/633aa33adabea_1664787240_medium.jpg)
- 2022-10-03 09:07:13
- ព័ត៌មាន
បើក “Run With SAI” រដូវកាលទី២ រកមូលនិធិជួយកុមារកម្ពុជា និងជំរុញឲ្យកើតមាន Hero ថ្មីៗទៀត!
- 2022-10-03 09:07:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើក “Run With SAI” រដូវកាលទី២ រកមូលនិធិជួយកុមារកម្ពុជា និងជំរុញឲ្យកើតមាន Hero ថ្មីៗទៀត!
ចន្លោះមិនឃើញ
លោក អ៊ួន បឋម ហៅ SAI ស្ថាបនិកគម្រោង "Run with SAI for Charity" បានប្រកាសបើកគម្រោងនេះដដែលទៀតសម្រាប់រដូវកាលទី២ ដែលត្រូវបានដាក់ឈ្មោះថា "Run with SAI ៤សែនជំហ៊ាន ក្នុងក្រៅពីរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ក៏លើកទឹកចិត្តសម្រាប់ជនគំរូរ(Hero)ដទៃទៀតដែរ។
“រត់ជាមួយ SAI ដើម្បីសប្បុរសធម៌" បានចាប់ផ្ដើមដំបូងនៅខែតុលា ២០២០ មានរយៈពេល ៩៩ថ្ងៃ ឆ្លងកាត់ខេត្តក្រុងចំនួន ២១ សរុបចម្ងាយដីជាង ២ពាន់គីឡូម៉ែត្រ។ SAI ប្រមូលមូលនិធិបានជាង ២ពាន់លានរៀលជួយ លើសពីផែនការ។ ត្បិតថារីករាយនឹងលទ្ធផលដែលបានទទួល ប៉ុន្តែ SAI បានឲ្យដឹងថា រាងកាយរបស់លោកស្ទើរខ្ទេចខ្ទី ពិសេសជើង ជង្គង់។
នៅក្នុងបទសម្ភាសន៍ជាមួយ Sabay យុវជនមកពីខេត្តរតនៈគីរី បង្ហើបឲ្យដឹងថា មូលហេតុមួយនេះ លោកមិនមានផែនការបន្តគម្រោងទៀតទេ ព្រោះតែយល់ថា រាងកាយរបស់លោកមិនអាចរ៉ាប់រងបានទៀត។
ប៉ុន្តែក្រោយពីព្យាបាលសភាពរាងកាយបានប្រសើរឡើងវិញ និងមើលឃើញពីភាពចាំបាច់របស់មន្ទីរពេទ្យដែលត្រូវការមូលនិធិដើម្បីបន្តរស់រានអាចជួយដល់កុមារកម្ពុជា ទើបលោកសម្រេចចិត្តធ្វើវាម្ដងទៀត ក្នុងនោះក្រៅពីរកមូលនិធិ លោកចង់ជំរុញបេះដូងយុវជនផ្សេងទៀតក្នុងការចូលរួមជួយសង្គម ជួយកុមារយើងទាំងអស់គ្នា ព្រោះថាលោកម្នាក់ឯងមិនអាចធ្វើបានច្រើនជាងនេះ និងយូរអង្វែងឡើយ។ លោកលើកឡើងថា អ្នកគ្រប់គ្នាអាចក្លាយជា "Hero” បាន។ "Me Can Be a Hero, You also can be a Hero”។
បេសកកម្មទាំងពីរលើក បានទទួលការសាទរជាទូទៅ បង្ហាញពីការលះបង់ដ៏ធំធេងរបស់យុវជនកម្ពុជារូបនេះ។ ក្នុងនាមជាដៃគូសហការម្នាក់ លោក ជី សិលា តំណាងក្រុមហ៊ុន Sabay និង Major Cineplex By Smart បានលើកឡើងថា លោកពិតមិនចង់ជឿថា SAI អាចធ្វើបាន ហើយថែមទាំងហ៊ាន ធ្វើកិច្ចការនេះម្ដងទៀត។
លោកលើកឡើងពិសោធន៍ផ្ទាល់ខ្លួនថា ក្នុងពេលកូនស្រីលោក នីកូ រត់ដើម្បីប្រមូលនិធិជួយសាលារៀន និងកិច្ចការសង្គមផ្សេងទៀត លោកបើករថយន្តតាមក្រោយរយៈពេល ៥ថ្ងៃ ក៏ទទួលថាហត់ដែរ។ "ទម្រាំតែកូននីកូ រត់បាន ១០០គីឡូ ហើយ SAI រត់ជាង ២ពាន់គីឡូ គឺវាត្រូវការភាពក្លាហាន និងការតាំងចិត្តមែនទែន!”។
លោកថា ជាអ្នកកីឡាម្នាក់ដែរ លោកមិនទាន់មានភាពក្លាហានក្នុងការធ្វើកិច្ចការដ៏លំបាកនេះឡើយ។ ដូច្នេះជាមួយការប្រកាសបើកគម្រោងរត់ដើម្បីជួយមន្ទីរពេទ្យកុមារអង្គរ លោកសូមជូនពរ ឲ្យ SAI ធ្វើកិច្ចការនេះបានជោគជ័យ និងសុវត្ថិភាព។ ជាមួយគ្នា ក៏សង្ឃឹមថា សប្បុរសជននានាចូលរួមបរិច្ចាគឲ្យបានច្រើនៗ ដើម្បីសង្គម និងកុមារកម្ពុជា។
ក៏ដូចគ្នាដែរ ឯកឧត្តម សុខ សប្បាយណា តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) សូមកោតសរសើរពីបេះដូង និងការលះបង់របស់ SAI និងក្រុមការងារ។ ឯកឧត្តម បានបន្តថាជាការគាំទ្រ ស.ស.យ.ក នឹងសម្របសម្រួលចំពោះអាជ្ញាធរមូលដ្ឋានដែល ក្រុមការងារគម្រោង "Run with SAI ៤សែនជំហ៊ាន" ត្រូវឆ្លងកាត់ ដើម្បីធានាថា បេសកកម្មរបស់ពួកគេ ដំណើរទៅរលូន។
ឯកឧត្តមបានបញ្ជាក់ទៀតថា នេះការលះបង់ធំធេងណាស់ ក្នុងមិនត្រឹមតែ SAI ប៉ុណ្ណោះទេ ថែមទាំងក្រុមការងារថែមទៀតមានឈ្មោះថា "SAI Force” ដែលអ្នកខ្លះ សុខចិត្តសុំច្បាប់កន្លែងធ្វើការ និងហ៊ានលាលែងថែមទៀត ប្រសិនបើថ្នាក់លើមិនអនុញ្ញាត ដើម្បីបានចូលគម្រោងដ៏អស្ចារ្យនេះ។ ដូច្នេះហើយ ឯកឧត្តមសូមកោតសរសើរ និងជូនពរក្រុមការងារ ធ្វើបេសកកម្មបានជោគជ័យ។
"Run with SAI ៤សែនជំហាន" នឹងចាប់ផ្ដើមផ្លូវការនៅថ្ងៃទី ២២ តុលានេះ ដោយចេញពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តសៀមរាប ហើយគម្រោងនេះ នឹងប្រព្រឹត្តទៅត្រឹមតែ ៩ ថ្ងៃប៉ុណ្ណោះ ខណៈគម្រោងកាលពីឆ្នាំ ២០២២ ដល់ទៅ ៩៩ថ្ងៃ។ SAI ប្រាប់ថា ការធ្វើដោយកាត់បន្ថយចំនួនថ្ងៃបែបនេះ ដើម្បីសម្រួលដល់សារពាង្គចៀសពីហានិភ័យ និងធានាដល់ការចូលរួមពីសាធារណជន។
លោកលើកទឹកចិត្ត ឲ្យសាធារណជន ចូលរួមឲ្យបានច្រើន ត្បិតថា លើកនេះ ការរត់មានរយៈពេលខ្លី ឯផ្លូវទៀតសោត ក៏រាបស្មើដែរ ខុសពីគម្រោងទី១ ត្រូវរត់កាត់ភ្នំ ដង អូរ ជាច្រើន។
មូលនិធិពីបេសកកម្មនឹងបរិច្ចាគទៅមន្ទីរពេទ្យកុមារអង្គរទាំងអស់។ ថ្លែងនៅក្នុងថ្ងៃបើកសម្ពោធ អ្នកគ្រូពេទ្យ ស៊ិន កេតអរុណ ប្រធានការិយាល័យរៃអង្គាសមូលនិធិនៃមន្ទីរពេទ្យកុមារអង្គរ បានឲ្យដឹងថា គិតមកដល់ពេលនេះ មានរយៈពេលជាង ២៣ឆ្នាំហើយ ដែលមន្ទីរពេទ្យកុមារអង្គរបានបើកដំណើរការ និងបានជួយព្យាបាលជំងឺកុមារកម្ពុជាដោយឥតគិតថ្លៃ បានជាង ២លាន ៥សែនករណី។
មកដល់បច្ចុប្បន្នមន្ទីរពេទ្យនៅតែបន្តបេសកកម្មនេះដដែល ដែលទាមទារឲ្យមានការគាំទ្រតាមរយៈមូលនិធិនានា។ ដូច្នេះហើយ មន្ទីរពេទ្យសូមថ្លែងអំណរគុណចំពោះ SAI ចំពោះការលះបង់មួយនេះ នឹងសង្ឃឹមថា សប្បុរសជននានាចូលរួមបរិច្ចាគ។ អ្នកគ្រូពេទ្យបញ្ជាក់ថា លើកទឹកចិត្តឲ្យមានការបរិច្ចាគជាប្រចាំខែ ទោះតិចក្ដីច្រើនក្ដី ដើម្បីធានានិរន្តរភាពនៃដំណើររបស់មន្ទីរពេទ្យដើម្បីជោគវាសនារបស់កុមារៗកម្ពុជា។
សម្រាប់ប្រិយមិត្តដែលត្រូវការអាវរបស់គម្រោង "Run with SAI ៤សែនជំហាន" អាចធ្វើការទំនាក់ទំនងតាមតំណរនេះ ដែលនេះក៏ជាការរួមចំណែកក្នុងការផ្ដល់មូលនិធិទ្រទ្រង់ដំណើរការមន្ទីរពេទ្យកុមារអង្គរដែរ៕