• 2021-10-28 05:25:25
  • ព័ត៌មាន

ព្រះបាទសូរ្យវរ្ម័នទី២ ក្សត្រខ្មែរដែលផ្តួចផ្តើមសាងសង់ប្រាសាទអង្គរវត្ត ដ៏ល្អឯកគ្មាន២លើលោក

  • 2021-10-28 05:25:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះមហាក្សត្រ​ខ្មែរ​មួយ​អង្គ​ដែល​ជា​អ្នក​ផ្ដួចផ្ដើម​សំណង់​ស្ថាបត្យកម្ម​ដ៏​ល្បីល្បាញ និង​ជា​និមិត្ត​រូប​នៃ​ប្រទេស​កម្ពុជា គឺ​ព្រះបាទ​សូរ្យវរ្ម័នទី២។ ព្រះអង្គ​ឡើង​គ្រងរាជ្យ​នៅ​ដើម​សតវត្ស​ទី​១២។ ព្រះបាទ​សូរ្យវរ្ម័នទី២ គឺ​ជា​ព្រះមហាក្សត្រ​ខ្មែរ​សម័យ​អង្គរ​ដ៏​ល្បីល្បាញ​មួយ​ព្រះអង្គ។ ស្នា​ព្រះហស្ដ​ដ៏​សំខាន់​ជាង​គេ​ក្នុង​រាជ្យ​របស់​ព្រះអង្គ គឺ​ការ​ដឹក​នាំ​ស្ថាបនា​ប្រាសាទ​អង្គរវត្ត​ដ៏​ល្អ​គ្មាន​ពីរ​នៅ​លើ​ពិភពលោក​យើង​នេះ។

បន្ទាប់ពីទ្រង់​បាន​ឡើង​សោយរាជ្យ​ ព្រះអង្គ​ទ្រង់​បាន​ភ្ជាប់​ចំណង​មិត្តភាព​ជាមួយ​ប្រទេស​ចិន ឡើង​វិញ ហើយ​ព្រះអង្គ​បាន​បញ្ជូន​គណៈ​បេសកកម្ម​ការទូត​ពីរ​ទៅ​ប្រទេស​ចិន គឺ​មួយ​នៅ​ឆ្នាំ​១១១៦ និង​មួយ​ទៀត​នៅ​ឆ្នាំ​១១២០ នៃ​គ្រិស្ដសករាជ។ ព្រះបាទ​សូរ្យវរ្ម័នទី២ ជា​ស្ដេច​សឹក​ដ៏​អង់អាច​ក្លាហាន។ ព្រះអង្គ​បាន​ធ្វើ​សង្គ្រាម​ជា​ញឹកញាប់ ដោយ​បាន​ច្បាំង​ជាច្រើន​លើក​ច្រើន​សា​ជាមួយ​នឹង​ប្រទេស​ចំប៉ា ដែល​បាន​បញ្ជូន​ទ័ព​មក​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​តាំង​ពី​មុន​រាជ្យ​របស់​ព្រះអង្គ គឺ​ពេល​ដែល​ប្រទេស​បែក​បាក់​គ្នា ហើយ​មាន​ស្ដេច​សោយរាជ្យ​ដល់​ទៅ​ពីរ​អង្គ​ក្នុង​ពេល​តែ​មួយ​នោះ។

សង្គ្រាម​ជាមួយ​ប្រទេស​ចំប៉ា នេះ​បាន​ទទួល​ជោគជ័យ ហើយ​ខ្មែរ​បាន​កាន់​កាប់​រាជធានី​វិជ័យ​ពី​ឆ្នាំ​១១៤៥ ដល់​ឆ្នាំ​១១៤៩ ហើយ​ដាក់​ប្អូន​ថ្លៃ​ព្រះអង្គ​ឈ្មោះ ហរិទេវៈ អោយ​សោយរាជ្យ​នៅ​ទី​នោះ​ផង។ ដោយសារ​ព្រះអង្គ​ជា​ស្ដេច​សឹក​ដ៏​ខ្លាំង​ពូកែ​ដូច្នេះ​ហើយ ទើប​ព្រះ​ចៅ​ក្រុង​ចិន ថ្វាយ​ព្រះ​ឋានន្តរ​នាម​ដ៏​ខ្ពង់ខ្ពស់​ចំពោះ​ព្រះអង្គ​ថា គិនពីវពិនចេង។ ព្រះអង្គ​ជា​ព្រះមហាក្សត្រ​ខ្មែរ​ដំបូង​បំផុត ដែល​មាន​ជំនឿ​ស៊ប់​លើ​សាសនា​ព្រាហ្មណ៍​គណៈ​ព្រះវិស្ណុ ដែល​ក្នុង​សម័យ​នោះ​មាន​ប្រជាប្រិយភាព​ធំធេង​នៅ​ប្រទេស​ឥណ្ឌា ផង និង​នៅ​កោះ​ជ្វា ផង។ ព្រះអង្គ​បាន​លើក​តម្កើង​សាសនា​ព្រាហ្មណ៍​គណៈ​វិស្ណុ នេះ​អោយ​ទៅ​ជា​សាសនា​របស់​រដ្ឋ។

នៅ​ក្នុង​រាជ្យ​របស់​ព្រះអង្គ បដិមា​តំណាង​ព្រះរាជា​ដែល​គេ​តម្កល់​ក្នុង​ប្រាសាទ​ធំៗ លែង​ជា​សិវលិង្គ​របស់​ព្រះ​ឥសូរ ទៀត​ហើយ តែ​ជា​ព្រះវិស្ណុ​បដិមា​វិញ។ ខាង​វិស័យ​សំណង់ ព្រះបាទ​សូរ្យវរ្ម័នទី២ ទ្រង់​ជា​ព្រះមហាក្សត្រ​មួយ​អង្គ​ដែល​មាន​ស្នា​ព្រះហស្ត​យ៉ាង​ច្រើន​សម្បើម ដោយ​ព្រះអង្គ​បាន​បន្ត​ការ​ស្ថាបនា​ប្រាសាទ​ភ្នំ​ជីសូរ ប្រាសាទ​ភ្នំ​សណ្ដក ប្រាសាទ​វត្ត​ភូ និង​ប្រាសាទ​ព្រះវិហារ។ ឯ​សំណង់​ថ្មី​មាន​ប្រាសាទ​ព្រះពិធូរ ប្រាសាទ​ចៅសាយទេវតា ប្រាសាទ​ធម្មនន្ទ ប្រាសាទ​បន្ទាយសំរ៉ែ និង​ប្រាសាទ​អង្គរវត្ត ដែល​ជា​ស្នាដៃ​ដ៏​ល្អ​ប្រណីត​នៃ​សិល្បៈ​ខ្មែរ ហើយ​ដែល​ត្រូវ​គេ​ចាត់​ទុក​ថា ជា​សំណង់​សាសនា​មួយ​ដ៏​ធំ​ជាង​គេ​ក្នុង​ពិភពលោក។ 

ប្រាសាទ​អង្គរវត្ត ក៏​ជា​ទី​ដែល​គេ​តម្កល់​បដិមា​ព្រះវិស្ណុ និង​ក៏​ប្រហែល​ជា​ទី​ដែល​គេ​បញ្ចុះ​ព្រះ​ធាតុ​របស់​ព្រះអង្គ ក្នុង​ពេល​ដែល​ព្រះអង្គ​សោយ​ទិវង្គត​ទៅ​នោះ។ ព្រះបាទ​សូរ្យវរ្ម័នទី២ ទ្រង់​ឡើង​គ្រងរាជ្យ​ពី​ឆ្នាំ​១១១៣ ហើយ​ប្រហែល​ជា​ទ្រង់​សោយ​ទិវង្គត នៅ​ឆ្នាំ​១១៤៩ ឬ​ឆ្នាំ​១១៥០ នៃ​គ្រិស្ដសករាជ ដោយ​មាន​ព្រះ​មរណនាម​ថា បរមវិស្ណុលោក៕

ប្រាសាទបន្ទាយសំរ៉ែ
ប្រាសាទបន្ទាយសំរ៉ែ
ប្រាសាទព្រះវិហារ
ប្រាសាទព្រះវិហារ
ប្រាសាទព្រះវិហារ
ប្រាសាទព្រះវិហារ

ប្រភព៖ Radio Free Asia

មតិយោបល់