• 2025-09-09 07:28:29
  • ព័ត៌មាន

នាយករដ្ឋមន្រ្តីថៃថ្មី ប្តេជ្ញាធ្វើការ ឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីដោះស្រាយបញ្ហានានា ដោយប្រសិទ្ធភាព

  • 2025-09-09 07:28:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ ព្រះមហាក្សត្រថៃ បានអនុម័តតែងតាំង លោក Anutin Charnvirakul ជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសថៃ តាមការប្រកាសរបស់អគ្គលេខាធិការសភាតំណាងរាស្ត្រ។ នៅក្នុងពិធីមួយដែលបានធ្វើឡើងនៅទីស្នាក់ការគណបក្ស Bhumjaithai Party ព្រះរាជក្រឹត្យ តែងតាំងលោក Anutin ជានាយករដ្ឋមន្ត្រី បន្ទាប់ពីលោកទទួលបានការគាំទ្រភាគច្រើននៅក្នុងការបោះឆ្នោតនៅសភា។

ក្នុងសុន្ទរកថាដំបូងរបស់លោកជានាយករដ្ឋមន្ត្រី លោក Anutin បានធានាដល់សាធារណជនថា រដ្ឋាភិបាលថ្មីរបស់លោកនឹងធ្វើការដោយអស់ពីកម្លាំងកាយចិត្ត និងលះបង់ដើម្បីជួយប្រទេសថៃឆ្លងផុតវិបត្តិបច្ចុប្បន្នយ៉ាងឆាប់រហ័ស ទោះបីជាមានឧបសគ្គជាច្រើនក្នុងការបំពេញភារកិច្ចក៏ដោយ។

លោក Anutin បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងជំរុញតម្លាភាព និងពន្លឿននីតិវិធីច្បាប់នៅពេលសមស្រប ដោយសង្កត់ធ្ងន់ថា ប្រព័ន្ធយុត្តិធម៌ត្រូវដំណើរការដោយឯករាជ្យ ស្របតាមយន្តការដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ។

“រដ្ឋាភិបាលរបស់ខ្ញុំមានគោលបំណងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបើកផ្លូវសម្រាប់ការព្រាងរដ្ឋធម្មនុញ្ញថ្មីតាមនីតិវិធីច្បាប់ដែលបានកំណត់” លោកបាននិយាយ ដោយបញ្ជាក់ពីចេតនាក្នុងការរំលាយសភាក្នុងរយៈពេលបួនខែបន្ទាប់ពីចូលកាន់តំណែង។

នាយករដ្ឋមន្ត្រីរូបនេះ បានបង្ហាញនូវទំនុកចិត្តក្នុងការទទួលបានការគាំទ្រពីគ្រប់វិស័យ ដោយនិយាយថា រដ្ឋាភិបាលរបស់លោកមានគោលបំណងចាក់គ្រឹះដ៏រឹងមាំសម្រាប់រដ្ឋាភិបាលបន្ទាប់ ដើម្បីធានាសុខុមាលភាព ស្ថិរភាព និងវិបុលភាពយូរអង្វែងរបស់ប្រជាជន។

ការអនុម័តរបស់ព្រះមហាក្សត្រ បានបើកផ្លូវសម្រាប់ការប្រកាសគណៈរដ្ឋមន្ត្រី និងសុន្ទរកថាគោលនយោបាយទៅកាន់សភា ដែលជាបែបបទដែលតម្រូវមុនពេលរដ្ឋាភិបាលថ្មីចូលកាន់តំណែងជាផ្លូវការ៕

អត្ថបទ ៖ ហម ឆរ៉ា

មតិយោបល់