• 2024-10-28 06:26:04
  • ព័ត៌មាន

មក​ស្គាល់​ពី​រថភ្លើង​មាន​ល្បឿន​លឿន​បំផុត​ក្នុង​សម័យ​ទំនើប​

  • 2024-10-28 06:26:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថភ្លើង​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​មួយ​យ៉ាង​សំខាន់​បំផុត​សម្រាប់​ប្រទេស​ឬ​ទីក្រុង​ដែល​មាន​មនុស្ស​ច្រើន​ ឬ​ក៏​ប្រទេស​ឬ​ទីក្រុង​ដែល​មាន​ទំហំ​ដី​ធំ​ សម្រាប់​ឲ្យ​ប្រជាជន​ប្រើប្រាស់​ដើម្បី​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ​ ក៏​ដូច​ជា​ទំនិញ​អាច​ត្រូវ​បាន​ដឹក​ដើម្បី​ទៅ​ដល់​គោលដៅ​កំណត់​ណា​មួយ​ច្បាស់​ ដូច្នេះ​ល្បឿន​រថភ្លើង​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ពេល​បច្ចុប្បន្ន​នេះ​។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ CNN រថភ្លើង​សាធារណៈ​ដែល​មាន​ល្បឿន​លឿន​ជាង​គេ​នៅ​ក្នុង​ពេល​នេះ​គឺ​មាន​ឈ្មោះ​ថា​ Shanghai Maglev ដែល​កំពុង​ដំណើរ​ការ​នៅ​ប្រទេស​ចិន​ដោយ​រថភ្លើង​នេះ​មាន​ល្បឿន​អាច​រត់​បាន​រហូត​ទៅ​ដល់​ ៤៦០គីឡូម៉ែត្រ​/ម៉ោង​។

រថភ្លើង​នេះ​គឺ​ប្រើប្រាស់​បច្ចេកវិទ្យា​អាល្លឺម៉ង់​​ ដែល​ទាមទារ​ឲ្យ​មាន​ផ្លូវ​ដែក​ល្អ​អាច​ជំនួយ​ល្បឿន​ដល់​រថភ្លើង​ ហើយ​មាន​សំឡេង​រំខាន​ដល់​ទីក្រុង​តិច​។ រថភ្លើង​នេះ​បាន​ដាក់​ដំណើរ​ពី​ផ្លូវ​ Lonyang ទៅ​កាន់​ អាកាសយានដ្ឋាន​ Pudong ដែល​មាន​ចម្ងាយ​ប្រមាណ​ ៣០គីឡូម៉េត្រ​ ដោយ​ត្រូវ​ពេល​ ៧នាទី​កន្លះ​ប៉ុណ្ណោះ​ដើម្បី​ធ្វើ​ដំណើរ​។

បើ​តាម​ប្រភព​ដដែល​នេះ​ ​ប្រទេស​ចិន​ក៏​បាន​ធ្វើ​ការ​ផលិត​រថភ្លើង​​ដែល​មាន​ល្បឿន​រហូត​ទៅ​ដល់​ ៦០០គីឡូម៉ែត្រ​/ម៉ោង មុន​គេ​រួចរាល់​ហើយ​កាល​ពី​ឆ្នាំ​២០២១​ ប៉ុន្តែ​មិន​ដំណើរ​ការ​សម្រាប់​សាធារណៈ​ជន​នៅ​ឡើយ​ទេ​ ព្រោះ​​តែ​ការ​អភិវឌ្ឍ​ និង​សាងសង់​ផ្លូវដែក​ត្រូវ​បាន​ការ​ពេល​វេលា​ និង​ចំណាយ​ច្រើន​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ចំពោះ​ប្រទេស​អភិវឌ្ឍ​​ដូច​ជា​ ប្រទេស​ចិន​ ប្រទេស​ជប៉ុន​ ប្រទេស​នៅ​អឺរ៉ុប​ កាណាដា​ និង​អាមេរិក​ជា​ច្រើន​សុទ្ធ​តែ​បាន​ធ្វើ​ការ​ត្រៀម​ខ្លួន​អភិវឌ្ឍ​សមត្ថភាព​រថភ្លើង​របស់​ខ្លួន​ឲ្យ​មាន​ល្បឿន​កាន់​លឿន​ដើម្បី​តភ្ជាប់​គោលដៅ​ទីក្រុង​ធំៗ​ខ្លួន​ ជាក់​ស្ដែង​នៅ​ប្រទេស​ចិន​បច្ចុប្បន្ន​នេះ​រថភ្លើងសារធារណៈ​ដាក់​ដំណើរ​​នៅ​ក្នុង​ប្រទេស​ជា​មធ្យម​មាន​ល្បឿន​ ៣៥០គីឡូម៉ែត្រ​/ម៉ោង​ ខណៈ​យន្ត​ហោះ​មាន​ល្បឿន​ ៨០០-៩០០គីឡូម៉ែត្រ​/ម៉ោង​៕

ប្រែសម្រួល ៖ ទេព សុវណ្ណមោលី

មតិយោបល់