• 2020-06-10 08:16:26
  • ព័ត៌មាន

ក្រសួងបរិស្ថាន បានចូលរួមបើកការ ជំរឿនសត្វត្មាតប្រចាំឆ្នាំនៅកម្ពុជា

  • 2020-06-10 08:16:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បានចូលរួមបើកការ ជំរឿនសត្វត្មាតប្រចាំឆ្នាំនៅកម្ពុជាដែលធ្វើឡើងនៅក្នុងសហគមន៍ដងផ្លិត-អាហារដ្ឋានត្មាត ក្នុងភូមិសាស្ត្រនៃដែនជម្រកសត្វព្រៃឆែប ក្នុងស្រុកឆែប ខេត្តព្រះវិហារដោយមានការចូលរួមពីអាជ្ញាធរខេត្ត មន្ត្រីគម្រោងព្រៃឡង់បៃតង និងមន្ត្រីជំនាញក្រសួងបរិស្ថាន។

ការធ្វើជំរឿនរបាយសត្វត្មាតនេះសហការរៀបចំឡើងដោយអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) និងក្រសួងបរិស្ថានត្រូវបានធ្វើនៅក្នុងតំបន់ចំនួន ៥ កន្លែងដែលមានវត្តមានសត្វត្មាតរស់នៅ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការជំរឿនសត្វត្មាតបានធ្វើឡើង នៅចំនួន ៥ ទីតាំងផ្សេងគ្នារួមមាន នៅសៀមប៉ាង ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែង នៅអាហារដ្ឋានត្មាតចំណុចវាលបឹងទាល់ ស្ថិតនៅសហគមន៍ព្រៃអណ្តូងដងផ្លិត ក្នុងដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ នៅដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី នៅស្រែអង្ក្រងក្នុងតំបន់សេសាននៅស្ទឹងត្រែង និងដែនជម្រកសត្វព្រៃលំផាត់នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី។

តាមការឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា ដែលបានចូលរួមសង្កេតដោយផ្ទាល់នៅនៅអាហារដ្ឋានត្មាតចំណុចវាលបឹងទាល់ ស្ថិតនៅសហគមន៍ព្រៃអណ្តូងដងផ្លិត ក្នុងដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១០ ខែមិថុនា បានថ្លែងថាសត្វត្មាតចំនួន ៣៤ ក្បាលបានចុះមកស៊ីសត្វគោងាប់ដែលជាចំណីរៀបចំបន្ថែមដោយអង្គការ WCS ក្រោមការឧបត្ថម្ភគាំទ្ររបស់គម្រោងព្រៃឡង់បៃតង ក្នុងនោះសត្វត្មាតផេះចំនួន ៩ ក្បាល ត្មាតភ្លើងចំនួន ៣ ក្បាលនិងត្មាតត្មោតចំនួន ២២ក្បាល។ ចំនួននេះមិនទាន់រាប់បញ្ចូលពីលទ្ធផលជម្រើននៅតំបន់ផ្សេងទៀតនៅឡើយទេ។ ការជំរឿនកាលខែធ្នូឆ្នាំ ២០១៩ កន្លងទៅ នៅទីតាំងដដែលនេះ មានសត្វត្មាតចំនួន ៤៤ ក្បាល។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ការធ្វើជំរឿនរាប់ចំនួនសត្វត្មាតពេលនេះគឺមានសារៈសំខាន់ណាស់ដើម្បីឱ្យបានដឹងចំនួនពិតនៃសត្វត្មាតនៅកម្ពុជា និងស្ថានភាពនៃការវិវត្តជុំវិញចំនួនសត្វត្មាតនៅកម្ពុជា។ បើតាមការឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា លទ្ធផលជម្រឿនសត្វត្មាតនៅឆ្នាំ ២០១៩ កន្លងទៅបង្ហាញថាកម្ពុជាមានសត្វត្មាតទាំង ៣ ប្រភេទ មានចំនួន ១៣៧ ក្បាលហើយតំបន់ដែលមានសត្វត្មាតច្រើនជាងគេគឺនៅដែនជម្រកសត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែង និងដែនជម្រក សត្វព្រៃឆែបក្នុងខេត្តព្រះវិហារ។

សត្វត្មាតជាប្រភេទសត្វកម្រនិងកំពុងស្ថិតក្នុងហានិភ័យខ្ពស់ក្នុងការបាត់ពូជនៅលើសកលលោក ខណៈចំនួន សត្វត្មាតនៅតែបន្តមានការធ្លាក់ចុះជារៀងរាល់ឆ្នាំ និងក្នុងកម្រិតមួយគួរព្រួយបារម្ភ ទោះបីជារាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថានដោយ សហការជាមួយអង្គការដៃគូនានាខិតខំប្រឹងប្រែងការពារនិងអភិរក្សក៏ដោយ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា មូលហេតុដែលនាំឱ្យសត្វត្មាតនៅក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះខ្លាំង ដោយសារការគំរាមកំហែងខ្លាំងបំផុតពីការបំពុលរបស់មនុស្ស ការបាត់បង់ជម្រក ការខ្វះខាតចំណីអាហារ ការបរបាញ់តាមរយៈការដាក់អន្ទាក់ និងការបំពុល។

ជាមួយគ្នានេះ ក្នុងនាមក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួម អភិរក្ស និងការពារសត្វត្មាតដោយបញ្ឈប់សកម្មភាពបរបាញ់ ឬការជួញដូរសត្វព្រៃ។

ប្រភព៖ ក្រសួងបរិស្ថាន

មតិយោបល់
អត្ថបទថ្មី