• 2020-07-17 01:47:14
  • ព័ត៌មាន

អភិបាលស្រុកបន្ទាយស្រី ដាំផ្កាចម្ប៉ា លើដីព្រះដាក់ ទីល្បីលក់នំបញ្ចុក

  • 2020-07-17 01:47:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ចម្ប៉ាលាស់ថ្មី លើដីព្រះដាក់» នេះជាសំណេររបស់ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលបានសម្រេចចិត្តយកដើមផ្កាចម្ប៉ាចំនួន ៣៣ដើម ដាំនៅភូមិព្រះដាក់ ទីល្បីល្បាញនំបញ្ចុកឆ្ងាញ់ ប្រចាំស្រុកនេះ។

ដើមហេតុនៃការនាំឲ្យដាំដើមចម្ប៉ា លោក ឃឹម ហ្វីណង់ បានសរសេររៀបរាប់នៅលើផេករបស់ខ្លួនថា តាមពិតទៅ ខ្ញុំចង់ដាំដើមធ្នង់ធំៗត្រង់ចំណុចផ្លូវក្រាលបេតុងដែលមានគេលក់នំបញ្ចុកនេះទេ ព្រោះមើលទៅក្តៅភ្នែកពេក គ្មានដើមឈើសូម្បីតែមួយដើម មិនសមជា «ភូមិបេតិកភណ្ឌ» សោះ តែបងប្អូននៅក្នុងភូមិសំណូមពរមកវិញថា ចង់បានដើមផ្កាចម្ប៉ា ហើយសន្យាថានឹងរៀបចំកឥដ្ឋជាកំផែង ដាំផ្កានៅជើង និងស្រោចទឹកថែទាំដោយខ្លួនឯង បើស្រុកជួយរកផ្កានេះ អោយបាន។ គាត់ថា «ស្លឹកវាស្អាត ឫសវាមិនសូវចាក់ ហើយបានផ្កាក្រអូបទៀត»

ដើមផ្កាចម្ប៉ាជំទង់ៗទាំង៣៣ដើមនេះ គ្រាន់តែជាជំហានដំបូង និងជាផ្នែកតូចមួយនៃការរៀបចំឡើងវិញនូវអត្តសញ្ញាណចាស់ នៃភូមិបុរាណមួយនេះតែប៉ុណ្ណោះ។ ខ្ញុំបានជម្រាបប្រាប់ពុកម៉ែបងប្អូន ដែលបានចូលរួមដាំជាមុនថា រដ្ឋបាលស្រុកបន្ទាយស្រីនឹងប្រកាសដាក់ភូមិព្រះដាក់ អោយទៅជាភូមិគោលដៅ នៃការរៀបចំ «ភូមិគំរូប្រចាំស្រុកបន្ទាយស្រី» នៅក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយយើងនឹងមានកិច្ចការច្រើនទៀតដែលត្រូវសហការគ្នា។ ភូមិគំរូទាមទារអោយមានប្រជាពលរដ្ឋគំរូដែរទើបអាចទៅរួច និងមាននិរន្តរភាពទៅបាន ដូច្នេះការចូលរួមស្រលាញ់ចេះជួយថែរក្សាគឺជាចំណុចចាប់ផ្តើមដំបូង មុននឹងយើងធ្វើការផ្សេងៗទៀតជាមួយគ្នា។

ឥឡូវដឹងហើយថា បើថ្ងៃណាមួយ មកហូបនំបញ្ចុកនៅព្រះដាក់ ហើយឃើញក្មេងៗលក់ផ្កាចម្ប៉ានៅទីនេះ ផ្កាទាំងនោះប្រហែលជាមកពីដើមក្បែរៗនេះហើយ កុំឆ្ងល់អី៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់