• 2021-11-30 04:08:36
  • ព័ត៌មាន

ក្រុម​ល្ខោន​ប្រមូល​ផ្ដុំ​សិល្បករ​ចាស់​ៗ ប្រកាស​ដំណើរ​ការ​ឡើង​វិញ នឹង​ស្នើ​ឲ្យ​ទស្សនិកជន​ទៅ​ដោះដូរ​សំបុត្រ

  • 2021-11-30 04:08:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​សម្ដែង​ល្ខោន​មួយ​ក្រុម​ដែល​ប្រមូល​ផ្ដុំ​ដោយ​សិល្បករ​ចាស់​ៗ បាន​ប្រកាស​ពី​ការ​បើក​ដំណើរ​ឡើងវិញ​នូវ​ការ​សម្ដែង​របស់​ខ្លួន​ក្រោយ​ពី​អាក់ខាន​ការ​សម្ដែង​អស់​រយៈ​ពេល​ជិត ២​ឆ្នាំ​ដោយ​សារ​ការ​រំខាន​ដោយ​មេរោគ​កូវីដ១៩។

តាម​សិល្បករ​ល្ខោន​ម្នាក់​ក្នុង​ក្រុម​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ក្រុម​ពួក​គេ គឺ​ជា​អតីត​សិល្បករ សិល្បការិនី​របាំ​ព្រះរាជទ្រព្យ ហើយ​ដើម្បី​ឡើយ​ បាន​ដាក់​កាល​វិភាគ​សម្ដែង​ល្ខោន​រឿង "ព្រះ​អនរុទ្ធ ព្រះនាងឱស្សា" កាល​ពី​ប្រមាណ ២​ឆ្នាំ​មុន ពោល​គឺ​មុន​ការ​រីករាលដាល​របស់​កូវីដ១៩។ ប៉ុន្តែ​ក្រោយ​ការ​មក​ដល់​នៃ​មេរោគ​នេះ ក្រុម​សម្ដែង​របស់​លោក បាន​ពន្យារ​ពេល​ម្ដង​ហើយ​ម្ដង​ទៀត។

យ៉ាង​ណា ក្រោយ​រាជរដ្ឋាភិបាល​ទើប​នឹង​អនុញ្ញាតិ​ឲ្យ​មាន​ការ​បើក​ប្រទេស​ឡើង​វិញ ហើយ​ឲ្យ​ប្រជាពលរដ្ឋ​រស់​ក្នុង​សភាព​ធម្មតា​ឡើង​វិញ ក្រុម​សម្ដែង​ប្រមូល​ផ្ដុំ​ដោយ​សិល្បករ​ចាស់​របស់​លោក ក៏​បាន​រៀបកាល​វិភាគ​ថ្មី​សម្រាប់​ការ​សម្ដែង​ដែរ។ កាល​វិភាគ​ថ្មី​នេះ ក្រុម​សម្ដែង​ខាង​លើ នឹង​ដំណើរ​ការ​សម្ដែង​នៅ​ថ្ងៃ​ទី ៤-៥ ធ្នូ ២០២១​នេះ ដែល​ក្នុង​១ថ្ងៃ​មាន​ការ​សម្ដែង ២វេន។

អាស្រ័យ​ហេតុ​នេះ សិល្បករ​ល្ខោន​រូប​នេះ បាន​ស្នើ​ឲ្យ​ទស្សនិកជន​ដែល​បាន​ទិញ​សំបុត្រ​ហើយ​កាល​ពី​ពេល​មុន ទៅ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​សំបុត្រ​សម្រាប់​ការ​សម្ដែង​ថ្មី​នេះ​វិញ។

ក្រោយ​ពី​ដំណើរ​ប្រទេស​ប្រក្រតី​ឡើងវិញ​បាន​មួយ​រយៈ​ខ្លី នៅ​ម្សិលមិញ​នេះ រាជរដ្ឋាភិបាលតាម​រយៈ រដ្ឋបាលរាជធានីភ្នំពេញ បាន​ចេញ​សេចក្ដីសម្រេច ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ០៧ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេស​ប្រភេទ​បំប្លែង​ថ្មី "អូមីក្រុង" ដែល​បាន និង​កំពុង​ធ្វើ​ឲ្យ​ពិភព​លោក​ព្រួយ​បារម្ភ​ជា​ថ្មី។

ចំពោះ​បញ្ហា​នេះ សិល្បករ​ជើង​ចាស់​ដដែល​បាន​បញ្ជាក់​ថា ក្រុម​ការងារ​របស់​លោក​បាន​ធ្វើ​ការ​បញ្ជាក់​ជាមួយ​សាលារាជធានី​រួច​ហើយ​អំពី​ផែន​ការ​ដំណើរ​សម្ដែង​ខាង​លើ។ ជា​លទ្ធផល​សាលា​រាជធានី បាន​អនុញ្ញាតិ​ឲ្យ​សម្ដែង ដោយ​គ្រាន់​តែ​ធ្វើ​យ៉ាង​ណា គ្រប់​គ្រង​ការ​ចូល​ទស្សនា ដោយ​ត្រូវ​រក្សា​គម្លាត និង​កុំ​ឲ្យ​មាន​មនុស្ស​ច្រើន​ពេក បូក​រួម​ទាំង​អនុវត្ត ៣កុំ ៣ការពារ​ផង៕

សកម្មភាពហាត់សម​របស់​ក្រុម​ល្ខោនវ័យចាស់(រូបភាព៖ ផ្ដល់ឲ្យ)

អត្ថបទ៖ ទារិកា

មតិយោបល់