• 2020-06-05 08:45:14
  • ព័ត៌មាន

ហាងកាហ្វេ % Arabica មកពីជប៉ុន ក្លាយជាកន្លែងទាក់ទាញថ្មីមួយសម្រាប់ Coffee Lover

  • 2020-06-05 08:45:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អារ៉ាប៊ីកា (% Arabica) ជា​ហាង​កាហ្វេ​​មាន​ប្រភព​មកពីទីក្រុងក្យូតុ ប្រទេសជប៉ុន ដែល​ទទួលបានការស្វាគមន៍ និងពេញនិយមនៅបណ្តាប្រទេសជាច្រើន។ នៅ​កម្ពុជា​ក៏មិន​ខុសគ្នា​ដែរ ត្រឹម​រយៈពេល​ដ៏ខ្លី % Arabica ដែល​ស្ថិត​ក្នុងផ្សារទំនើបវឌ្ឃនៈកាពីតាល បាន​​ក្លាយទៅជាទិសដៅពេញនិយមមួយសម្រាប់អ្នកចូលចិត្ត​កាហ្វេ និងអ្នកចូលចិត្តថតរូបផុសក្នុងបណ្តាញសង្គម Facebook និង Instagram។

បច្ចុប្បន្ន % Arabica មានសាខាចំនួន ៥៨ ទូទាំងពិភពលោក ដូចជាជប៉ុន សិង្ហបុរី ចិន ថៃ អង់គ្លេស បារាំង និងអារ៉ាប់រួម ជាដើម។ ចំណុច​ដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ រចនាបថតុបតែងដែលមានរាងតូចច្រឡឹង រៀបចំឡើងយ៉ាងទាក់ទាញពណ៌ស លាយគគី លក្ខណៈបែបសាមញ្ញងាយៗ (Minimalism)។

ហាងកាហ្វេពេញនិយមបំផុតសម្រាប់អ្នកលេងបណ្ដាញសង្គម Instagram មួយនេះ ភាគច្រើនជាហាងទិញហើយចាកចេញ (Take Away) ប៉ុន្តែ % Arabica ក្នុងផ្សារទំនើបវឌ្ឍនៈកាពីតាលមានផ្តល់ជូនកន្លែងអង្គុយ ដែលលោកអ្នកអាចបណ្តែតអារម្មណ៍ជាមួយទេសភាពសួនច្បារ និងទិដ្ឋភាពទីក្រុងខណៈពេលក្រេបរសជាតិភេសជ្ជៈរបស់ខ្លួន។

មិនខុសពីសាខាដ៏ទៃទៀតដែរ % Arabica ភ្នំពេញ មានបន្ទប់លីងកាហ្វេផ្ទាល់ខ្លួន ដើម្បីផលិតគ្រាប់កាហ្វេថ្មីៗ ស្រស់ៗ ជារៀងរាល់ថ្ងៃ ជាពិសេសគ្រាប់កាហ្វេទាំងអស់ត្រូវបាននាំចូលពីប្រទេស អេត្យូពី ប្រេស៊ីល នីការ៉ាហ្គ័ កូស្តារីកា និងបណ្តាប្រទេសជាច្រើនទៀត។ ជាងនេះទៅទៀត % Arabica ក៏មានចម្ការកាហ្វេផ្ទាល់ខ្លួនផងដែរដែលមានទីតាំងនៅ កោះហាវៃ។

ភេសជ្ជៈប្រចាំហាងដែលពេញនិយមបំផុតគឺ Caffe Latte និង Matcha Latte ។ ក្រៅពីភេសជ្ជៈទាំង២មុខនេះ ពួកយើងបានភ្លក់ Spanish Latte ហើយបានជាប់ចិត្តជាមួយរសជាតិ និងក្លិនដ៏ឈ្ងុយរបស់វាផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ % Arabica ក៏មានភេសជ្ជៈគ្មានជាតិកាហ្វេអ៊ីនផ្សេងទៀតដូចជា Lemonade Sparkling ពិសេសប្រភេទ ម៉ាឆា ដែលម៉្សៅរបស់វាត្រូវបានផលិតផ្ទាល់ពី % Arabica ក្យូតុ។ ជាងនេះទៅទៀតហាងក៏មានដាក់តាំងលក់សំភារៈប្រើប្រាស់របស់ % Arabica ដូចជាកែវកាហ្វេ ដបទឹក កាបូប ឆ័ត្រ​ជាដើម ដែលធ្វើឡើងយ៉ាងសាមញ្ញតែទាក់ទាញជាមួយនឹងស្លាកសញ្ញា %។

អ្នកចូលចិត្តកាហ្វេបែបស៊ីវិល័យគួរតែកុំមើលរំលងកន្លែងដែលមានរសជាតិកាហ្វេឆ្ងាញ់ ក្នុងបរិយាកាសបែបទាន់សម័យនេះ។ ព័ត៌មានលម្អិត អ្នកអាចតាមដានបណ្ដាញសង្គមផ្លូវការ FACEBOOK: Arabica Cambodia , Vattanac Capital និង Instagram: @arabica.cambodia @vattanaccapital ៕

មតិយោបល់