• 2016-09-23 14:55:51
  • ព័ត៌មាន

៧យ៉ាង​ត្រូវ​ធ្វើ​បើ​ចង់​ឲ្យ​អ្នក​ដទៃ​គោរព និង​ឲ្យ​តម្លៃ

  • 2016-09-23 14:55:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​គ្រប់​គ្នា​សម​នឹង​ទទួល​បាន​ការ​គោរព (Respect) ​ក្នុង​ជីវិត។ ជា​ការ​ពិត វា​ត្រូវ​ការ​ពេល​ដើម្បី​បង្ហាញ​ឲ្យ​អ្នក​ដទៃ​ស្គាល់​តម្លៃ​យើង ប៉ុន្តែ​ជាមួយ​ជំហាន​សាមញ្ញៗ​មួយ​ចំនួន អ្នក​ទទួល​បាន​ការ​ជឿជាក់​ពី​អ្នក​ដទៃ​​យ៉ាង​ឆាប់​រហ័ស។ ការ​គោរព​អាច​ធ្វើ​ឲ្យ​គ្រប់​យ៉ាង​ដំណើរ​ការ​បាន​ល្អ ហើយ​នៅ​ពេល​ដែល​អ្នក​បង្ហាញ​មនុស្ស​គ្រប់​គ្នា​ថា​ពួក​គេ​មាន​តម្លៃ​សម្រាប់​អ្នក អ្នក​នឹង​មាន​ឱកាស​ទទួល​បាន​ការ​ផ្ដល់​តម្លៃ​ពី​ពួក​គេ​វិញ​កាន់​តែ​ច្រើន។

 

បន្ទាប់​ពី​កសាង​កេរ្តិ៍​ឈ្មោះ​សម្រាប់​ខ្លួន​ឯង ហើយ​អ្នក​ដទៃ​ដឹង​ថា​អ្នក​ជា​មនុស្ស​ម៉ឺងម៉ាត់ ទ្វា​ជីវិត​របស់​អ្នក​នឹង​ចាប់​ផ្ដើម​បើក។ អ្នក​នឹង​មាន​ឱកាស​ ក៏​ដូច​ជា​ជម្រើស​កាន់​តែ​ច្រើន។ ប៉ុន្តែ​មុន​នឹង​រំភើប​នឹង​រឿង​ទាំង​នេះ​បាន យើង​ក្រឡេក​មក​មើល​វិធីសាស្ត្រ​៧​យ៉ាង​ដើម្បី​ទទួល​បាន​ការ​គោរព​ពី​អ្នក​ដទៃ និង​បង្កើត​​ទំនាក់ទំនង​កាន់​តែ​រឹង​មាំ​ទាំង​ជីវិត​ឯកជន និង​ជីវិត​ការងារ។

 

១. គោរព​ខ្លួន​ឯង

 

នេះ​គឺ​ជា​ចំណុច​ចាប់​ផ្ដើម ព្រោះ​ថា​មុន​នឹង​រំពឹង​ថា​អ្នក​ដទៃ​គោរព​អ្នក អ្នក​ត្រូវ​គោរព​ខ្លួន​ឯង​ជា​មុន​សិន។ មនុស្ស​ជា​ច្រើន​មិន​បាន​ស្រឡាញ់​និង​ជឿជាក់​លើ​ខ្លួន​ឯង​គ្រប់គ្រាន់​ឡើយ។ មើល​ពី​ខាង​ក្រៅ​ពួក​គេ​ហាក់​ដូច​ជា​មនុស្ស​មាន​ជំនឿ​ចិត្ត ប៉ុន្តែ​ខាង​ក្នុង​ពួក​គេ​មាន​អារម្មណ៍​មិន​ប្រាកដ​ប្រជា​និង​គ្មាន​លំនឹង។

 

មុន​ចង់​ឲ្យ​រឿង​ល្អ​ៗ​កើត​ឡើង​ក្នុង​ជីវិត​ អ្នក​ត្រូវ​​រីករាយ​នឹង​អ្វី​ដែល​ខ្លួន​មាន និង​ស្រឡាញ់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន។ និយាយ​នេះ​មិនមែន​សំដៅ​លើ​ចរិត​អាត្មានិយម​ហួសហេតុ​នោះ​ទេ ប៉ុន្តែ​គឺ​ការ​គោរព​ខ្លួន​ឯង​ឲ្យ​បាន​គ្រប់គ្រាន់។

 

២. មាន​ជំហរ​ខ្លួន​ឯង​ច្បាស់​លាស់

 

អ្នក​ប្រហែល​ជា​ធ្លាប់​គិត​ថា​ ដោយ​ការ​ផ្គាប់​ចិត្ត​មនុស្ស​គ្រប់​គ្នា​និង​យល់​ស្រប​រហូត អ្នក​នឹង​ទទួល​បាន​ការ​គោរព​ពី​ពួក​គេ​គ្រប់​គ្នា។ តែ​វា​មិន​ដូច្នោះ​ឡើយ។ មនុស្ស​ខុស​គ្នា​មាន​ការ​គិត​ខុស​គ្នា​រៀង​ៗ​ខ្លួន ដូច្នេះ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​ឃើញ​ថា​អ្នក​បាន​ប្រើ​ការ​គិត​របស់​អ្នក​ ជំនួស​ការ​ដែល​គ្រាន់​តែ​ស្ដាប់​ និង​យល់​ស្រប​តាម​គំនិត​របស់​គេ។ រឿង​ណា​មិន​សំខាន់​អ្នក​យល់​ស្រប​និង​បត់បែន​តាម​គំនិត​របស់​គេ​បាន​ក៏​ល្អ ប៉ុន្តែ​សម្រាប់​ការ​សម្រេច​ចិត្ត​រឿង​ធំ​ដុំ អ្នក​ត្រូវ​មាន​ជំហរ​ច្បាស់​លាស់​សម្រាប់​ខ្លួន​ឯង។ ​​​

 

៣. ស្មោះ​ត្រង់​នឹង​អ្នក​ដទៃ

 

ប្រសិន​បើ​អ្នក​ចង់​បង្កើត​និង​រក្សា​ទំនាក់ទំនង​ល្អ​ និង​ទទួល​បាន​ការ​គោរព អ្នក​ត្រូវ​ធ្វើ​ឲ្យ​គេ​ឃើញ​ថា​ពួក​គេ​អាច​ជឿជាក់​លើ​អ្នក​បាន ពិសេស​នៅ​ពេល​ដែល​ពួក​គេ​មិន​នៅ​ក្បែរ​អ្នក។ ភាព​ស្មោះត្រង់ ឬ​ភក្ដីភាព​មិន​អាច​កសាង​បាន​ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ​នោះ​ទេ។ អ្នក​ត្រូវ​ចំណាយ​ពេល​ដើម្បី​ឲ្យ​គេ​ជឿជាក់​លើ​អ្នក ហើយ​វា​រឹត​តែ​ប្រសើរ​ប្រសិន​បើ​អ្នក​បង្ហាញ​ឲ្យ​គេ​ឃើញ​វា​តាម​រយៈ​សកម្មភាព។

 

៤. និយាយ​ការ​ពិត

 

ពាក្យ​ពិត​ខ្លះ​អាច​ធ្វើ​ឲ្យ​ឈឺចាប់ តែ​ពាក្យ​កុហក​វា​រឹត​តែ​​ធ្វើ​ឲ្យ​ឈឺ​ចាប់​ជាង​នេះ​ទៅ​ទៀត។ វិធី​ល្អ​មួយ​ដើម្បី​ទទួល​បាន​ការ​គោរព​ពី​អ្នក​ដទៃ និង​គេង​លក់​ស្រួល​ពេញ​មួយ​យប់​នោះ​គឺ​ការ​និយាយ​ពាក្យពិត មិន​ថា​ជា​ទំនាក់ទំនង​ផ្ទាល់​ខ្លួន មុខ​ជំនួញ ឬ​ការងារ​ផ្សេង​ៗ។ យ៉ាង​ណា​មិញ​អ្នក​ក៏​ត្រូវ​ប្រុងប្រយ័ត្ន សម្រាប់​ពាក្យ​ពិត​ខ្លះ​ដែល​និយាយ​ទៅ​គ្មាន​ផល​ចំណេញ ប៉ុន្តែ​បាន​ត្រឹម​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​ឈឺចាប់។

 

៥. ជួយ​គេ​ឲ្យ​បាន​ច្រើន

 

តាម​រយៈ​ការ​ជួយ​យកអាសា​អ្នក​ដទៃ អ្នក​នឹង​ក្លាយ​ជា​បុគ្គល​លេចធ្លោ​ម្នាក់​ក្នុង​កែវភ្នែក​របស់​គេ។ មនុស្ស​គ្រប់​គ្នា​នឹង​អរគុណ​អ្នក និង​ចងចាំ​អ្នក​ថា​ជា​មនុស្ស​ម្នាក់​ដែល​បាន​ផ្លាស់​ប្ដូរ​ជីវិត​របស់​គេ។ ពួក​គេ​នឹង​តប​ស្នង​អ្នក​វិញ​តាម​រយៈ​ការ​គោរព​ដោយ​បញ្ចេញ​ជា​សកម្មភាព​ និង​ភក្ដីភាព​វិញ​សម្រាប់​អ្នក។

 

៦. គោរព​ពាក្យ​សន្យា​ខ្លួន​ឯង

 

កុំ​សន្យា​អ្វី​ដែល​អ្នក​ដឹង​ថា​ខ្លួន​ឯង​មិន​អាច​ធ្វើ​បាន។ ប្រសិន​បើ​ចង់​កសាង​ឈ្មោះ​ខ្លួន​ឯង​ជា​មនុស្ស​ហ្មត់ចត់​និង​ស្មោះ​ត្រង់ អ្នក​ត្រូវ​សន្យា​តែ​អ្វី​ដែល​អ្នក​ដឹង​ថា​អ្នក​នឹង​ធ្វើ​បាន ពុំ​ដូច្នេះ​ទេ​គួរ​កុំ​សន្យា​អ្វី​ទាំង​អស់ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​គេ​ខក​ចិត្ត​ជាមួយ​អ្នក​កាន់​តែ​ខ្លាំង និង​លែង​មាន​ជំនឿ​ចិត្ត​លើ​អ្នក​ទៀត។ អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​មនុស្ស​និយាយ​ "ម៉ាត់​ណា​ម៉ាត់​ហ្នឹង"។

 

៧. ទទួល​ស្គាល់​កំហុស​ខ្លួន​ឯង

 

គ្មាន​នរណា​ម្នាក់​ចូលចិត្ត​ទទួល​ស្គាល់​ថា​ខ្លួន​ជា​អ្នក​ខុស​ឡើយ ប៉ុន្តែ​ក៏​គ្មាន​នរណា​ម្នាក់​ដែល​ត្រូវ​គ្រប់​ពេល​ដូច​គ្នា។ អ្នក​នឹង​ក្លាយ​ជា​មនុស្ស​កាន់​តែ​រឹង​មាំ​និង​អង់អាច ប្រសិន​បើ​អ្នក​មាន​ភាព​ក្លាហាន​ក្នុង​ការ​ទទួល​ស្គាល់​កំហុស​ណា​មួយ​ដែល​អ្នក​ប្រព្រឹត្ត និង​មាន​ទំនួល​ខុសត្រូវ​ពេញលេញ​សម្រាប់​កំហុស​ទាំង​នោះ។ ​

សន្និដ្ឋាន

 

ការ​គោរព​​ (Respect) លំបាក​នឹង​ស្វែង​រក ប៉ុន្តែ​​ងាយ​នឹង​បាត់បង់​បំផុត។ តែ​នៅ​ពេល​អ្នក​កសាង​វា​បាន​រឹង​មាំ​ហើយ វា​នឹង​ផ្ដល់​ប្រយោជន៍​ឲ្យ​អ្នក​មួយ​ជីវិត។ អ្នក​មិន​ចាំបាច់​ទាមទារ​អ្វី​ពី​អ្នក​ដទៃ​ តែ​ពួក​គេ​នឹង​ផ្ដល់​ឲ្យ​អ្នក​ដោយ​ឯកឯង។ កម្មផល​ពិត​ជា​មាន ព្រោះ​ថា​បើ​អ្នក​ធ្វើ​ដាក់​គេ​យ៉ាង​ម៉េច គេ​នឹង​តប​ស្នង​អ្នក​យ៉ាង​នោះ​ដូច​គ្នា ៕​

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ motivationgrid

មតិយោបល់
អត្ថបទថ្មី