- 2024-11-12 08:35:18
- ព័ត៌មាន
ណែនាំឲ្យជ្រួតជ្រាបសម្រស់ទឹកធ្លាក់ ឆាយកី ដែលអ្នកទេសចរតិចតួចណាស់ បានដឹង និងស្គាល់!
- 2024-11-12 08:35:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណែនាំឲ្យជ្រួតជ្រាបសម្រស់ទឹកធ្លាក់ ឆាយកី ដែលអ្នកទេសចរតិចតួចណាស់ បានដឹង និងស្គាល់!
ចន្លោះមិនឃើញ
«ឆាយកី» ជារមណីយដ្ឋានធម្មជាតិមួយដែលមានភ្ញៀវទេសចរណ៍តិចតួចណាស់បានស្គាល់ពីទីកន្លែងនេះ។ មិនថាភ្ញៀវជាតិ ឬ ភ្ញៀវអន្តរជាតិនោះទេក៏មិនសូវស្គាល់ពីទីកន្លែងធម្មជាតិមួយនេះឡើយ។
នៅតាមផ្លូវយើងអាចទស្សនាបាននូវព្រៃឈើដ៏ខៀវស្រងាត់ នារដូវវស្សា និង អាចទស្សនាចំការដំណាំ ហូប ផ្លែ វាលស្រែចំការ នៅតាមដងផ្លូវ ពេលទៅដល់ទីនោះយើងនឹងឃើញទឹកធ្លាក់ដ៏ស្រស់ស្អាតកំពុងលាក់ខ្លួននៅក្នុងជ្រលងភ្នំនៃ ជួរភ្នំក្រវាញខាងត្បូង ទឹកត្រជាក់ដូចទឹកកក ព្រមទាំងមានដើមឈើជុំវិញដ៏ខៀវស្រងាត់ សំលេងសត្វបក្សាបក្សីយំឮអឺងកងពេញព្រៃ ខ្យល់អាកាសត្រជាក់ជាប់ចិត្តដិតអារម្មណ៍។ អ្នកដែលបានទៅដល់ទីនោះហើយគឺច្បាស់ជាមិនចង់ត្រលប់មកផ្ទះវិញឡើយ។
ទីតាំង «ឆាយកី» ស្ថិតនៅក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ យើងអាចធ្វើដំណើរពីភ្នំពេញ ឆ្ពោះទៅកាន់ស្រុកស្រែអំបិល ខេត្តកោះកុង ហួសស្ពានស្រែអំបិល បន្តិច ប្រហែលជាង៥០មែត្រ មានផ្លូវក្រាលគ្រួសក្រហម បត់ស្ដាំ ពីស្ពានស្រែអំបិលទៅកាន់ ឆាយកី មានចម្ងាយប្រមាណ ២១៤ គីឡូមែត្រពីរាជធានីភ្នំពេញ ចម្ងាយប្រមាណ ៧២គីឡូមែត្រ ពីស្ពានស្រែអំបិលខេត្តកោះកុង និងចម្ងាយប្រមាណ ជាង ២២គីឡូមែត្រ ពីសហគមន៍អេកូទេសចរណ៍ ឆាយរាប ។
គួរបញ្ជាក់ផងដែរថា ឆាយរាប មិនមែនជាឈ្មោះភូមិ ឃុំ ឬស្រុកឡើយ តែជាឈ្មោះ សម្ងាត់ ហៅតៗគ្នា ក្នុងកំឡុងពេលសង្គ្រាម នៃរបបប្រល័យពូជសាស្រ្ត ខ្មែរក្រហមមកម្ល៉េះ។ ស្ថានភាពផ្លូវធ្វើដំណើរ ៖ ភ្ញៀវទេសចរអាចធ្វើដំណើរដោយជិះម៉ូតូ កង់ គោយន្ដ ឬរថយន្ដបែប Off-road។
ប្រសិនបើ លោកអ្នកចង់ទៅកម្សាន្ដនៅទីនោះ លោកអ្នកអាចទំនាក់ទំនងជាមួយលោកពូ ស៊ីម ខ្មៅ ជាប្រធានសហគម៍ ឆាយរាប ដែលមានលេខទូរស័ព្ទ ០៨៦ ៦៨៨ ៩២៧ (តេលេក្រាម)
អត្ថបទ៖ ក្រសួងទេសចរណ៍