- 2022-06-08 03:54:02
- ព័ត៌មាន
តាមដានឲ្យដឹង ថាតើកម្ពុជា មានការបន្ធូរបន្ថយអ្វីខ្លះ ដើម្បីជំរុញការប្រើប្រាស់រថយន្តអគ្គីសនីក្នុងស្រុក!
- 2022-06-08 03:54:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមដានឲ្យដឹង ថាតើកម្ពុជា មានការបន្ធូរបន្ថយអ្វីខ្លះ ដើម្បីជំរុញការប្រើប្រាស់រថយន្តអគ្គីសនីក្នុងស្រុក!
ចន្លោះមិនឃើញ
រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងដាក់ចេញនូវគោលនយោបាយការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់យានយន្តអគ្គីសនីជំនួសយានយន្តប្រើដោយចំហេះពីខាងក្នុងដែលបំភាយកាបូនខ្ពស់ចូលទៅក្នុងបរិកាស។
កម្ពុជាមានផែនការជំរុញឲ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់យានយន្តអគ្គីសនីឱ្យបានប្រមាណ៤០% ព្រមទាំងម៉ូតូប្រើប្រាស់ថាមពលអគ្គីសនី ៧០% នៅឆ្នាំ២០៥០ ដើម្បីរុញឲ្យការបំភាយឧស្ម័នកាបូនធ្លាក់ដល់សូន្យ សង្គ្រោះស្រទាប់បរិយាកាស។ កិច្ចការនេះ ក្រសួងបាន និងកំពុងធ្វើការជាមួយដៃគូជាច្រើន មានទាំង អូស្ត្រាលី អង់គ្លេស។
ជាមួយគ្នាក្រសួងក៏បានសហការជាមួយ Energy Lab និងGIZដើម្បីផ្សព្វផ្សាយបន្ថែម និងបានរៀបចំការតាំងពិព័រណ៌យានយន្តអគ្គិសនីនៅទីស្ដីការក្រសួងដែលមានក្រុមហ៊ុនចំនួន១២ ព្រមទាំងបានចូលរួមដើម្បីផ្សព្វផ្សាយ ជូនដល់បងប្អូនប្រជាពលរដ្ឋថែមទៀត។ជាមួយគ្នានេះផងដែរ ក្រសួងក៏បានសហការជាមួយក្រុមហ៊ុនចែកចាយប្រេងដូចជា៖ ក្រុមហ៊ុនកាល់តិច ក្រុមហ៊ុនតូតាល់ ក្រុមហ៊ុនPTT ក្រុមហ៊ុនសូគីមិច និងក្រុមហ៊ុនតេលា ដើម្បីឱ្យផ្នែកឯកជនអាចដំឡើង ស្ថានីយបញ្ចូលថាមពលអគ្គិសនី នៅតាមស្ថានីយ៍ប្រេងឥន្ធនៈរបស់ខ្លួន។
ក្រៅពីសកម្មភាពទាំងនេះ តើរាជរដ្ឋាភិបាលមានគោលនយោបាយលើកទឹកចិត្តយ៉ាងណាចំពោះការជំរុញការប្រើប្រាស់រថយន្តអគ្គីសនីនៅកម្ពុជាមានប្រសិទ្ធភាព?ឯកឧត្តម ឈួន វន់ អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន ព្រមជាអគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានប្រាប់ Sabay តាមទូរស័ព្ទថា រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញយន្តការលើកទឹកចិត្តតាមរយៈការបន្ធូរបន្ថយមួយចំនួនរួចហើយ។
អំពីគោលនយោបាយលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនីនេះ នៅតាមប្រទេសនីមួយៗមានសភាពខុសៗគ្នា ប្រទេសខ្លះមានការលើកលែងពន្ធនាំចូល០% ប្រទេសខ្លះ១០% ប្រទេសខ្លះ៣០%។ ដោយឡែកសម្រាប់កម្ពុជា ឯកឧត្តម ឈួន វន់ បញ្ជាក់ថា ក្នុងជំហានដំបូងនេះ រាជរដ្ឋាភិបាល បានសម្រេចបន្ថយអាករពិសេសចំពោះពន្ធនាំចូលយានយន្តអគ្គិសនីពី៣០%មក១០%ផងដែរ។
ឯកឧត្តម ថ្លែងថា “សម្រាប់រថយន្តមានពន្ធនាំចូលពិសេសចំនួន៣ ហើយ១ក្នុងចំណោមនោះ គឺពន្ធអាករពិសេស យើងបានបន្ធូរបន្ថយពី ៣០% មក ១០% ដែរ...ហើយបើបូកជាមួយពន្ធផ្សេងៗ ធ្វើឲ្យពន្ធនាំចូលរថយន្តប្រភេទ EV(Electronic Vehicle) នេះមានប្រមាណតែ ៥០-៦០%ទេ ធៀបនឹងរថយន្តធម្មតាមានដល់ ១០០%-១២០%”។
ក្រៅពីគោលនយោបាយលើកទឹកចិត្តតាមរយៈការបន្ធូរបន្ថយពន្ធអាករពិសេសនាំចូលយានយន្តអគ្គីសនី ឯកឧត្តម ឈួន វន់ ប្រាប់ទៀត ក្រសួងក៏បានសហការជាមួយអង្គការUNDP និងវិស័យឯកជនក្នុងការដាក់ឱ្យដំណើរការទីតាំងសាកយានយន្តអគ្គិសនី មួយចំនួនក្នុងនោះរួមមាន៖ ០៤ទីតាំងត្រូវបានគាំទ្រដោយអង្គការUNDP និង០១ ត្រូវបានគាំទ្រដោយ សភាពាណិជ្ជកម្មចិននៅកម្ពុជា ក្នុងន័យសម្រួលដល់ការប្រើប្រាស់អគ្គីសនីក្នុងប្រទេសកម្ពុជាកាន់តែមានភាពងាយស្រួល។
ឯកឧត្តមបញ្ជាក់ថា ដោយសារអ្វីៗក្នុងដំណាក់កាលដំបូង និងកំពុងសិក្សា កម្ពុជាមិនទាន់មានផែនការច្បាស់លាស់នៅឡើយអំពីចំនួនស្ថានីយសាកថ្មថាគួរមានចំនួនប៉ុន្មាន។ ប៉ុន្តែជាគោលការណ៍ នឹងជំរុញឲ្យមានកាន់តែច្រើនថែមទៀត។ ជាមួយគ្នា ក្រសួងក៏កំពុងធ្វើការជាមួយ UNDP ពីផែនទីបង្ហាញផ្លូវRoadmapចង្អុលបង្ហាញទីតាំងជាក់លាក់សម្រាប់ការបំពាក់ស្ថានីយ៍សាក យានយន្តអគ្គីសនីក្នុងរយៈពេលខ្លី មធ្យម និងវែង ស្របទៅតាមតម្រូវការជាក់ស្តែងផងដែរ។
តាមរបាយការណ៍ក្រសួងសាធារណការ កម្ពុជា ទទួលកំណើនយានយន្តអគ្គីសនីចុះបញ្ជីនៅក្រសួងកើនឡើង ៦០០% សម្រាប់៤ដើមឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១ និង ១៤៨គ្រឿង គិតត្រឹមពាក់កណ្ដាលខែឧសភា ក្នុងនោះរថយន្តអគ្គីសនីចុះបញ្ជីចំនួន ១១០គ្រឿង និងទោចក្រយានយន្ត ត្រីចក្រយានយន្តអគ្គិសនីបានចំនួន ៣៨គ្រឿង។ កំណើនយានយន្ត អគ្គិសនីក្នុង រយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២២នេះ មានចំនួន៨៤គ្រឿង ដោយប្រៀបធៀបនឹងរយៈពេល ដដែលក្នុង ២០២១ មានចំនួន៩គ្រឿង ដែលនេះបានបង្ហាញពីការកើនឡើងជាង៨០០%៕