• 2024-03-20 14:27:40
  • ព័ត៌មាន

ប្រធានាធិបតី​វៀតណាមលាលែង​ពី​តំណែង ក្រោយ​កាន់​បាន​តែ​មួយ​ឆ្នាំ

  • 2024-03-20 14:27:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​វៀតណាម លោក វ៉ូ វ៉ាន់ធួង (Vo Van Thuong) បាន​លាលែង​ពី​តំណែង​ ក្រោយ​កាន់តំណែង​បាន​តែ​មួយ​ឆ្នាំ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​វៀតណាម​ជា​ភាសាអង់គ្លេស VN Express។

លោក វ៉ូ ត្រូវ​បាន​តែងតាំង​ជា​ប្រធានាធិបតី​កាល​ពី​ខែ​មីនា ឆ្នាំ២០២៣ ក្រោយ​ពេល​ដែល​លោក​ ង្វៀន សួនហ្វ៊ុក បានចុះ​ចេញ​ពី​តំណែង​កាល​ពី​ខែ​មករា ឆ្នាំមុន។

យោង​តាម​ប្រភព​ខាង​លើ លោក វ៉ូ បាន​ចេញ​ពី​តំណែង​ដោយសារ​តែ​បញ្ហា​ផ្ទាល់​ខ្លួន។ នេះ​បើ​តាមសេចក្ដីប្រកាស​របស់គណបក្ស​កុម្មុយនិស្ត​វៀតណាម​នៅ​ក្នុង​ថ្ងៃ​ពុធ​នេះ។

បើ​យោង​តាម​របាយការណ៍​គណៈកម្មការ​អធិការកិច្ច​មជ្ឈិម​នៃ​បក្ស​កុម្មុយនិស្ត​វៀតណាម លោក វ៉ូ វ៉ាន់ធួង បានល្មើស​នឹង​បទ​វិន័យ​របស់​គណបក្ស​មួយ​ចំនួន ដែល​បង្ក​ឱ្យ​ «ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​​សាធារណមតិ​វៀតណាម»។ ដោយ​ដឹង​ពី​កំហុស​របស់​ខ្លួន លោក វ៉ូ បាន​សម្រេច​ចិត្ត​លាលែង​ពី​តំណែង។

មក​ទល់​ពេល​នេះ មិន​ទាន់​មាន​បក្ខជន​វៀតណាម​ណា​មួយ​មក​ជំនួស​តំណែង​ប្រធាន​រដ្ឋ​នេះ​ទេ។

សូម​ជម្រាប​ផង​ដែរ​ថា តំណែង​ប្រធានាធិបតី​ជា​តំណែង​កិត្តិយស​មួយ​នៅ​ក្នុង​ប្រទេស​វៀតណាម។ ក្នុងប្រព័ន្ធដឹកនាំរដ្ឋវៀតណាម មាន​តំណែង ៤ធំ​​ជាង​គេ​រួម​មាន អគ្គលេខាធិការ​គណបក្ស​កុម្មុយនិស្ត ប្រធានាធិបតី នាយករដ្ឋមន្ត្រី និង​ប្រធាន​រដ្ឋសភា៕

ប្រភព៖ vnexpress អត្ថបទ៖ សេរី មង្គល

មតិយោបល់