ្ធភាពគ្រប់គ្រាន់។ ប៉ុន្តែការដើរលេងក្រៅប្រទេសមិនដូចការដើរលេងក្នុងប្រទេសរបស់ខ្លួននោះទេ គឺត្រូវស្វែងយល់ឱ្យបានច្រើនមុនទៅប្រទេសណាមួយ ប្រសិនបើចង់ដើរលេងដោយខ្លួនឯង មិនមែនតាមរយៈក្រុមហ៊ុនទេសចរណ៍។ ខាងក្រោមនេះជាការចែករំលែកគន្លឹះសំខាន់ៗ របស់យុវជនពីររូប ដែលធ្លាប់ចំណាយពេល និងលុយផ្ទាល់ខ្លួនក្នុងការដើរលេងក្រៅប្រទេស។
១. ស្វែងរកកន្លែងគេងធូរថ្លៃ
តាមរយៈបទពិសោធន៍ធ្លាប់ដើរលេងក្រៅប្រទេសដោយខ្លួនឯង ដូចជា ថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី កញ្ញា រ៉ាឌី ដែលជានិស្សិតរៀននៅសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជំនាញទំនាក់ទំនងអន្តរជាតិ បានលើកឡើងថា ការដើរលេងក្រៅប្រទេសអាចអស់លុយច្រើន ប្រសិនបើចំណាយទៅលើការគេងច្រើនពេក។ រ៉ាឌី ប្រាប់ថា តាមបទពិសោធន៍របស់កញ្ញាដូចជាទៅលេងប្រទេសថៃជាដើម អាចគេងផ្ទះសំណាក់តម្លៃ ១៥ ដុល្លារអីបានហើយ មិនចាំបាច់គេងក្នុងសណ្ឋាគារអីនោះទេ។ រ៉ាឌី បន្ថែមទៀតថា៖ "ត្រឹមបន្ទប់មួយដែលមានបន្ទប់ទឹក មានពូកសម្រាប់គេងគឺគ្រប់គ្រាន់ហើយ ព្រោះយើងទៅដើរលេង មិនមែនទៅសង្វាតកន្លែងគេងនោះទេ"។
២. មធ្យោបាយធ្វើដំណើរ
មកដល់ចំណុចនេះ រ៉ាឌី ដដែលលើកឡើងថា មូលហេតុដែលដើរលេងក្រៅប្រទេសអស់លុយច្រើន គឺអាចបណ្ដាលមកពីចំណាយលើមធ្យោបាយធ្វើដំណើរច្រើនពេក។ ដូច្នេះហើយកំឡុងពេលដើរលេងក្រៅប្រទេស គួរតែដឹងពីគន្លឹះក្នុងការធ្វើដំណើរ។ កញ្ញារ៉ាឌី ប្រាប់ថា ប្រសិនបើតំបន់ទេសចរណ៍ណាដែលនៅជិត ឬគោលដៅដែលយើងចង់ទៅនៅជិតដែរ មិនគួរចំណាយលុយជិះតាក់ស៊ីអីទេ គឺអាចដើរបានមិនត្រឹមតែសន្សំលុយទេ ថែមទាំងសប្បាយជាងជិះផង តែក៏ត្រូវមានផែនទីក្នុងដៃដែរកុំឱ្យវង្វេង។ រ៉ាឌី បន្ថែមទៀតថា៖ "បើកន្លែងណាឆ្ងាយយើងអាចជិះបាន តែត្រូវរកមធ្យោបាយធ្វើដំណើរណាដែលតម្លៃសមរម្យបំផុត។ បើដូចនៅថៃអី គេជិះតែរថភ្លើង ឬឡានក្រុង តុកតុក ទេអស់លុយតិច"។
៣. Street food
ដោយឡែក កញ្ញា វ៉ាន់ឌី រៀនជំនាញទេសចរណ៍ នៅសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប វិញនិយាយថា ចំពោះកញ្ញាផ្ទាល់ទៅលេងច្រើនប្រទេសដែរ ជាពិសេសប្រទេសថៃតែម្ដង។ ដើម្បីកុំឱ្យអស់លុយច្រើនហើយសប្បាយនោះ មិនត្រូវចំណាយលើម្ហូបថ្លៃក្នុងហាងអ្វីនោះទេ ព្រោះគោលដៅអ្នកទេសចរ គឺ ចង់សាកម្ហូបប្រចាំប្រទេសនោះ ឬម្ហូបក្នុងស្រុកដែលអ្នកនៅក្នុងតំបន់ចម្អិនលក់នៅតាមផ្លូវ។ កញ្ញា វ៉ាន់ឌី ប្រាប់ថា បើហូបក្នុងហាងម្ហូបគ្មានអ្វីប្លែកទេ តែបើម្ហូបតាមផ្លូវមិនត្រឹមតែតម្លៃសមរម្យទេ ថែមទាំងឆ្ងាញ់ ហើយបានស្គាល់ពីម្ហូបក្នុងស្រុករបស់ប្រទេសនោះទៀតផង។
៤. កំណត់ទិសដៅ និងតម្លៃកន្លែងដើរលេង
កញ្ញា វ៉ាន់ឌី លើកឡើងបន្ថែមទៀតថា មុននឹងទៅដើរលេងតំបន់ណាមួយ ក្នុងប្រទេសដែលកំពុងតែដើរលេង ចំណុចសំខាន់នោះ គឺស្គាល់ និងដឹងតម្លៃនៃតំបន់ទេសចរណ៍នោះឱ្យហើយ។ វ៉ាន់ឌី និយាយថា៖ "មុននឹងយើងទៅលេងតំបន់ណាមួយ យើងគួរស្រាវជ្រាវកន្លែងនោះឱ្យច្បាស់សិន ហើយក៏ត្រូវស្រាវជ្រាវពីតម្លៃសំបុត្រ ម្ហូបអាហារ និងសេវាផ្សេងៗទៀតនៅកន្លែងនោះ"។ វ៉ាន់បន្តទៀតថា ប្រសិនបើដឹងមិនច្បាស់ទេ អាចឱ្យគេកោរ ឬដើរលេងគ្មានគោលដៅ គឺមិនសប្បាយនោះទេ។ ដូច្នេះហើយត្រូវកំណត់កន្លែងដើរលេង និងស្រាវជ្រាវតម្លៃឱ្យច្បាស់សិន។
៥. ពេលដើរផ្សារថ្ងៃចុងក្រោយ
មកដល់ចំណុចនេះ រ៉ាឌី បានឱ្យដឹងថា ជាទូទៅដើរផ្សារជាថ្ងៃចុងក្រោយហើយនៃការដើរលេងក្រៅប្រទេសបន្ទាប់ពីសល់លុយខ្លះ។ រ៉ាឌី ប្រាប់ថា មិនគួរដើរផ្សារភ្លាមទេ គួរទុកលុយដើរលេងឱ្យសប្បាយសិន បើសល់លុយចាំដើរផ្សារពេលក្រោយ។ ប៉ុន្តែកំឡុងពេលដើរផ្សារ មុនសម្រេចចិត្តទិញទំនិញណាមួយ ត្រូវសួរតម្លៃឱ្យច្បាស់២ ទៅកន្លែងសិន មិនមែនឃើញភ្លាមទិញភ្លាមនោះទេ ព្រោះអាចត្រូវបានគេកោរ។ ដូច្នេះហើយត្រូវមើលឱ្យច្បាស់ទៅគុណភាព និងតម្លៃ៕