• 2021-08-03 09:46:19
  • ព័ត៌មាន

អគារប្រវត្តិសាស្រ្តសារមន្ទីរជាតិកម្ពុជា មានសភាពទ្រុឌទ្រោម លាក់កំបាំងពីក្រោយសម្រស់ដ៏ស្រស់ត្រកាល

  • 2021-08-03 09:46:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់រយៈកាលជាង ១០០ឆ្នាំកន្លងមក អគារប្រវត្តិសាស្ត្រនេះមានបេសកកម្មចម្បងគឺ អភិរក្ស បណ្តុះបណ្តាល និងផ្សព្វផ្សាយវប្បធម៌ដ៏រុងរឿងរបស់ព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ន ស្ថានភាពនៃសំណង់អគារទាំងមូលកំពុងប្រឈមនឹងភាពទ្រុឌទ្រោមយ៉ាងខ្លាំង បើទោះជាអគារបេតិកភណ្ឌជាតិមួយនេះ ធ្លាប់បានជួសជុល និងកែលម្អជាច្រើនលើកច្រើនសារតាំងពីសម័យអាណានិគមបារាំងមកក៏ដោយ ក៏ទំហំនៃការខូចខាតនៅមិនបានថមថយឡើយ ត្បិតការខូចខាតទាំងនោះ ទាមទារថវិកាច្រើនសន្ធឹកសន្ធាប់សម្រាប់ធ្វើការជួសជុល និងពង្រឹងរចនាសម្ព័ន្ធនៃអគារទាំងមូលឡើងវិញ។

ស្ថានភាពនៃការខូចខាតជាងមួយសតវត្សនេះ ពិតជាមានទំហំធំធេងណាស់ជាពិសេសគឺ គ្រឿងបង្គុំដំបូលដែលធ្វើអំពីឈើ ជញ្ជាំងឥដ្ឋពុកផុយ ការស្រុតនិងប្រេះគ្រឹះអគារ។ល។ កត្តាដែលបណ្ដាលឲ្យមានការខូចខាតគឺ មកពីកត្តាធម្មជាតិ កត្តាសំណើម កត្តាសត្វកណ្តៀរ កត្តាសត្វប្រចៀវ និងកត្តាសត្វព្រាបជាដើម។ សំណើម សត្វកណ្តៀរ និងសត្វប្រចៀវ ជាកត្តាចម្បងដែលបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់រចនាសម្ព័ន្ធនៃអគារ។

ដោយមើលឃើញអគារសារមន្ទីរជាតិស្ថិតក្នុងស្ថានភាពខូចខាតគួរឲ្យព្រួយបារម្មណ៍បែបនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលទទួលបន្ទុកគ្រប់គ្រងនិងមើលថែសារមន្ទីរជាតិ បានស្នើសុំទៅរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ថវិកាជាតិ ក្នុងគោលដៅជួសជុលដំបូលផ្នែកខាងជើង និងខាងត្បូង។ រាជរដ្ឋាភិបាលបានសម្រេចផ្តល់កញ្ចប់ថវិកាជាតិសម្រាប់ការងារជួសជុលនេះ បើទោះជារាជរដ្ឋាភិបាលកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាកនាពេលបច្ចុប្បន្ននេះយ៉ាងណាក៏ដោយ។ ដោយឡែកបញ្ហាប្រឈមផ្សេងៗទៀតក៏នៅតែកើតឡើងជាហូរហែ រួមមានស្ថានភាពប្រេះគ្រឹះអគារ ជញ្ជាំងពុកផុយ និងឃ្លាំងខាងក្រោមត្រូវទឹកជន់លិចនៅរដូវវស្សា ដែលជាហេតុក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវខិតខំស្វះស្វែងរកជំនួយបន្ថែមពីដៃគូអភិវឌ្ឍន៍នានា ព្រមទាំងសប្បុរសជនជាតិនិងអន្តរជាតិ៕

ប្រភព ៖ National Museum of Cambodia

មតិយោបល់
អត្ថបទពេញនិយម