• 2021-01-18 09:43:39
  • ព័ត៌មាន

ស្នងការនគរបាលរាជធានីភ្នំពេញ នឹងចាត់វិធានការក្តៅ ដល់យានយន្តឬម៉ូតូកែច្នៃសុីមាំង

  • 2021-01-18 09:43:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំពោះយានយន្ត ដែលកែច្នៃបំពង់សុីមាំង ហើយតែងតែបង្កសំលេងរំខានដល់ការសម្រាករបស់ប្រជាពលរដ្ឋ នឹងត្រូវចាប់ឃាត់ ដើម្បីផាកពិន័យ និងយកទៅរក្សាទុក នៅកន្លែងសមត្ថកិច្ចរយៈពេល៣ថ្ងៃ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយ សេចក្តីណែនាំ របស់ក្រសួងមហាផ្ទៃ ស្តីពី ការលុបបំបាត់ការបង្កសម្លេងរំខានលេីសកម្រិតដោយយានយន្តគ្រប់ប្រភេទ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ដោយបញ្ជាក់យ៉ាងច្បាស់ៗថា នឹងមានការចាប់ឃាត់ នូវយានយន្តកែច្នៃសុីមាំង ហើយតែងតែបង្កសំលេងរំខានដល់ការសម្រាករបស់ប្រជាពលរដ្ឋ ដោយមានការណែនាំអប់រំ និងនាំយកយានយន្តមករក្សាទុកនៅកន្លែងសមត្ថកិច្ចរយ:ពេល ៣ថ្ងៃ។

បន្ថែមលើនេះទៀត ឯកឧត្តមស្នងការ បានបញ្ជាដល់អធិការខណ្ឌទាំងអស់ ត្រូវតែចុះធ្វើការណែនាំអប់រំដល់គ្រប់ទីតាំងជួសជុល និងកែច្នៃយានយន្ត ត្រូវចូលរួមសហការ ដោយមិនត្រូវតែកែច្នៃស៊ីមាំង ណាដែលបង្កសម្លេងរំខានខ្លាំង ដល់ការសម្រាករបស់ប្រជាពលរដ្ឋឡើយ ។

ជាកិច្ចបញ្ចប់ឯកឧត្តមស្នងការបានណែនាំឲ្យគ្រប់អធិការខណ្ឌទាំងអស់ ត្រូវតែយកចិត្តទុកដាក់ ក្នុងការសហការគ្នា បញ្ជាកម្លាំងដេីម្បីចេញជួយសម្រួលចរាចរណ៍តាមគ្រប់គោលដៅដែលតែងតែកកស្ទះ ជាពិសេសត្រូវមានកម្លាំងចរាចរណ៍ចល័តដើម្បីចុះជួយតាមគ្រប់គោលដៅក្នុងការដោះស្រាយឲ្យបានធូរស្រាលលើបញ្ហាកកស្ទះ ។ ចំពោះការអនុវត្ត ទៅលើយាបយន្តដែលកែច្នៃសម្លេងរំខាន សមត្ថកិច្ចនឹងធ្វើការសហការជាមួយក្រសួងបរិស្ថាន ដើម្បីប្រើប្រាស់ម៉ាស៊ីនក្នុងការវាស់កម្រិតសម្លេងដែលបង្កដោយយានយន្តគ្រប់ប្រភេទ ៕

ប្រភព  ៖ ហ្វេសប៊ុកផ្លូវការឧត្តមសេនីយ៍ឯក ស ថេត

មតិយោបល់