• 2025-03-12 04:33:56
  • ព័ត៌មាន

មានសុខរួមសុខ មានទុក្ខរួមទុក្ខ! ឃើញឡាន Tesla លក់អត់សូវដាច់ ត្រាំ យកមកតាំងអួត នៅសេតវិមាន

  • 2025-03-12 04:33:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញការគាំទ្រដល់លោក អេឡុន ម៉ាស់ នាយកប្រតិបត្តិក្រុមហ៊ុន Tesla នៅថ្ងៃអង្គារនេះ ដោយបានអង្គុយក្នុងរថយន្ត Tesla មួយគ្រឿងនៅខាងមុខសេតវិមាន និងបានប្រកាសថាលោកនឹងទិញរថយន្ត Tesla ថ្មីមួយគ្រឿង។ ព្រឹត្តិការណ៍នេះកើតឡើងបន្ទាប់ពីភាគហ៊ុនរបស់ Tesla បានធ្លាក់ចុះជាង ១៥ ភាគរយ កាលពីថ្ងៃច័ន្ទ កន្លងទៅ ដែលជាការធ្លាក់ចុះដ៏អាក្រក់បំផុតក្នុងរយៈពេលជាង ៤ ឆ្នាំ។

នៅទីធ្លាខាងត្បូងនៃសេតវិមាន លោក ត្រាំ និងលោក ម៉ាស់ បានឈរក្បែរថយន្ត Tesla ចំនួន ៥ គ្រឿង រួមទាំងរថយន្ត Cybertruck ដែលត្រូវបានដឹកមកតាំងបង្ហាញ។ លោក ត្រាំ បានអង្គុយក្នុងកៅអីអ្នកបើកបរនៃ Tesla Model S ពណ៌ក្រហម ហើយបានសរសើរថា វា «ស្រស់ស្អាត» និង «អ្វីៗគឺជាភាពទំនើប»។ លោកបានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំនឹងទិញ Tesla ថ្មីមួយគ្រឿងដើម្បីបង្ហាញទំនុកចិត្ត និងគាំទ្រ អេឡុន ម៉ាស់ ដែលជាជនជាតិអាមេរិកដ៏អស្ចារ្យម្នាក់។»

ភាគហ៊ុន Tesla បានធ្លាក់ចុះជាង ៥០ ភាគរយ ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២៤ បន្ទាប់ពីកើនឡើងខ្លាំងក្រោយជ័យជម្នះរបស់លោក ត្រាំ ក្នុងការបោះឆ្នោត។ ការធ្លាក់ចុះនេះត្រូវបានគេសន្មតថា បណ្តាលមកពីការលក់រថយន្តធ្លាក់ចុះនៅអឺរ៉ុប និងការប្រកួតប្រជែងពីក្រុមហ៊ុនចិន។ លើសពីនេះ ការតវ៉ាប្រឆាំងនឹងលោក ម៉ាស់ បានកើនឡើង ដោយសារតួនាទីរបស់លោក ក្នុងការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE)។ ហាងលក់រថយន្ត Tesla នៅសហរដ្ឋអាមេរិកបានរងការវាយប្រហារពីអ្នកតវ៉ា ហើយមានរបាយការណ៍ថា មានការបាញ់ប្រហារនៅខាងក្រៅហាងមួយចំនួន។

លោក ត្រាំ បានហៅការវាយប្រហារទាំងនេះថាជា «អំពើភេរវកម្មក្នុងស្រុក» និងបានសន្យាថា អ្នកប្រព្រឹត្តនឹង ទទួលទោសធ្ងន់។ លោកបានសរសេរនៅលើ Truth Social កាលពីយប់ថ្ងៃច័ន្ទថា៖ «ខ្ញុំនឹងទិញ Tesla ថ្មីមួយគ្រឿងនៅព្រឹកថ្ងៃស្អែក ដើម្បីបង្ហាញទំនុកចិត្ត និងគាំទ្រ អេឡុន ម៉ាស់ ដែលកំពុងត្រូវបានពួកឆ្វេងនិយមជ្រុល វាយប្រហារ»។

បន្ទាប់ពីព្រឹត្តិការណ៍នៅសេតវិមាន និងការប្រកាសរបស់លោក ត្រាំ ភាគហ៊ុន Tesla បានងើបឡើងវិញប្រមាណ ៤ ភាគរយ នៅថ្ងៃអង្គារ។ លោក ម៉ាស់ បានឆ្លើយតបតាមបណ្តាញ X ថា៖ «សូមអរគុណ លោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់ការគាំទ្រដ៏អស្ចារ្យនេះ!» លោកក៏បានប្រកាសថា Tesla នឹងបង្កើនការផលិតរថយន្តនៅសហរដ្ឋអាមេរិក ឱ្យបានទ្វេដងក្នុងរយៈពេល ២ ឆ្នាំខាងមុខ ដោយសារគោលនយោបាយរបស់រដ្ឋបាលលោក ត្រាំ។

ទោះបីជាមានការគាំទ្រពីលោក ត្រាំ អ្នកជំនាញខ្លះបានព្រមានថា ការចូលរួមនយោបាយរបស់លោក ម៉ាស់ អាចធ្វើឱ្យ Tesla បាត់បង់អតិថិជនមួយចំនួន។ អ្នកវិភាគហិរញ្ញវត្ថុមួយរូបបាននិយាយថា៖ «Tesla កំពុងក្លាយជានិមិត្តសញ្ញានយោបាយ ហើយនេះអាចជាគ្រោះថ្នាក់ដល់ម៉ាកយីហោ»។

យ៉ាងណាមិញ Tesla នៅតែជាក្រុមហ៊ុនផលិតរថយន្តដែលមានតម្លៃខ្ពស់បំផុតលើលោក ទោះបីជាតម្លៃទីផ្សាររបស់ខ្លួនបានធ្លាក់ចុះជាង ៧០០ ពាន់លានដុល្លារ ចាប់តាំងពី ខែមករា។ លោក ម៉ាស់ នៅតែជាបុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើលោក បើទោះបីជាទ្រព្យសម្បត្តិរបស់លោក បានថយចុះ ១៤៨ ពាន់លានដុល្លារ៕

ប្រភព៖ Forbes អត្ថបទ ៖ គីម ណារ៉ាក់

មតិយោបល់
អត្ថបទថ្មី