• 2022-12-08 07:55:38
  • ព័ត៌មាន

កាន់តែ​ល្អ​ហើយ ក្រុម​ហ៊ុន​ធុរកិច្ច​ក្នុង​ស្រុក៥ ឈ្នះ​រង្វាន់​ឌីជីថល​កម្ពុជា ២០២២នេះ

  • 2022-12-08 07:55:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនជយលាភីចំនួន៥ ត្រូវបានជ្រើសរើសក្នុងចំណោមអ្នកដាក់ពាក្យ ជាង១៧២ ស្ថាប័ន ដោយគណៈវិនិច្ឆ័យមកពីស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន សង្គមស៊ីវិល និងគ្រឹះស្ថានសិក្សា ធ្វើ​ជា​ម្ចាស់​ជយលាភី​ពានរង្វាន់ ឌីជីថល​កម្ពុជា២០២២។

ការ​ជ្រើសរើស​ជយលាភី ក្នុង​កម្មវិធី​ខាង​លើ គឺ​ផ្អែកលើលក្ខណៈវិនិច្ឆ័យ ៤ ចំណុច នោះគឺការច្នៃប្រឌិតបច្ចេកវិទ្យា ការដោះស្រាយបញ្ហា ប្រសិទ្ធភាពនៃប្រតិបត្តិការ និងយុទ្ធសាស្ត្រទីផ្សារ។ ជាលទ្ធផល ក្រុមហ៊ុន​ធុរកិច្ច​ក្នុង​ស្រុក៥ ដែល​ឈ្នះ​នោះ រួមមាន៖

(១).ពានរង្វាន់មាតិកាឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Content of the year) ត្រូវបានផ្តល់ជូន “ EdTech Video ” របស់ E-School Cambodia ទទួល​បាន​ថវិកា​រង្វាន់​ចំនួន ពីពាន់ដុល្លារអាមេរិក។​ (២). ពានរង្វាន់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital R&D of the year) ត្រូវបានផ្តល់ជូន “ The Khmer Identification Card (ID) OCT API ” របស់មជ្ឈមណ្ឌលធុរកិច្ចថ្មី “ តេជោ ” (Techo Startup Center)​ ទទួល​បាន​ថវិកា​រង្វាន់​ចំនួន ពីពាន់ដុល្លារអាមេរិក។

(៣).ពានរង្វាន់ស្ថាប័ននវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Innovation Organization of the year) ត្រូវបានផ្តល់ជូន ក្រុមហ៊ុន EZECOM ទទួល​បាន​ថវិកា​រង្វាន់​ចំនួន ពីពាន់ដុល្លារអាមេរិក។ (៤). ពានរង្វាន់បច្ចេកវិទ្យានវានុវត្តន៍សង្គមល្អបំផុតប្រចាំឆ្នាំ (Best Social Innovation Technology of the year) ត្រូវបានផ្តល់ជូន “ CarnetDia App ” របស់ស្ថាប័ន CarnetDia ទទួល​បាន​ថវិកា​រង្វាន់​ចំនួន ពីពាន់ដុល្លារអាមេរិក។ និង

(៥).ពានរង្វាន់ពិសេសមួយត្រូវបានរៀបចំឡើង ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បី លើកកម្ពស់ការប្រកួតប្រជែង នៃការចាប់ផ្តើម អាជីវកម្មឌីជីថលថ្នាក់ជាតិ តាមរយៈការលើកកម្ពស់ផលិតភាព ប្រសិទ្ធភាព និងសមត្ថភាពក្នុងការច្នៃប្រឌិត ក៏ដូចជាគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាក្នុងស្រុក គឺពានរង្វាន់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍សម្រាប់ធុរកិច្ចថ្មី(Minister of Post and Telecommunication Startup Award) ត្រូវបានផ្តល់ជូន " CheckinMe App " របស់ក្រុមហ៊ុន CheckinMe ដែល​ទទួល​បាន​ថវិកា​រង្វាន់​ចំនួន ១ម៉ឺនដុល្លារអាមេរិក។

នៅក្នុងការថ្លែងសុន្ទរកថា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា “ពានរង្វាន់ឌីជីថលកម្ពុជាគឺជាគំរូនៃភាពជោគជ័យ របស់សហគ្រិនបច្ចេកវិទ្យា នវានុវត្តន៍ជន និងធុរកិច្ចថ្មីឌីជីថលរបស់យើង សំដៅបំផុសគំនិតច្នៃប្រឌិត និងនវានុវត្តន៍ដើម្បីចូលរួមចំណែក ដល់ការអភិវឌ្ឍន៍ សេដ្ឋកិច្ចឌីជីថល និងសង្គមសម្រាប់ប្រទេសយើង។"

បណ្ឌិត សេង សុភាព ប្រធាន បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានគូសបញ្ជាក់ថា “សម្រាប់រយៈពេល ៨ ឆ្នាំចុងក្រោយនេះ កម្មវិធីនេះបានរីកចម្រើនពីការប្រកួតតូចតាចប្រែក្លាយទៅជាពានរង្វាន់ថ្នាក់ជាតិ​ ដ៏មានកិត្យានុភាព ដែលក្រុមហ៊ុន ធុរកិច្ចថ្មីឌីជីថល សាកលវិទ្យាល័យ និងអង្គការក្រៅរដ្ឋាភិបាល​ បានដាក់សំណើរប្រកួតរបស់ពួកគេដើម្បីមានឪកាសឈ្នះក្លាយជាម្ចាស់ជយលាភី និងការទទួលស្គាល់ជាគំរូរសម្រាប់ភាពជោគជ័យទាក់ទងនឹងភាពច្នៃប្រឌិត។”

លោកបានបន្តទៀតថា តាមរយៈពានរង្វាន់នេះ យើងបាននាំក្រុមហ៊ុនបច្ចេកវិទ្យា និងអ្នកចាប់ផ្តើមធុរកិច្ចថ្មីឌីជីថល របស់យើងទៅកាន់កម្រិតបន្ទាប់ ដោយក្លាយជាតំណាងឱ្យប្រទេសកម្ពុជាក្នុងឆាកក្នុងតំបន់ និងអន្តរជាតិ សម្រាប់បង្ហាញពីភាពជោគជ័យ របស់យើងក្នុងការផ្លាស់ប្តូរបច្ចេកវិទ្យាឌីជីថល និងដាក់ប្រទេសកម្ពុជា​ នៅលើផែនទីនៃប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ក្នុងតំបន់។

កម្មវិធីប្រកួតប្រជែងនេះ ត្រូវបានរៀបចំឡើង ក្រោមការគាំទ្រ ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងការសហការឧបត្ថម្ភ ដោយក្រុមហ៊ុន Smart Axiata និង Huawei Technologies (Cambodia) ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ ដៃគូ បេក្ខជនចូលរួម និងគណៈកម្មការរៀបចំ។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទី (CEO) នៃក្រុមហ៊ុន Smart Axiata បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះភាពជោគជ័យនៃព្រឹត្តិការណ៍នេះ និងបានអបអរសាទរសម្រាប់​​ ជ័យលាភីទាំងអស់ចំពោះសមិទ្ធផលរបស់ពួកគេ។ ហើយ​ថា Smart Axiata មានមោទកភាពជាខ្លាំង ដែលបានធ្វើការជាមួយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដើម្បីរៀបចំកម្មវិធីពានរង្វាន់ ICT ថ្នាក់ជាតិដ៏ធំបំផុត ​ប្រកបដោយជោគជ័យ ដែលជាចូលររួមអបអរ ក្នុងការទទួលស្គាល់នូវគំនិតច្នៃប្រឌិត និងដំណោះស្រាយដ៏ល្អបំផុតមួយ ពីសំណាក់ស្ថាប័នជ៍យលាភី នៅក្នុង ព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ ទារិកា

មតិយោបល់